ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្ទះសម្បែងពលរដ្ឋ ១៣ខ្នងនៅខេត្តបាត់ដំបង បានខ្យល់បោកបក់បំផ្លាញ ខណៈដែលផ្ទះសម្បែងជាច្រើនខ្នងរបស់ពលរដ្ឋនៅខេត្តប៉ៃលិន បានលិចលង់កាលពីថ្ងៃម្សិលមិញនេះ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រសួងធនធានទឹក និងឧតុនិយម បានរៀបរាប់ថា ផ្ទះសម្បែងប្រជាពលរដ្ឋ ១៣ខ្នង នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង បានរងការខូចខាតធ្ងន់ធ្ងរ ក្រោយពីត្រូវខ្យល់កន្ត្រាក់បោកបក់លើកាលពីរសៀលថ្ងៃទី២៨ ខែមេសា។
ក្រសួងក៏បានឲ្យដឹងផងដែរថា ភ្លៀងបានធ្លាក់ចុះយ៉ាងច្រើនកាលពីថ្ងៃម្សិលមិញ ដោយបណ្ដាលឲ្យផ្ទះសម្បែងជាច្រើនខ្នង និងផ្លូវថ្នល់ នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវលិចលង់នៅក្នុងជំនន់ទឹកភ្លៀង។
ក្រៅពីទឹកភ្លៀងធ្លាក់ចុះនៅខេត្តប៉ៃលិនដោយផ្ទាល់ហើយ ក្រសួងបានឲ្យដឹងទៀតថា ជំនន់ទឹកភ្លៀងនេះក៏បណ្ដាលមកពីទឹកភ្លៀងហូរធ្លាក់យ៉ាងគំហុកពីខាងប្រទេសថៃ ដោយបណ្ដាលឲ្យតំបន់មួយចំនួននៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានលិចលង់ក្នុងទឹក៕