ក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទនេះ អនុញ្ញាតឲ្យកូនប្រុសអតីតសមាជិកជាន់ខ្ពស់គណបក្សសង្គោះជាតិ បង្កើតគណបក្សនយោបាយថ្មីមួយ ឈ្មោះថា «គណបក្សឆន្ទៈខ្មែរ» តបតាមសំណើរសុំបង្កើតគណបក្សកាលពីសប្តាហ៍មុន។
បើតាមលិខិតចុះថ្ងៃទី៣០ខែមេសានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រាប់ទៅលោក គង់ មុនីកា ដែលជាកូនប្រុសពៅលោក គង់ គាំ និងជាស្ថានិក ដោយថា ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើត «គណបក្សឆន្ទៈខ្មែរ» ដែលមានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
វីអូឌី នៅមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែម ពីលោក គង់ មុនីកា ស្ថាបនិកគណបក្សនេះបាននៅឡើយទេ។
អតីតមេដឹកនាំគណបក្ស សម រង្ស៊ី គឺលោក គង់ គាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានប្រាប់ VOD ថា ការបង្កើតបក្សថ្មីនេះ ជាផ្នែកមួយ ដែលអាចជួយឲ្យគណបក្សសង្គ្រោះជាតិមានឱកាសចូលរួមប្រកួតប្រជែងនយោបាយជាមួយបក្សកាន់អំណាចនិងបក្សនយោបាយផ្សេងៗទៀត។
ប៉ុន្តែ អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា វិភាគថា ការបង្កើតបក្សថ្មីរបស់កូនប្រុសលោក គង់ គាំ នេះអាចគ្រាន់តែជាការលម្អប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ។
បើតាមក្រសួងមហាផ្ទៃ ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នឹងចាប់ផ្តើមឡើងពីថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨ ដល់ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០១៨។