អតីតប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការចេញដីកាដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នៅថ្ងៃចន្ទនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់និងឃុំខ្លួនអស់ប្រមាណ៩ខែមក ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនកាលពី១០ឆ្នាំមុខ។
ក្នុងដីកាបង្គាប់ឲ្យដោះលែងចុះថ្ងៃទី៣០ខែមេសានេះ ដែលវីអូឌីទើបទទួលបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លី លឹមម៉េង បានប្រាប់មកប្រធានមណ្ឌលអប់រំកែប្រែរាជធានីភ្នំពេញឲ្យដោះលែងលោក ញិក ប៊ុនឆៃ (ញឹក ប៊ុនឆៃ) ដែលមានទីលំនៅបច្ចុប្បន្នខណ្ឌជ្រោចង្វារ រាជធានីភ្នំពេញ។
បើតាមដីបង្គាប់ដដែល តុលាការ មិនបានបញ្ជាក់លម្អិតណាមួយពីមូលហេតុនៃការដោះលែង លោក ញឹក ប៊ុនឆៃ នោះទេ ប៉ុន្តែ តុលាការដាក់ លោក ប៊ុនឆៃ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ «សមគំនិតផលិតគ្រឿងញៀននិងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន» ដែលតុលាការថាបានប្រព្រឹត្តិឡើងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០០៧។
វីអូឌី មិនអាចទាក់ទងចៅក្រមស៊ើបសួរលោក លី លឹមម៉េង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និង លោក ញឹក ប៊ុនឆៃ ដើម្បីសុំការបកស្រាយបន្ថែមភ្លាមៗបាននៅឡើយទេ។
អតីតឧបនាយរដ្ឋមន្ត្រីរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយសមត្ថកិច្ចថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនកាលពី១០ឆ្នាំមុន ខណៈមជ្ឈដ្ឋានទូទៅ បានដាក់ការសង្ស័យថា ការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ ទំនងត្រូវបានធ្វើឡើងបន្ទាប់ពីលេចធ្លាយដំណឹងថា ឧត្ដមសេនីយ៍ផ្កាយ៤រូបនេះ មានបំណងចុះចូលជាមួយអតីតគណបក្សសង្គ្រោះជាតិ ដែលនាំឲ្យមានការចោទថា លោកមិនស្មោះត្រង់នឹងគណបក្សកាន់អំណាច។
ប៉ុន្តែ លោក ញឹក ប៊ុនឆៃ បានបដិសេធភ្លាមៗ និងធ្លាប់បានសារភាពកំហុស ដោយថាលោកបានប្រព្រឹត្តមិនគប្បីចំពោះលោក ហ៊ុន សែន ហើយនាំមកនូវការលំបាកនិងខូចខាតប្រយោជន៍រួមរបស់គណបក្សខ្មែររួបរួមជាតិ៕