អតីតឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ដែលទើបត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅព្រឹកនេះ គ្រោងនឹងមកកាន់តួនាទីជាប្រធានបក្សខ្មែររួបរួមជាតិវិញ នេះបើតាមការបញ្ជាក់របស់ប្រធានគណបក្សដែលកាន់តំណែងបច្ចុប្បន្ន។
ប្រាប់ VOD នៅថ្ងៃនេះ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក សឹង គីរី មានប្រសាសន៍ថា សមាជិកបក្សទាំងអស់បានត្រៀមប្រគល់តំណែងប្រធានបក្សជូន លោក ញឹក ប៊ុនឆៃ នៅពេលសុខភាពរបស់លោកល្អឡើងវិញ។
លោកមានប្រសាសន៍ថា៖ «សមាជិកទាំងអស់នោះគេយល់ថា លោក ញឹក ប៊ុនឆៃ គាត់ជាប្រធានស្ថាបនិកខ្មែររួបរួមជាតិតាំងពីដំបូងទីមកហើយ ពេលដែលគាត់រួចពីការចោទប្រកាន់របស់តុលការ តុលាការដែលលែងមកហើយហ្នឹងសមាជិកទាំងអស់ក៏មានគំនិតរួមគ្នាថានឹងប្រគល់តួនាទីប្រធាននេះជូនទៅគាត់វិញ។ ប៉ុន្តែឥឡូវនេះគាត់នៅមិនទាន់ទទួលដោយសារសុខភាពគាត់មិនទាន់ស្រួល»។
នៅពេល VOD សួរបញ្ជាក់ពីថ្ងៃប្រគល់តំណែងផ្លូវការ លោក សឹង គីរី ឆ្លើយតបថាគណបក្សលោកនៅមិនទាន់កំណត់នៅឡើយទេ ដោយថាចាំមើលសុខភាព លោក ញឹក ប៊ុនឆៃ។ លោកបន្តថា លោក ញឹក ប៊ុនឆៃ បានយល់ព្រមថានឹងទទួលយកតំណែងនេះវិញហើយ។
លោក គីរី ក៏បានបញ្ជាក់បន្ថែមដែរថា គណបក្សខ្មែររួបរួមជាតិ នឹងទៅចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅថ្ងៃទី៤ ឬទី៥ ឧសភាខាងមុខនេះ។
លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយសមត្ថកិច្ចថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនកាលពី១០ឆ្នាំមុន ខណៈមជ្ឈដ្ឋានទូទៅ បានដាក់ការសង្ស័យថា ការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ ទំនងត្រូវបានធ្វើឡើងបន្ទាប់ពីលេចធ្លាយដំណឹងថា ឧត្ដមសេនីយ៍ផ្កាយ៤រូបនេះ មានបំណងចុះចូលជាមួយអតីតគណបក្សសង្គ្រោះជាតិ ដែលនាំឲ្យមានការចោទថា លោកមិនស្មោះត្រង់នឹងគណបក្សកាន់អំណាច។
ប៉ុន្តែ លោក ញឹក ប៊ុនឆៃ បានបដិសេធ ភ្លាមៗ និងធ្លាប់បានសារភាពកំហុស ដោយថាលោកបានប្រព្រឹត្តមិនគប្បីចំពោះ លោក ហ៊ុន សែន ហើយនាំមកនូវការលំបាកនិងខូចខាតប្រយោជន៍រួមរបស់គណបក្សខ្មែររួបរួមជាតិ៕