ភ្នំពេញ៖ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តស្វាយរៀង ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ខែឧសភាស្អែកនេះ ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នេះបើតាមការការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
AKP ផ្សាយទៀតថា បើមិនមានអ្វីប្រែប្រួលទេ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំព្រះបរមរាជវាំង ថ្នាក់ដឹកនាំរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភា នឹងមានវត្តមាននៅក្នុងពិធីច្រតព្រះនង្គ័លស្អែកនេះផងដែរ។
ប្រទេសកម្ពុជា តែងប្រារព្ធពិធីបុណ្យច្រត់ព្រះនង្គ័លជារៀងរាល់ឆ្នាំ ដើម្បីប្រាប់ពលរដ្ឋឲ្យបានដឹងថា រដូវធ្វើស្រែចម្ការបានមកដល់ និងដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្មនាឆ្នាំខាងមុខ។ ជាការកត់សំគាល់ ផលិតផលកសិកម្មចំនួន៧មុខ ត្រូវដាក់រៀបចំឲ្យគោឧសភរាជ បរិភោគជាអាហារ រួមមាន ស្រូវ ពោត សណ្ដែក ល្ង និង ស្មៅ ជាដើម ដើម្បីជាការផ្សងប្រផ្នូលពីភោគផលកសិកម្ម៕