គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បញ្ជាក់ជំហរនៅថ្ងៃនេះថា នឹងចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ ហើយសង្ឃឹមទទួលបានអាសនៈនៅក្នុងសភា។
នៅក្នុងកិច្ចប្រជុំនៅព្រឹកនេះនៅស្នាក់ការកណ្តាលដែលស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានី ភ្នំពេញ មានអ្នកចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិ និងអ្នកតំណាងខេត្តនៃគណបក្សនេះប្រមាណ ១០០នាក់។
លទ្ធផលនៃការបោះឆ្នោតសមាជិកគណៈកម្មាធិការនាយក ៣២រូប មានសំឡេងគាំទ្រ៣១ និងមិនគាំទ្រចំនួន១សំឡេង។
ក្រោយការបោះឆ្នោតសម្រេចចូលរួមប្រធានគណៈកម្មាធិការនាយក លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា ផ្អែកលើសន្ទុះនៃការគាំទ្រគឺគណបក្សលោកនឹងទទួល បានអាសនៈ ប៉ុន្តែ លោកថា មិនទាន់អាចបញ្ជាក់ថា ទទួលបានអាសនៈប៉ុន្មានទេ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដែលមានស្ថាបនិកពីថ្នាក់ ដឹកនាំអង្គការសង្គមស៊ីវិលនិងអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ក្នុងនោះក៏មានលោក កែម ឡី ដែរ។