លទ្ធផលនៃការបោះឆ្នោតនៅម៉ាឡេស៊ីកាលពីម្សិលមិញធ្វើឲ្យពិភពលោកចាប់អារម្មណ៍ទៅលើពីរចំណុចសំខាន់គឺទី១ គណបក្សBarisan Nasional ដឹកនាំប្រទេស៦១ឆ្នាំគឺចាប់ពីការទទួលបានឯករាជ្យពីប្រទេសអង់គ្លេសកាលពីឆ្នាំ១៩៥៧មកបានចាញ់ ហើយទី២ មេដឹកនាំថ្មីប្រទេសនេះមានវ័យចាស់ជាងគេលើពិភពលោកគឺលោក មហាធា មហាមេដ វ័យ៩២ឆ្នាំ។
លទ្ធផលនៃការបោះឆ្នោតនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ អ្នកវិភាគនិងអ្នកនយោបាយនៅលើពិភពលោក។
លទ្ធផលបឋមបង្ហាញថា គណបក្សប្រឆាំងទទួលសំឡេងគាំទ្រ១២១អាសនៈ ចំណែកគណបក្សកាន់អំណាចទទួលបានតែ៧៩អាសនៈប៉ុណ្ណោះ។
កត្តាធម្មជាតិ
ការដឹកនាំយូរតែងតែមានកំហុសកាន់តែច្រើន ខណៈសមាជិកសង្គមនោះមានសមត្ថភាពមើលឃើញកំហុសទាំងនោះ។ ស្របពេលដែលបណ្តាប្រទេសមួយចំនួនដូរមេដឹកនាំជាបន្តបន្ទាប់ ពិសេសប្រទេសជឿនលឿនមួយចំនួនសុទ្ធតែបានកំណត់អាណត្តិមេដឹកនាំផងដែរអាចពីរ ឬ បីអាណត្តិ។ ដូច្នេះចំណុចនេះក៏អាចជាមូលហេតុមួយដែលធ្វើឲ្យពលរដ្ឋមានអារម្មណ៍ចង់ផ្តាស់មេដឹកនាំថ្មី ឬ ផ្តល់ឱកាសឲ្យអ្នកដែលមើលឃើញកំហុសរដ្ឋាភិបាលដឹកនាំប្រទេសវិញម្តង។
កំហុសរដ្ឋាភិបាល និងបុគ្គលនាយករដ្ឋមន្ត្រី
មានការចោទប្រកាន់ថា រដ្ឋាភិបាលដឹកនាំដោយគណបក្ស Barisan Nasional បានធ្វើឲ្យប្រទេសចុះខ្សោយហាក់ស្ថិតនៅក្រោមសម្ពាធនៃប្រទេសចិនទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។
បញ្ហាជីវភាពប្រចាំថ្ងៃពលរដ្ឋនិងបក្សប្រឆាំងចោទរដ្ឋាភិបាលថា មិនបានធ្វើឲ្យមានភាពល្អប្រសើរដល់ការរស់នៅរបស់ពលរដ្ឋទេគឺ ការចំណាយផ្សេងៗលើជីវភាពប្រចាំថ្ងៃឡើងថ្លៃជាលំដាប់។
មួយរយៈចុងក្រោយនេះ មានការចោទប្រកាន់នាយករដ្ឋមន្ត្រីលោក Najib Razak ដែលពេលនេះចាញ់ឆ្នោត កេងបន្លំយកលុយអភិវឌ្ឍន៍ជាតិចំនួន៧០០លានដុល្លារអាមេរិក ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
បញ្ហាប្រព័ន្ធយុត្តិធម៌ប្រទេសនេះ ក៏រងការចោទថា ស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច ធ្វើឲ្យអ្នកដែលមាននិន្នការនយោបាយប្រឆាំងប្រឈមជាប់ពន្ធនាគារ។ ជាក់ស្តែងមេដឹកនាំគណបក្សប្រឆាំងលេចធ្លោរមួយរូបគឺលោក Anwar Ibrahim កំពុងជាប់ពន្ធនាការដោយចោទថា មានកំហុសក្នុងទំនាក់ទំនងផ្លូវភេទ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានគេមើលឃើញថា គ្រាន់តែជាលេសមួយដើម្បីចាប់អ្នកប្រឆាំងដាក់ពន្ធនាគារ។
ចូលរួមសម្ព័ន្ធគណបក្សប្រឆាំង
កាលពីឆ្នាំ២០១៦ មានការរួបរួមគ្នារវាងគណបក្សប្រឆាំងផ្សេង បង្កើតគណបក្សប្រឆាំងធំមួយឈ្មោះ Pakatan Harapan ឬហៅសម្ព័ន្ធនៃក្តីសង្ឃឹម។ ចលនានេះធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីស្រទាប់មហាជន ដោយសារតែមានការបង្ហាញពីគោលនយោបាយថ្មី ហើយពិសេសនោះមានការដឹកនាំពីអ្នកនយោបាយជើងចាស់លោក Mahathir Mohamad។
លោក Mahathir Mohamad ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល២២ឆ្នាំ ពេលដែលលោកនៅក្នុងគណបក្សកាន់អំណាចបច្ចុប្បន្ន ហើយលោកក៏ប្រកាសចូលនិវត្តន៍ប៉ុន្តែដោយ សារតែលោកមើលឃើញ កំហុសមេដឹកនាំបច្ចុប្បន្នទើបប្រកាសចូលធ្វើនយោបាយវិញ។
អតីតកាល លោក Anwar Ibrahim ក៏ជាអ្នកធ្វើនយោបាយប្រឆាំងជាមួយលោក Mahathir Mohamad ដែរ ប៉ុន្តែក្នុងការបោះឆ្នោតនៅអាណត្តិទី១៤នេះ គឺលោក លោក Anwar បានអំពាវនាវឲ្យអ្នកគាំទ្រលោកបោះឆ្នោតឲ្យលោក Mahathir។ ចំណុចទាំងនេះ ធ្វើចលនានៃក្រុមប្រឆាំងកាន់តែកើនឡើងខ្លាំង រហូតអាចដូររដ្ឋាភិបាលបុកគ្រឹះ៦១ឆ្នាំនេះបាន។