ការសម្ង៉ែងកូនប្រុសដ៏សង្ហារក្នុងវ័យ១០ឆ្នាំ នៅក្នុងពិធីសម្ពោធរឿង«ចិញ្ចៀនខ្មោច» កាលពីថ្ងៃទី២៨ ឧសភា មុននេះ តារាចម្រៀង និងជាតារាសម្ដែងផង អ្នកនាង យក់ ឋិតរដ្ឋា បានអះអាងថា មិនមែនបង្ហាញកូនប្រុសអោយក្រុមតារាសិល្បៈ និងក្រុមផលិតករបានឃើញ ដើម្បីស្វែងរកឱកាសអោយកូនប្រុសបានក្លាយជាតារាសិល្បៈទាំងវ័យក្មេងនោះទេ។ អ្នកនាងបានទាំងអះអាងថាមិនអោយកូនប្រុសបន្តវេនរបស់ខ្លួន ក្នុងពេលដែលអ្នកនាង និងស្វាមី ប្រកាសស្លាប់រស់មិនចោលសិល្បៈ ទោះជាមានជីវភាពហ៊ឹកហ៊ាក់ឡូយឆាយនាពេលនេះហើយក៏ដោយ។
អ្នកនាង យក់ ឋិតរដ្ឋា និយាយថា ខុសពីកូនអ្នកសិល្បៈទូទៅ កូនប្រុសច្បងរបស់អ្នកនាង ឃុំ រដ្ឋាណាលីដូ មិនមានចំណូលចិត្តក្នុងរឿងសិល្បៈនោះទេ។ អ្នកនាងកូនប្រុសកុំថាឡើងសម្ដែង សូម្បីតែច្រៀងក៏គ្មានដុង ឬទេពកោលស្យនោះដែរ ទើបអ្នកនាងយល់ថាកូនច្បងរបស់ខ្លួនមនាក់នេះ បើចង់បណ្ដុះអោយក្លាយជាអ្នកចម្រៀង ឬជាអ្នកសម្ដែងក៏មិនអាចនោះដែរ។ អ្នកនាងថាប្អូនប្រុសមានដុងខ្លះៗ ក្នុងការបង្ហាញម៉ូដ ប៉ុន្តែអ្នកនាងប្រហែលមិនអោយចូលប្រឡូកនោះទេ ដើម្បីកុំអោយកូនខូចអារម្មណ៍ ហើយសិក្សាមិនបានដិតដល់ដូចខ្លួន។

អ្នកនាងចង់ឃើញកូនប្រុសសិក្សាបានខ្ពស់ និងមានការងារល្អប្រសើរក្រៅពីការប្រឡូកសិល្បៈច្រើនជាង ដោយសារអ្នកនាងយល់ថាខ្លួន និងស្វាមីមានលទ្ធភាពអោយកូនសិក្សាបានល្អ ដែលមិនគួរមកឆ្លេរឆ្លារក្នុងសិល្បៈដូចអ្នកនាង និងស្វាមីកាលពីក្មេងទៀតទេ។ អ្នកនាងបញ្ជាក់ថា ការបណ្ដើរកូនប្រុសមកកាន់ពិធីសម្ពោធរឿង«ចិញ្ចៀនខ្មោច» គឺដោយសារតែភាពយន្តខ្នាតធំនោះ ជារឿងដែលផលិតកម្ម LD Picture អោយអ្នកនាង និងស្វាមី បានសម្ដែងជាតួឯកធំមួយនៅក្នុងរឿងនោះ ហើយមានបំណងនាំកូនប្រុសច្បងអោយមកទស្សនាការសម្ដែងរបស់ខ្លួន ទុកជាអនុស្សាវរីយ៍ តែបើក្នុងបំណងដើម្បីអោយកូនប្រុសច្បងត្រងត្រាប់តាម ហើយអោយហក់ចូលសិល្បៈគឺមិនមែនទេ។
យ៉ាងណាមិញ អ្នកនាងថា ស្ថានការណ៍នឹងអាចប្រែប្រួលប្រសិនបើកូនប្រុសក្នុងពេលធំឡើងស្រាប់តែមានបំណងចង់ប្រឡូកសិល្បៈណាមួយ ដែលផ្ទុយពីអ្វីដែលអ្នកនាងសម្គាល់ឃើញនៅក្នុងពេលនេះ។
អ្នកនាង យក់ ថិតរដ្ឋា តារាចម្រៀង
អ្នកនាង យក់ ឋិតរដ្ឋា បញ្ជាក់ថា តាំងពីកូនប្រុសរបស់ខ្លួនឈានដល់វ័យ១០ឆ្នាំគិតមកដល់ពេលនេះ កូនប្រុសអត់ចាប់អារម្មណ៍នឹងការងារសិល្បៈរបស់ខ្លួនតែម្ដង ដែលខុសពីកូនអ្នកសិល្បៈទូទៅ ដែលចង់តាមម្ដាយឪពុកទៅមើលការច្រៀង មើលការសម្ដែង ហើយខំត្រាប់តាម អ៊ីចឹងហើយទើបអ្នកនាងយល់ថាកូនប្រុសអស់មានចំណូលចិត្ត ហើយអ្នកនាងក៏មានបំណងមិនជំរុញបន្ថែមដើម្បីអោយកូនឈោងចាប់រឿងនេះ។ អ្នកនាងថាបើកុំតែរឿង«ចិញ្ចៀនខ្មោច»ជាស្នាដៃដែលអ្នកនាង និងស្វាមី សម្ដែងរួមគ្នាធ្វើជាឪពុកម្ដាយក្នុងរឿង ហើយបើមិនចូលរួមក្នុងកម្មវិធីសម្ពោធគឺត្រូវរង់ចាំរហូតដល់ថ្ងៃទី៣១ ឧសភា ទើបអាចទិញសំបុត្រចូលទស្សនាជាលក្ខណៈគ្រួសារបាន កុំអីអ្នកនាងមិនបណ្ដើរកូនប្រុសអោយអ្នកសិល្បៈ និងអ្នកសារព័ត៌មានបានឃើញនោះទេ ដោយសារតែនោះមិនមែនជាចំណូលចិត្តកូនប្រុស៕