អង្គការអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ថា IOM បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១១២នាក់ហើយ បន្ទាប់ពីទូកមួយគ្រឿងផ្ទុកទៅដោយជនអន្តោប្រវេសន៍នោះ បានលិចនៅក្នុងសមុទ្រស្ថិតក្នុងដែនទឹកប្រទេសទុយនេស៊ីកាលពីចុងសប្ដាហ៍កន្លងមកនេះ។ នេះបើយោងតាមទូរទស្សន៍អង់គ្លេស BBC។
សារព័ត៌មានដដែលនេះ បានផ្សាយបន្តថា មនុស្សប្រហែល ៥០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ក្រោយពីទូកនោះបានក្រឡាប់លិច ចំណែកឯមនុស្ស ៦៨នាក់ផ្សេងទៀត ត្រូវបានក្រុមល្បាតឆ្នេរសមុទ្រជួយសង្គ្រោះ។
បើតាម BBC ទុយនេស៊ីបានក្លាយជាច្រកថ្មីដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ព្យាយាមឆ្លងទៅទ្វីបអឺរ៉ុបកាលពីឆ្នាំមុន៕