ក្រសួងការបរទេសកម្ពុជាហៅការផ្តល់ទំនុកចិត្តពីសមាជិកអង្គការសហប្រជាជាតិចំពោះតំណែងអនុប្រធានមហាសន្និបាត អាណត្តិថ្មីជាការឆ្លើយតបយ៉ាងសមស្របចំពោះលោក សម រង្ស៊ី ដែលធ្លាប់បានអំពាវនាវឲ្យអន្តរជាតិព្យួរអាសនៈកម្ពុជានៅអង្គការនេះ។
ក្នុងសន្និសីទព័ត៌មាននៅក្រសួងការបរទេសនៅព្រឹកថ្ងៃទី៨ មិថុនានេះ រដ្ឋលេខាធិការក្រសួងការបរទេសលោក អ៊ុច បូររឹទ្ធ មានប្រសាសន៍ ឈប់ឲ្យលោកសម រង្ស៊ី ស្រមើស្រមៃពីការព្យួរអាសនៈរបស់កម្ពុជាទៀត បន្ទាប់ពីសមាជិកអង្គការនេះបានបោះឆ្នោតគាំទ្រកម្ពុជាជាអនុប្រធានមហាសន្និបាតUN សំរាប់ឆ្នាំ២០១៨ និង២០១៩។
លោក អ៊ុច បូររឹទ្ធ ក៏បានឲ្យដឹងបន្ថែមថា ក្នុងតួនាទីជាអនុប្រធានមហាសន្និបាតនេះកម្ពុជាអាចមានឱកាសដឹកនាំកិច្ចប្រជុំមហាសន្និបាត ជំនួសមុខប្រធាន និងតាមសំណើរបស់ប្រធាន ផ្តល់អនុសាសន៍ដល់មហាសន្និបាត ជាពិសេសកម្ពុជានឹងក្លាយជាសមាជិកនៃគណៈកម្មធិការទូទៅដែលជាគណៈកម្មាធិការសំខាន់មួយនៃមហាសន្និបាត។
រដ្ឋលេខាធិការក្រសួងការបរទេសលោក អ៊ុច បូររឹទ្ធ
កាលពីអំឡុងខែមេសាកន្លងទៅប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី បានប្រកាសថានឹងធ្វើយុទ្ធនាការទាមទារឲ្យអង្គការសហប្រជាជាតិព្យួរអាសនៈរបស់ប្រទេសកម្ពុជា កុំឲ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីបោះឆ្នោតថ្ងៃទី២៩ កក្កដាខាងមុខ ប្រសិនគ្មានដំណោះស្រាយនយោបាយ និងមិនឲ្យមានបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនោះ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ សាទរចំពោះការចូលជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនេះ តែលោកថាកម្ពុជាគួរធ្វើខ្លួនយ៉ាងណាឲ្យសាកសមជាមួយតួនាទីនេះផង ដោយត្រូវមានការគោរពសិទ្ធិមនុស្ស សិទ្ធនយោបាយផងដែរ។ លោកបន្ថែមថា បើទោះបីមានតួនាទីជាអនុប្រធានមហាសន្និបាតក៏ដោយក៏កៅអីរបស់កម្ពុជាក៏អាចប្រឈមនឹងការព្យួរដែរប្រសិនជាមានការសម្រេចពីក្រុមប្រឹក្សាអចិន្ត្រៃយ៍ដែលមាន៥ប្រទេសនោះ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ
នេះជាលើកទី២ ហើយដែលកម្ពុជាទទួលបានការជ្រើសរើសជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនេះ បន្ទាប់ពីការជ្រើសរើសលើកទីមួយកាលពីឆ្នាំ២០០១ ដល់២០០២។
បើតាមក្រសួងការបរទេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្រៅពីកម្ពុជា មានប្រទេស ជប៉ុន កាតតា អេរ៉ាក់ និងប្រទេសស៊ៃប ត្រូវបានអង្គការសហប្រជាជាតិបោះឆ្នោតជ្រើសតាំងជាងអនុប្រធាននៃមហាសន្និបាតលើកទី៧៣នេះ៕