មន្ត្រី NGO និងពលរដ្ឋ ធ្វើយុទ្ធនាការលើបណ្តាញសង្គមជំរុញទៅរដ្ឋាភិបាលរកយុត្តិធម៌ឲ្យអ្នកស្លាប់​នៅខេត្តក្រចេះ

អ្នកជំងឺ ដោយសារការពុលម្នាក់ នៅក្រចេះ ត្រូវបានបញ្ជូនចូលក្នុងរថយន្តសង្គ្រោះបន្ទាប់ (រូបថត៖ អគ្គនាយកដ្ឋានកាំកុងត្រូល)

មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅខេត្តក្រចេះបានសរសេរសារលើហ្វេសប៊ុក​អំពាវនាវទៅរដ្ឋាភិបាលឲ្យជួយរកយុត្តិធម៌​ជូន​​អ្នកប្រើទឹកព្រែកទេរ ពុល​ស្លាប់១៣នាក់នៅខេត្តក្រចេះ ក្រោយ​ពីក្រសួងបីចេញសេក្តី​បំភ្លឺផ្សេងគ្នា​ជុំវិញ​ការ​ស្លាប់នោះ​។

ក្រោយពីស្លាប់ភ្លាម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសប្បកម្មលោក ចម ប្រសិទ្ធ កាលពី​ថ្ងៃ១៧ខែឧសភា ប្រាប់​អ្នក​សារ​ព័ត៌មានថា ទឹកព្រែក​ទេរមា​ន​​​​​សារ​​​ធា​តុគីមីម្យ៉ាងឈ្មោះស្យានីដដែលសាធាតុពុល​នេះ គេប្រើ​សម្រា​ប់លាង​រ៉ែ​មា​ស។

ប៉ុន្តែក្រោយមកមិនបានប៉ុន្មានថ្ងៃផង​​ លោក ចម ប្រសិទ្ធ បានចុះហត្ថលេខារួមគ្នា ជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងរដ្ឋ​ម​ន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បំភ្លឺថា ករណីពុលនៅឃុំកន្ទួត ស្រុកចិត្តបុរីនេះ មកពីស្រា ស និងសារ​ធា​តុគីមីពុ​លសម្លាប់ស្មៅ និងសត្វល្អិតទៅវិញ។

ករណីនេះត្រូវ​បាន​មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយរូប​អ្នកនាង ឡុង គឹមហ៊ាង ​​​ប្រើបណ្តាញសង្គម ដើម្បីសរសេរ​បង្ហោះផ្ញើសារជំរុញទៅរដ្ឋាភិបាលឲ្យស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ​ដែល​ស្លាប់ ១​៣​​នាក់នៅខេត្តក្រចេះ ដោយថាករណីស្លាប់នោះហាក់ស្ងប់ស្ងាត់ទៅវិញ ទំនងជាមិនមានដំណោះស្រាយ​ជូនអ្នក​រង​គ្រោះ​។

អ្នកនាង គឹមហ៊ាង បញ្ជាក់ថា បើរដ្ឋាភិបាល​មិនស្វែងរកយុត្តិធម៌ឲ្យអ្នករងគ្រោះនោះទេ នៅថ្ងៃក្រោយភាពអយុត្តិធម៌នៅ​តែ​​បន្តកើតមាន។

​មានរឿង​រហូតដល់ស្លាប់ប៉ុណ្នឹង​ហើយ នៅតែមិនទទួលបានយុត្តិធម៌ តើថ្ងៃមុខអាចជាខ្ញុំ អាចជាមិត្តភ័ក្តខ្ញុំ អាច​ជាពលរដ្ឋដទៃ បើមានរឿង​ សួរថាតើអាចមានយុត្តិធម៌ដែរឬទេ? ចឹងហើយយើង​ចាប់​ផ្តើម​និយាយ​ពី​ពល​រ​ដ្ឋខេត្តក្រចេះ ដើម្បី​ចូលរួមទាំងអស់គ្នា ដើម្បី​ឲ្យពួកយើងទទួលបានយុត្តិធម៌គ្រប់​គ្នានៅ​​​​ពេលមានបញ្ហា

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយរូប​អ្នកនាង ឡុង គឹមហ៊ាង

លោក ជ័យ អូន ដែលអះអាងថា ឪពុក និងប្អូន សាច់ញាតិរបស់គាត់ បានសម្រាកនៅមន្ទីរពេទ្យរយៈពេលខ្លី ដោយសា​រ​ប្រើ​ទឹក​ព្រែកទេរ ពុល ប៉ុន្តមិនបណ្តាលឲ្យស្លាប់ដូចអ្នកទាំង១៣នាក់​នោះទេ។ លោកបញ្ជាក់ថា ធ្លាប់អំពាវនាវទៅរដ្ឋាភិបាលច្រើន​ដង​មកហើយ ដើម្បីឲ្យជួយរកយុត្តិធម៌ឲ្យអ្នករងគ្រោះ ប៉ុន្តែលោកថារហូត​មក​ដល់ពេលនេះមិនទាន់​មាន​យុត្តិ​ធម៌​នៅ​ឡើយ។

ទោះជាយ៉ាងណាលោកអំពាវនាវទៅរដ្ឋាភិបាលជាថ្មីទៀតឲ្យជួយរកយុត្តិធម៌ ដោយថាកុំឲ្យពួកគេរងភាពអយុត្តិធម៌។

លោកអំពាវនាវ​ថា «ឲ្យរកយុត្ថិធម៌ដូចថា ជូនជាសំណង ជាប្រាក់ ជាថវិកា ជួយខាងគ្រួសារ​សពធ្វើបុណ្យធ្វើទានទៅ ហើយនិង​សោហ៊ុយថ្លៃព្យាបាល»។

លោក ផាត់ ឈុំ មេភូមិស្រែណន និងមេប៉ុស្តិ៍​ឃុំកន្ទួត​លោក​ ផុល ភា បាន​អះអាងប្រហាក់ប្រហែលគ្នាថា សុំមិន​ធ្វើការបក​ស្រាយ​ជុំវិញករណីនេះ ដោយបង្វែ​រសំនួរឲ្យទៅសួរថ្នាក់លើវិញ។ ប៉ុន្តែ​VOD មិនអាចសុំការបំភ្លឺពីអភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន បានទេ។

មេធាវី សំ សុគង់ បានពន្យល់តាមនីតិវិធីច្បាប់ថា បទល្មើសព្រហ្មទណ្ឌមិនចាំបាច់សាច់​ញាតិ​ជន​រង​គ្រោះដាក់​ពាក្យ​ប្តឹង​ទៅសមត្ថកិច្ច ឬតុលាការនោះទេ  ពោលតុលាការត្រូវ​បានកាតព្វកិច្ចសហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ចុះធ្វើការស្រាវជ្រាវ​លើបញ្ហា​ទាំងនោះ ដោយថាដើម្បីស្វែងរកការពិតជូនជនរងគ្រោះ។

តុលាការ ឬមន្ត្រីនគរបាលយុត្តិធម៌មិនចាំបាច់មានបណ្តឹងប្តឹងទៅតុលាការទេ ក៏ពួកគាត់ត្រូវ​តែបើក​ការ​ស៊ើបសួរជាបឋមមួយដើម្បី​ស្វែងរកការពិតឬស្វែងរកអ្នកដែលប្រព្រឹត្តបទល្មើស ដើម្បីផ្តល់​យុត្តិធម៌ជូនជនរងគ្រោះ​

លោកមេធាវី សំ សុគង់

យ៉ាងណាក៏ដោយ ក្រសួងទាំងបីបានអះអាងក្នុងសេចក្តីថ្លែងការណ៍រួមនោះថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និង​​ថា​មពល និងក្រសួងសុខាភិបាល នឹងបន្តសហការគ្នា ដើម្បីបង្ការទប់ស្កាត់ និងជៀសវា​ងនូវបញ្ហា​ដែលកើ​តឡើ​ងជា​យ​ថា​ហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ