នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសពីវិធានការក្នុងការការបញ្ចុះតម្លៃប្រេងសាំង ខណៈលោកថារយៈពេល៥ខែនេះរដ្ឋបានចំណាយ ថវិការជិត ៨៣លានដុល្លារក្នុងការរក្សាតម្លៃសាំងឲ្យមានលំនឹងដូចបច្ចុប្បន្ន។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅព្រឹកថ្ងៃទី២២ មិថុនា នេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឲ្យដឹងថាក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៨នេះ រដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ជិត៨៣លានដុល្លារដើម្បីរក្សាលំនឹងថ្លៃសាំង ហើយពេលខាងមុខរដ្ឋាភិបាលនឹងមានវិធានការដោយផ្លាស់ប្តូរការគិតពន្ធថ្មី បញ្ចុះតម្លៃពន្ធអាករពិសេសទៅលើ ប្រេងសាំង និងជំរុញឲ្យមានការចូលរួមពីក្រុមហ៊ុនឯកជនក្នុងការបញ្ចុះតម្លៃ។
តាមរយៈការផ្លាស់ប្តូរប្រព័ន្ធថ្មីនេះលោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា រដ្ឋនឹងខាតបង់ថវិការជាង៣៣លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ ដើម្បីបញ្ចុះតម្លៃសាំងចំនួន ១៦០រៀល (មួយរយហុកសិបរៀល) ក្នុងមួយលីត្រចាប់ពីថ្ងៃទី ១កក្កដាខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលនៅពេលនេះ តែលោកថាគួរតែបញ្ចុះឲ្យបានច្រើនជាងនេះទៀត។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ
តម្លៃប្រេងសាំងបច្ចុប្បន្ននៅរក្សាតម្លៃពី៤០០០ ដល់៤៣០០រៀលចំពោះតម្លៃសាំងធម្មតាហើយ សាំងស៊ុបពែរនៅចន្លោះពី៤១០០ ដល់៤៥០០រៀល ។
យោងតាមគេហទំព័រ globalpetrolprices.com តម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានតម្លៃ១,០៧ដុល្លារក្នុងមួយលីត្រស្ថិតនៅលំដាប់លេខទី៧ក្នុងបណ្តាប្រទេសនៅអាស៊ាន ខណៈតម្លៃប្រេងសាំងនៅប្រទេសប្រុយណេមានតម្លៃ ០,៥១ដុល្លាក្នុងមួយលីត្រ ហើយប្រទេសសឹង្ហបុរីមានតម្លៃ ១,៦០ដុល្លារក្នុងមួយលីត្រ។ តម្លៃប្រេងឥន្ធនៈក្នុងឆាកអន្តរជាតិជាមធ្យមមានតម្លៃ ១,១៦ដុល្លារ ដែលប្រហែលនឹង ៤ ៦៩០រៀល។