ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងនាំគ្នាតវ៉ាប្រឆាំងការបោះឆ្នោតខាងមុខ

រូបភាព៖ ពលរដ្ឋខ្មែរ​នៅប្រទេសកូរ៉េ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងការបោះឆ្នោតខាងមុខ

ពលរដ្ឋខ្មែររាប់ពាន់នាក់ដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានប្រមូលផ្ដុំគ្នា តវ៉ាប្រឆាំងទៅនឹងការបោះឆ្នោតនៅថ្ងៃទី ២៩ ខែ កក្ដដាខាងមុខ និងទាមទារឲ្យជប៉ុនបញ្ឈប់ការគាំទ្រ ។

បើតាមអ្នករៀបចំការតវ៉ា លោក យឹម ស៊ីណន បានឲ្យដឹងថានៅថ្ងៃទី ២៤ ខែ មិថុ​នានេះ  អតីតតំណាងរាស្ត្របក្សសង្រ្គោះជាតិលោកស្រី មួរ សុខហួរ រួមជាមួយពលរដ្ឋខ្មែរធ្វើការនិង​ រស់នៅប្រទេសកូរ៉េខាងត្បូងជាង ៥ពាន់នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅទីក្រុងសេអ៊ូល ដើម្បីប្រឆាំងទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងពេលខាងមុខ។

សកម្មជនតវ៉ាទាំងនោះបានលើកបដា ទាមទារឲ្យប្រទេសជប៉ុនបញ្ឈប់ការគាំទ្រលើដំ​ណើរ​ការបោះឆ្នោតជាតិខាងមុខ ដោយពួកគេចាត់ទុកថាការបោះឆ្នោតនោះគឺជា «ការបោះឆ្នោតក្លែងក្លាយ»  ហើយពួកគេក៏បានស្រែកទាមទារឲ្យមានការដោះលែងប្រធានអតីតបក្សសង្រ្គោះជាតិលោក កឹ​ម សុខា ផងដែរ។

បើតាមលោក យីម ស៊ីណន បន្ថែមថាសកម្មជនតវ៉ាទាំងនោះអំពាវនាវឲ្យប្រទេសជិតខាងរបស់កម្ពុជាមានចិន វៀតណាម ឡាវ និង ​ថៃ គោរពនូវសិទ្ធិរបស់ពលរដ្ឋកម្ពុជា និងជំរុញកុំឲ្យទទួលស្គាល់ការបោះឆ្នោតជាតិ​ខាងមុខ និង​បញ្ឈប់គាំទ្ររដ្ឋាភិបាលដែលចេញពីការបោះឆ្នោតនេះ។

លោក យីម ស៊ីណន បន្ថែមថាក្នុងការតវ៉ានោះពួកគេក៏បានយកញាត្តិដែលមានស្នាមមេដៃអ្នកគាំទ្រជាង ៥ពាន់នាក់ ទៅដាក់នៅស្ថានទូតជប៉ុន ប្រចាំនៅប្រទេសកូរ៉េ ខាងត្បូងផងដែរ។

ទាក់ទងនឹងបញ្ហានេះរដ្ឋាភិបាលកម្ពុជាធ្លាប់បានអះអាងដដែលៗថា ការបោះឆ្នោតនៅកម្ពុជានឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ប្រជាធិបតេយ្យសេរីពហុបក្ស ទោះបីជាគ្មានវត្តមានបក្សសង្គ្រោះជាតិចូលរួមក៏ដោយ ព្រោះមានគណបក្សចំនួន​២០ប្រកួតប្រជែង និងមានអង្កេតការណ៍ជាតិ-អន្តរជាតិចូលរួម។​

កាលពីសប្ដាហ៍មុនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនក៏បាននាំគ្នាតវ៉ាដោយដាក់ញត្តិទៅកាន់ស្ថានទូតជប៉ុនដែរ ដោយស្នើឲ្យប្រទេសនោះបញ្ឈប់ការគាំទ្រការបោះឆ្នោតនៅកម្ពុជា។

ប៉ុន្ដែ ប្រទេសលោក​សេរីមួយចំនួន បាន​ព្រមាន​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ទេ បន្ទាប់​ពី​បន្ទាប់ពី​អតីត​គណបក្សប្រឆាំង​ដ៏ធំនៅ​កម្ពុជា ត្រូវ​បានរំលាយចោល ហើយ​អាសនៈ​របស់​អតីតបក្ស​ប្រឆាំង ត្រូវ​បានបែង​ចែកឲ្យទៅគណបក្សផ្សេង៕

រូបពីលោក យីម ស៊ីណន អ្នករៀបចំការតវ៉ា
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ