លោក​ ហ៊ុន សែន​ ណែ​នាំ​ឲ្យ​​ថ្នាក់​​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​ឈប់​​តប​ត​ជា​មួយ​​បក្ស​ផ្សេង​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថ្ងៃទី​២៧ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

ថ្លែង​ក្នុង​ពិធី​ជួប​ជា​មួយ​កម្ម​ករ​ជាង​២ម៉ឺន​នាក់​នៅ​ខេត្ត​កំពង់​ឆ្នាំង​ នៅព្រឹក​ថ្ងៃ​ទី​២៧ មិថុនា​នេះលោក ហ៊ុន សែន បាន​ថ្លែង​ឈប់​ឲ្យ​គណបក្ស​ដទៃ​សង្ឃឹម​ពី​ការ​​វាយបក​របស់​លោក​ចំពោះ​បក្សទាំង​នោះ​ ដោយ​ថា​ការ​វាយ​បក​របស់​លោក​ចំពោះ​បក្ស​មួយ​នោះ​​ក្នុង​រយៈពេល​កន្លង​មក​វា​គ្រប់​គ្រាន់​ហើយ​សម្រាប់​បក្ស​មួយនោះធ្វើ​ជា​​ដើមទុន​សម្រាប់​ធ្វើនយោបាយ និង​ក៏​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​លោក​ផង​ដែរ។

យុទ្ធសាស្ត្រ​របស់​បក្ស​ខ្លះ​គេនឹង​វាយ​ប្រហារ​មក​លើ​ពូ មក​លើ​បក្សប្រជាជន ដើម្បី ឲ្យ​ពូឬ​គណបក្សប្រជាជន​វាយ​បកទៅវិញ​គឺ​ស្មើ​នឹង​ការ​ឃោសនា​ឲ្យ​គេស្គាល់ សុំ​កុំ​សង្ឃឹម​សុំ​កុំ​លេងជាមួយ​ជើង​ចាស់​ផ្នែក​យុទ្ធសាស្ត្រ​រូប​នេះ។​ ខ្ញុំ​បាន​ផ្តល់​ឲ្យ​លោក​អ្នក​ខ្លះ​ហើយ​ដើម្បី​ធ្វើ​ជា​ដើមទុន ព្រោះ​នោះ​ក៏​មាន​ផល​ប្រយោជន៍​ឲ្យ​ពូ​ដែរ! មាន​ផល​ប្រយោជន៍​ឲ្យ​ហ៊ុន សែន ដែរ​ដើម្បីបំភ្លេច​អាចោរ​ចង្រៃ​មួយ​នោះ! ហើយ​ឲ្យ​អ្នក​ក្លាយ​ទៅជា​តួ​អង្គមួយ​ក្នុង​ចំណោម​តូអង្គ​នៃ​ការ​រត់​ប្រណាំង តែ​កុំ​សង្ឃឹម​ថា​ហ៊ុន សែន នឹង​ផ្តល់​ពិន្ទុ​ឲ្យ​អ្នក​បន្ថែម តាម​រយៈ​និយាយ​ទៅដល់​ឈ្មោះ​អ្នក​ ឬ​គណបក្សរបស់​អ្នក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

តែ​ទោះ​ជា​យ៉ាងណាលោក​ ហ៊ុន សែន បាន​ប្រកាស​បើក​ចំហរក្នុង​ការ​ប្រកួតប្រជែង​គោល​នយោបាយ​ជាមួយ​បក្ស​ទាំងនោះ។

ថ្វី​ត្បិត​តែ​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​បក្ស​នោះ​ក៏​ពិត​មែន​ តែ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​លោក​បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​​ច្រើន​​ទៅ​លើ​បក្សប្រជា​ធិបតេយ្យ​មូល​ដ្ឋានដែល​បាន​សម្រេចចូល​រួម​ក្នុង​ការ​បោះឆ្នោត​នាពេល​ខាង​មុខ។

អ្នក​នាំពាក្យ​គណបក្សប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​លោក សាម អ៊ីន ពុំ​មាន​យោបល់​ទៅ​លើ​ការលើក​ឡើង​របស់​លោក​ហ៊ុន សែន​នោះ​​ទេ​​ដោយ​ថា​ជា​យុទ្ធសាស្ត្រ​នយោបាយ​ផ្ទាល់ខ្លួន។ ​លោក​ថាគណបក្សប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​នៅ​តែ​ធ្វើ​ការ​រិះគន់​រដ្ឋា​ភិ​បាលក្នុង​ន័យ​ស្ថាបនាដដែល បើ​ទោះ​បី​គណបក្សប្រជា​ជន​នៅតែ​​រក្សា​ការ​មិន​ឆ្លើយ​តប​។

ក្នុង​ប្រទេសប្រជាធិបតេយ្យគឺ​គេប្រកួត​ប្រជែង​របៀប​ហ្នឹង​ វា​មិន​ចម្លែក​នោះ​ទេ! ព្រោះ​ថា​គណបក្សប្រជា​ជន​គឺ​ជា​គណបក្សដែល​ដឹក​នាំ​រដ្ឋាភិបាល អញ្ចឹងគណបក្សដែល​ចង់​ទៅប្រជែង​ជា​មួយ​គណបក្សប្រជា​ជន ប្រាប់​ប្រជា​ពល​រដ្ឋ​ថា​យើង​មាន​អ្នក​ដឹក​នាំ​ល្អជាង មាន​គោល​នយោបាយ​ល្អជាង ដើម្បី​ទទួល​ការ​គាំទ្រ​ដើម្បី​ទៅ​ដឹក​នាំ​ប្រទេស​នោះ​ អញ្ចឹង​រឿង​នេះ​វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ។ ត្រង់​ថា​គាត់​មាន​យោបល់​យ៉ាង​ម៉ិច ជា​រឿង​របស់​គាត់ ជា​ការ​ឆ្លើយ​តប​ ជា​ការ​ការ​ពារ​របស់​គណបក្សប្រជា​ជន​វា​ជារឿង​ធម្មតា​ ក្នុង​ការ​ប្រកួតប្រជែង​តាម​បែប​ប្រជាធិបនតេយ្យ​

អ្នក​នាំពាក្យ​គណបក្សប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​លោក សាម អ៊ីន

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេងលោក ហង្ស​ វិទូ យល់​ថា​យុទ្ធសាស្ត្រ​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នេះ​ជា​យុទ្ធសាស្ត្រ​ដែល​គ្មាន​ភាព​ចាស់​ទុំ និង​ដដែលៗ ដោយ​លោក​ថា​ប្រជា​ប្រិយ​ភាព​របស់​បក្ស​ណា​មួយ​មាន​ភាព​ល្បី​ល្បាញនោះ​មិនអាស្រ័យ​លើ​​ការឆ្លើយ​តបរបស់​បក្សប្រជា​ជននោះ​ទេ។

លោក​ថា៖ « រឿង​ប្រជា​ប្រិយ​ភាព និង​មិន​មាន​ប្រជា​ប្រិយ​ភាពនេះ​ អាស្រ័យ​ទៅលើ គោល​នយោបាយ​ និង​អត្ត​ចរិត​របស់​មេដឹកនាំ​ផ្ទាល់​តែម្តង​មិន​មែន អាស្រ័យ​ទៅ​លើ​លោក​ហ៊ុន សែន គាត់​និយាយ​ទៅ​លើ​គណបក្សណា​​ គណបក្សហ្នឹង​មាន​ប្រជា​ប្រិយ​ភាព​ហើយ​ប្រជា​ពល​រដ្ឋបោះឆ្នោត​គាំ​ទ្រ​ទេ​ វា​អត់​មាន​អញ្ចឹង! […] ដោយ​ឡែក​បក្សប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​មិន​មែនមាន​ប្រជា​ប្រិយ​ដោយ​សារ​គាត់(លោក​ហ៊ុន សែន) និយាយ​ពីបក្សប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​ទេ។ គណបក្សមួយៗ​ មានភាព​ល្បីល្បាញ​ និង​ប្រជា​ប្រិយ​ភាពដោយ​សារ​តែ​វប្បធម៌​នៃ​ការ​ដឹក​នាំ​របស់​ពួកគេ ដោយ​សារ​តែ​គោល​នយោបាយ​របស់​គេ​ហ្នឹង​បាន​ឆ្លើយ​តប​ទៅ​នឹង​ប្រជា​ពល​រដ្ឋ​ច្រើន​ជាង» ។

​នៅ​តែ​ជាង​១​ខែ​ទៀត​ទេ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រអាណត្តិ​ទី៦ ដោយ​មាន​គណបក្ស​នយោ​បាយ​ចំនួន២០ ចូលរួមប្រកួតប្រជែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ