គ.ជ.ប ចាត់​ទុក​ញត្តិ​របស់​អង្គការ​សេរី​អន្តរជាតិ​ថា​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តួនាទី​របស់​ខ្លួន​

200th liberal international Excom | Berlin (Photo: Facebook Liberal International)

នេះជា​ប្រតិកម្មរបស់ គ.ជ.ប ​តាម​រយៈសេចក្តីថ្លែងការណ៍របស់ខ្លួនចេញ​កាលពី​ថ្ងៃអង្គារម្សិលមិញ ឆ្លើយតបទៅនឹង​អង្គការសេរីអន្តរជាតិ ​ដែល​បាន​ទទូចឲ្យប្រទេសសេរីនៅក្នុង​ពិភពលោក​កុំឲ្យទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅក្នុងប្រទេសកម្ពុជា។

គ.ជ.ប បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់ខ្លួនថា គ្មាននរណា ឬប្រទេសណា មករារាំងដំណើរការបោះឆ្នោតដែលប្រព្រឹត្តទៅស្របតាមបែបប្រជាធិបតេយ្យសេរីពហុបក្សបាននោះទេ។ សេចក្តី​ថ្លែងការណ៍ដដែល​បញ្ជាក់​ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ និតិកាលទី៦ ត្រូវប្រព្រឹត្តទៅតាមការកំណត់ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨។

លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ សរសេរបង្ហោះលើហ្វេសប៊ុករបស់លោកថា អង្គការសេរីនិយមអន្ដរជាតិ (Liberal International) បានអនុម័តញត្ដិមួយកាលពីថ្ងៃទី២២ ខែមិថុនា ស្ដីពីប្រទេសកម្ពុជា។ បើតាម​លោក សម រង្ស៊ី ក្នុងញត្តិនោះអង្គ​ការនេះ អំពាវនាវឲ្យរដ្ឋាភិបាលសេរីនិយមក្នុងពិភពលោក គាំទ្រការតស៊ូរបស់គណបក្សសង្រ្គោះជាតិ។ លោក​ សម រង្ស៊ី ​សរសេរក្នុងហ្វេសប៊ុករបស់លោក​ថាញត្តិនោះ ជាការដាក់ទណ្ឌកម្មលើរបបផ្ដាច់ការរបស់លោកហ៊ុន សែន និងមិនទទួលស្គាល់ការបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដាខាងមុខនេះ។​ បើតាម​លោក សម រង្ស៊ី ញត្តិនោះក៏អំពាវនាវ​កុំឲ្យមានការទទួលស្គាល់រដ្ឋាភិបាលណាដែលកើតចេញពីការបោះឆ្នោតនេះផងដែរ។

គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតបាន​លើកឡើង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់ខ្លួនថា ការ​ទាមទា​របស់អង្គការសេរីអន្តរជាតិនេះគឺ​បាន​ធ្វើឲ្យមានការប៉ះពាល់ដល់តួនាទី និងភារកិច្ចរបស់ គ.ជ.ប។

អង្គការសេរីអន្ដរជាតិ (Liberal International)  ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបើកកិច្ច​ប្រជុំ​របស់ខ្លួនកាលពីថ្ងៃទី២២ មិថុនា នៅក្នុង​ទីក្រុង​ប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់។ អង្គការនេះមានសមាជិកប្រមាណ១០០គណបក្សនយោបាយទូទាំងពិភពលោក។ គណបក្សសង្គ្រោះជាតិគឺជា​សមាជិក​មួយក្នុងចំណោម​សមាជិក​ទាំង១០០៕

កិច្ចប្រជុំអង្គការសេរីនិយមអន្តរជាតិ (Liberal International ហៅកាត់ LI) នៅទីក្រុងប៊ែរឡាំង (Berlin) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃ ២២ មិថុនា កន្លងទៅនេះ (រូបភាព៖ ហ្វេសប៊ុក លោម សម រង្ស៊ី)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ