រដ្ឋាភិបាល​​កម្ពុជា​បញ្ជូន​​បេសកកម្ម​ពិសេស​ទៅ​បញ្ចុះបញ្ចូល​សហភាព​​អឺរ៉ុប​កុំ​ឲ្យ​ដក​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ជូន​បេសកកម្មពិសេស​មួយទៅកាន់សហភាព​អឺរ៉ុបកាលពីសប្តាហ៍មុន​ដើម្បីបញ្ចុះបញ្ចូលនិង​ទប់ស្កាត់វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ«គ្រប់មុខ​ទំនិញ​លើកលែង​គ្រឿង​សព្វាវុធ»ពី​ប្រទេសកម្ពុជា​។

យោងតា​ម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​នៅ​ថ្ងៃព្រហស្បតិ៍នេះឲ្យ​ដឹងថា បេសកកម្ម​ពិសេសនេះ​ដឹកនាំ​ដោយ​លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជ​រដ្ឋាភិបាល។ តាម​សេចក្តី​ប្រកាស​ព័ត៌មានដដែល​បញ្ជាក់ថា បេសកកម្មនេះ​ចាប់ផ្តើម​ពីថ្ងៃទី១៨ ខែ​មិថុនា ដល់​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០១៨។ សេចក្តី​ប្រកាសព័ត៌មានបញ្ជាក់​ដែរថា បេសកកម្មពិសេសនឹង​បំភ្លឺជូន​មន្រ្តីជាន់ខ្ពស់សំខាន់ៗរបស់​គណៈកម្មការអឺរ៉ុប ប្រធានគណៈកម្មាធិការកិច្ច​ការ​បរទេស​របស់​សភា​អឺរ៉ុប និង​ឥស្សរជន​សំខាន់ៗផ្សេងទៀត។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​បញ្ជាក់​ថា តាម​រយៈការ​បញ្ជូន​បេសកកម្មនេះ កម្ពុជា​ក៏ចង់​បង្ហាញនូវ​សុឆន្ទៈក្នុងការ​សន្ទនាត្រង់ទៅត្រង់មក ដោយ​កម្ពុជា​ចាត់ទុក​សហភាព​អឺរ៉ុបគឺជា​ដៃគូដ៏សំខាន់ដែលមានកិច្ច​សហ​ប្រតិបត្តិការ​យ៉ាងរឹងមាំជាមួយកម្ពុជា។​

សភា​អឺរ៉ុប បាន​ប្រាប់​ទៅ​គណៈកម្មការ​អឺរ៉ុប ឲ្យ​សើរើ​ការ​ផ្ដល់​ភាព​អនុគ្រោះ​ផ្នែក​ពន្ធ​គយ​សម្រាប់​ប្រទេស​កម្ពុជា ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​នេះ។

តាមរបាយការណ៍របស់គណកម្មការអឺរ៉ុបដែលចេញផ្សាយ​កាលពីខែមេសាកន្លងទៅ ប្រទេសកម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧មានទំហំជាសាច់ប្រាក់ជាង​៥ពាន់លានដុល្លា។ ទំនិញដែលកម្ពុជានាំចេញទៅ​សហគមន៍​អឺរ៉ុបភាគច្រើនគឺផលិតផលវាយនភណ្ឌនិងកសិកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ