ប្រទេស​ និង​អង្គការ​ចំនួន​៨​ជំរុញ​ឲ្យ UN ចាត់​វិធានការ​លើ​កម្ពុជា​មុន​បោះឆ្នោត​​

សម័យប្រជុំលើកទី 38 នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស (រូបភាព៖ www.apc.org)

សហ​គមន៍​អន្តរជាតិបាន​បន្ត​រិះគន់​កម្ពុជា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​កាន់​ ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការសហ​ប្រជា​ជាតិ ដើម្បី​ឲ្យ​មាន​វិធាន​ការណ៍​ចំពោះ​រដ្ឋាភិបាលកម្ពុជាឲ្យ​បាន​មុន​ការ​បោះឆ្នោតនាពេល​​ខាង​មុខ។

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិបាន​បើកកិច្ចប្រជុំ​លើ​ក​ទី​៣៨ ចាប់​ពី​ថ្ងៃ​ទី​១៨ មិថុនា ដល់​ថ្ងៃ​ទី ៦ កក្ក​ដា ដើម្បី​ធ្វើ​ការ​ពិភាក្សា​លើ​បញ្ហា​សិទ្ធិ​មនុស្ស​សកល​ដើម្បីដាក់​ជូន​​អង្គការ​នេះ​ធ្វើ​សេចក្តីសម្រេច​នាពេល​ខាង​មុខ។

ក្នុង​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​ទី​២៧ មិថុនា មាន​ប្រទេស និង​អង្គការ​អន្តរជាតិ​​យ៉ាងហោច​ណាស់៨ បាន​​រិះគន់​ដោយ​ប្រយោល និង​ចំ​ៗ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ដែល​ពួកគេ​ថា​កំពុង​រំ​លោភ​សិទ្ធិ​មនុស្ស និ​ងធ្វើ​ឲ្យ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​មិន​អាច​ទទួល​យក​បាន ដោយ​ទាម​ទារ​ឲ្យ​កម្ពុជា​ងាក​មក​កាន់​ការ​បោះឆ្នោត​ដែលសេរី​ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌ដោយ​ដោះ​លែងលោក​កឹម សុខា និង​អ្នក​ទោសមនសិការផ្សេង​ទៀត អនុញ្ញាត​ឲ្យ​បក្ស​សង្គ្រោះជាតិ​ អាចបង្កើត​​ឡើង​វិញ និង​ចូល​រួម​ការ​បោះឆ្នោត​នាពេល​ខាង​មុខ។

ប្រទេស​និង​អង្គការ​ទាំង​នោះ​រួម​មាន​ប្រទេស​ប៊ុលការី ប៊ែល​ហ្ស៊ិក ហ្វាំង​ឡង់ អៀក​ឡង់ អង្គការHuman Right Watch សហ​ព័ន្ធ​អន្តរជាតិសម្រាប់​សិទ្ធិ​មនុស្ស អង្គការ​Human Right now និង​គណកម្ម​ការ​ច្បាប់​អន្តរជាតិ ICJ ។

តំណាង​ប្រទេស​ប៊ែល​ហ្ស៊ិកលោក Geert Muylle បាន​ថ្លែង​ថា​ប្រទេស​លោក​មាន​ការ​បារម្ភ​ចំពោះ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នៅ​កម្ពុជា​ ដោយ​ស្នើឲ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើ​យ៉ាង​ណា​ឲ្យ​កា​រ​បោះឆ្នោត​នាពេល​ខាង​មុខ​មាន​ភាព​សេរីត្រឹម​ត្រូវ​ និងយុត្តិ​ធម៌។

លោក​ថា៖ « ប៊ែល​ហ្ស៊ិក ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុញ្ញាត​ឲ្យ​បក្សប្រឆាំង​អាច​បង្កើត​ឡើង​វិញបាន​ និង​ត្រូវ​ដោះលែង​អ្នក​ទោស​នយោបាយទាំង​អស់​ » ។

តំណាង​របស់​អង្គការ​Human Right now លោក Nicolas Torres Vieira បាន​ថ្លែង​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​បក្ស​ប្រឆាំង អ្នកកាសែត និង​សង្គម​ស៊ីវិល វា​បាន​ធ្វើ​ឲ្យប្រាកដណាស់​ថា​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នោះ​នឹង​មិនសេរី និង​យុត្តិធម៌នោះ​ទេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​កិច្ចព្រម​ព្រៀង​សន្តិភាពទីក្រុង​ប៉ារីស។

ពួក​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជាដោះ​លែង​អ្នកទោស​នយោបាយប្រឆាំង ធ្វើ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ សង្គម​ស៊ីវិល និង​សារព័ត៌មាន​ ​អាច​វិល​ត្រលប់​មក​វិញដូច​ដើម​​បាន។ លុប​ចោល​ច្បាប់ណា​ដែលប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស និង​បញ្ចប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​ទៅ​លើ​បក្សប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ពួក​យើង​សំណូម​ពរ​ដល់​ក្រុម​ប្រឹក្សា​ និង​រដ្ឋាភិបាល​ ឲ្យ​ធ្វើ​សកម្ម​ភាព​ឲ្យ​កាន់​តែ​ខ្លាំង ដើម្បី​ឲ្យ​ប្រាកដ​ថា​ប្រទេស​កម្ពុជា​បាន​ផ្តល់​នូវ​ស្ថាន​ភាពចំបាច់​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​​មាន​ភាពសេរីត្រឹម​ត្រូវ និង​យុត្តិ​ធម៌

តំណាង​របស់​អង្គការ​Human Right now លោក Nicolas Torres Vieira

នៅ​ថ្ងៃ​នោះ​ដែរ​គណៈកម្មការច្បាប់អន្តរជាតិ ICJ បាន​ថ្លែងដោយ​ជំរុញ​ទៅ​កាន់ ក្រុមប្រឹក្សា​ និង​សមាជិក​ ត្រូវតែ​ឆ្លើយតប​ឱ្យកាន់តែមានប្រសិទ្ធិភាពចំពោះវិបត្តិដែលកំពុងបន្តនៅកម្ពុជា ជាពិសេសនៅប៉ុន្មានសប្តាហ៍មុនពេលបោះឆ្នោត។

តំណាង​ICJ ថ្លែង​ថា៖ « រដ្ឋមួយធ្វើ​ការ​ ផ្លាស់ប្តូរយ៉ាង​ឆាប់​រហ័ស​ទៅ​កាន់​របប​ផ្តាច់​ការ​ជាមួយ​នឹង​ការបង្ក្រាប​យ៉ាង​ទូលំ​ទូលាយ​ និងកាន់តែស៊ីជម្រៅទៅលើសិទ្ធិមនុស្ស ហើយ​សង្គម​ស៊ីវិល​មិនអាច​និយាយ​ដោយ​បើកចំហ​នៅក្រុម​ប្រឹក្សា​នេះ​ដោយសារ​ការ​ភ័យ​ខ្លាច​ពី​ការសងសឹក គួរតែត្រូវបានគេពិភាក្សា ដូចស្ថានការណ៍ដែលតម្រូវ ឱ្យមានការយកចិត្តទុកដាក់ របស់ក្រុមប្រឹក្សា ក្រោម​មាត្រា ៤ បញ្ហាជំនួយបច្ចេកទេសនិងការកសាងសមត្ថភាពនៅចំណុចទី១០ ។ ឧទាហរណ៏បន្ទាន់​មួយគឺ​ប្រទេស​កម្ពុជា! »

ភ្លាម​ៗបន្ទាប់​ពី​មាន​ការ​រិះគន់ ​​តំណាង​បេសកកម្ម​ការ​ទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក ណៃ​ សំអុល បាន​ធ្វើ​ការ​វាយ​បក​ទៅវិញ​ផង​ដែរ​ដោយ​បាន​ចោទ​ប្រទេស​ និង​អង្គការ​ទាំង​នោះ​ថា​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​មិន​ត្រឹម​ត្រូវ​តាម​ពេល​វេលា និងប្រើ​ប្រាស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សជា​ឧបករណ៍​ជ្រៀតជ្រែក​នយោបាយ​ បង្ខូច​កេរ្តិ៍​ឈ្មោះ​កម្ពុជា។

បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា​ នឹង​ត្រូវ​ពិភាក្សា​នៅ​ក្នុង​ខែ​កញ្ញា នៅ​ក្រោម​របៀប​វារៈ​ទី​១០ ដូចដែល​បានកំណត់​នៅ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​លេខ ៣៦/៣២កាល​ពីឆ្នាំមុន។ ហេតុ​ដូច្នេះ​ ហេតុ​អី​បាន​ជា​គណៈប្រតិភូ​ទាំង​នោះ​ប្រញាប់ប្រញាល់​លើកឡើង​នូវបញ្ហា​កម្ពុជា​នៅក្នុង​សម័យ​ប្រជុំនៃ​ក្រុម​ប្រឹក្សា​នេះ? នេះ​ក៏ព្រោះ​តែ​ពួកគេ​ត្រូវបាន​ជំរុញ​ចិត្ត​ដោយ​ភាព​លម្អៀង​នយោបាយ មិន​មែន​ជំរុញចិត្ត​ដោយ​បញ្ហា​សិទ្ធិ​មនុស្ស​នោះ​ទេ

តំណាង​បេសកកម្ម​ការ​ទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក ណៃ​ សំអុល

លោក​ណៃ សំអុល​បាន​បញ្ជាក់​ថា​ការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សង្គ្រោះ​គណបក្សសង្គ្រោះ​ជាតិ ឬ​ដោះលែង​ជនឃុំ​ខ្លួន​ គឺ​កំពុង​រុញ​ឲ្យ​រដ្ឋាភិបាល​ឲ្យ​ជ្រៀត​ជ្រែក​អំណាច​តុលាការ​ដែល​ជា​អំណាច​ឯក​រាជ្យ។

ខណៈដែល​គណបក្សសង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​ផាត់​ចេញពី​ការបោះឆ្នោត​នាពេល​ខាង​មុខ​នោះ បាន​ធ្វើ​ឲ្យ​អ្នកឃ្លាំមើលយល់​ថា​ការ​បោះឆ្នោត​នាពេល​ខាង​មុខមិនអាច​​ឆ្លុះ​បញ្ចាំង​ពី​គោលការណ៍​ប្រជាធិបតេយ្យបាន​នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ខុម​ហ្វ្រែលលោក កន សាវាង្ស បាន​ថ្លែងប្រាប់​វី​អូ​ឌីកាល​ពី​ថ្ងៃ​ទី៥ មិថុនា​ថា រដ្ឋា​ភិ​បាល​កើត​ក្រោយការបោះឆ្នោតបែបបនេះ នឹងជួបបញ្ហាជាច្រើន ដូចជា ប្រតិកម្មរិះគន់ពីសហគមន៍អន្ដរជាតិ និងការមិនទទួល​ស្គាល់​លទ្ធផលបោះឆ្នោតជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ