តុលាការកំពូលកាលពីថ្ងៃសុក្រម្សិលមិញ បានសម្រេចឲ្យបន្តឃុំខ្លួនលោក គឹម សុខ អ្នកស្រាវជ្រាវនិងវិភាគបញ្ហាសង្គម ពាក់ព័ន្ធលោកចោទថា គណបក្សកាន់អំណាចស្ថិតនៅពីក្រោយឃាតកម្មលើលោកកែម ឡី។
ក្រោយការបើកសវនាការកាលពីម្សិលមិញ ចៅក្រមសម្រេចតម្កល់សាដីកា កាត់ទោសលោក គឹម សុខ ហើយជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។ លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីសម្រេចឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ហើយពេលនេះលោកស្ថិតនៅក្នុងពន្ធនាគារ១៦ខែហើយ។
លោកគឹម សុខ ធ្លាប់អត្ថាធិប្បាយចោទគណបក្សកាន់អំណាចថា នៅពីក្រោយករណីសម្លាប់លោក កែម ឡី ហើយក៏ថា បក្សកាន់អំណាចមានរៀបចំក្រុមដើម្បីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។ តុលាការបានចោទប្រកាន់លោក គឹម សុខពីបទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្ត៍ជាសាធារណៈ។