អ្នករងគ្រោះពីការជួញដូរទៅរៀបការជាមួយបុរសចិន។ រូបពីហ្វេសប៊ុកអង្គការCCPCR។
រដ្ឋាភិបាលអាមេរិកបានចាត់ថ្នាក់បែបនេះនៅក្នុងរបាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០១៨ ដែលចេញដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី២៨ ខែមិថុនាកន្លងមកនេះ។
ក្នុងរបាយការណ៍ដដែលនេះ ក្រសួងការបរទេសអាមេរិកបានចាត់ថ្នាក់ប្រទេសកម្ពុជាស្ថិតនៅក្នុងកម្រិតទី២ ដែលមានន័យថា រដ្ឋាភិបាលកម្ពុជាពុំទាន់លុបបំបាត់ទាំងស្រុងនូវការជួញដូរមនុស្សនៅឡើយទេ បើទោះបីជាត្រូវបានរកឃើញថា ប្រទេសនេះបានខិតខំប្រឹងប្រែងដើម្បីអនុវត្តតាមច្បាប់នេះហើយ។
ក្រសួងការបរទេសអាមេរិកបានលើកឡើងក្នុងរបាយការណ៍ដដែលនោះថា អំពើពុករលួយដ៏រីករាលដាលនៅក្នុងប្រទេសនេះ បន្តរារាំងដល់ការអនុវត្តច្បាប់ ដំណើរការតុលាការ និងការផ្ដល់សេវាដល់ជនរងគ្រោះ។
ក្រៅពីអំពើពុករលួយ ក្រសួងការបរទេសអាមេរិក បានលើកឡើងបន្តថា អាជ្ញាធរកម្ពុជាពុំបានចេញសេចក្ដីណែនាំផ្លូវការណាមួយសម្រាប់អនុញ្ញាតឲ្យប្រើប្រាស់បច្ចេកទេសស៊ើបអង្កេតដោយសម្ងាត់នៅក្នុងប្រតិបត្តិការប្រឆាំងការជួញដូរមនុស្សនៅឡើយទេ។
បើតាមរបាយការណ៍ដដែលនោះ បញ្ហានេះធ្វើឲ្យរាំងស្ទះដល់សមត្ថភាពប្រតិបត្តិការរបស់មន្ត្រី ក្នុងការនាំយកជនល្មើសជួញដូរមនុស្សទៅទទួលខុសត្រូវចំពោះមុខច្បាប់។
ទោះជាយ៉ាងណា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ប្រសើរជាងប្រទេសភូមា ឡាវ និងម៉ាឡេស៊ី ខណៈដែលប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ី នៅតែស្ថិតនៅក្នុងចំណោមប្រទេសដែលពុំទាន់លុបបំបាត់បានទាំងស្រុងនូវការជួញដូរមនុស្សនៅឡើយ៕