លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា បឹងធម្មជាតិដ៏ធំស្ថិតនៅក្នុងខេត្តរតនគិរី ភាគឦសានកម្ពុជា មិនត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុនឯកជននោះណាមួយនោះឡើយ ដែលនេះគឺជាប្រតិកម្មរបស់លោកតបទៅនឹងអត្ថបទមួយចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក។
ដោយបានដកស្រង់ប្រភពក្រុមហ៊ុនវិនិយោគចិន កាសែតរស្មីកម្ពុជា បានចុះផ្សាយនៅថ្ងៃនេះថា «រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោមទៅឲ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល ៧៥ឆ្នាំ»។
ជាប្រតិកម្មតបទៅនឹងការចុះផ្សាយបែបនេះ លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា លោកមិនអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនណាមួយវិនិយោគលើបឹងធម្មជាតិមួយនេះនោះឡើយ។
លោក ហ៊ុន សែន សរសេរនៅលើទំព័រហ្វេសប៊ុក
បើតាមអត្ថបទចុះផ្សាយដោយកាសែតរស្មីកម្ពុជា ក្រុមហ៊ុន ដាសេងហ្វ័នឈួន (ខេមបូឌា) អ៊ែសេតមេនិចមិន ខបភេនី បានស្នើសុំសិទ្ធិវិនិយោគលើរមណីយដ្ឋានបឹងយក្សឡោម ដែលគ្រប់ដណ្ដប់លើផ្ទៃដី ២៨០ហិកតា ស្ថិតនៅក្នុងក្រុងបានលុង។
កាសែតខាងលើ ក៏បានអះអាងថា លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានឯកភាពទៅលើសំណើរបស់ក្រុមហ៊ុនចិនរួចមកហើយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ និងបានបញ្ជូនសំណើនេះទៅទីស្ដីការគណៈរដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធនានាផងដែរ ប៉ុន្ដែ តម្រូវឲ្យអាជ្ញាធរខេត្តរតនគិរី ធ្វើការវាយតម្លៃអំពីផលប៉ះពាល់លម្អិតឲ្យបានច្បាស់លាស់។
ក្រុមហ៊ុនចិនមួយនេះ បានស្នើសុំសិទ្ធិវិនិយោគលើតំបន់បឹងធម្មជាតិដ៏ធំមួយនេះ បន្ទាប់ពីក្រសួងបរិស្ថានបានសម្រេចកែប្រែរមណីយដ្ឋានបឹងយក្សឡោម ទៅជាតំបន់ប្រើប្រាស់ច្រើនយ៉ាងនៅលើផ្ទៃដីសរុប ២២៥ហិកតា កាលពីខែមិថុនាកន្លងមកនេះ៕
