លោក​ ហ៊ុន សែន​ ប្ដេជ្ញា​​រឹត​​ចំណង​​ជា​មួយ​​ចិន​​​បន្ថែម​​ទៀត​​ចំ​​ពេល​​ខួប​​៦០​​ឆ្នាំ​​នៃ​​ទំនាក់​​ទំនង​​ទ្វេ​​ភាគី​

លោក ហ៊ុន សែន ថ្លៃងក្នុងពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ថ្ងៃទី ០២ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានប្រកាស​លើក​កម្ពស់​កិច្ច​សហប្រតិ​បត្តិ​ការ​ជា​ដៃ​គូរគ្រប់​ជ្រុង​ជ្រោយ​ជា​មួយ​ប្រទេស​ចិន​បន្ថែម​ទៀត ដោយ​ថា ​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា។

លោក​ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​អប​អរ​សាទរខួប​ ៦០​ឆ្នាំ​នៃ​ទំនាក់​ទំនង​កម្ពុជា​-ចិន ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ល្ងាច​ថ្ងៃម្សិល​មិញ​នេះ។

ក្នុង​ពិធី​នោះ លោក ហ៊ុន សែន បាន​​សង្កត់​ធ្ងន់​ថា ​ក្នុង​យៈពេល ៦០​ឆ្នាំមក​នេះ​ ប្រទេស​កម្ពុជា​បាន​ទទួល​ប្រយោជន៍​ជាច្រើន​ពីទំនាក់​ទំនងជា​មួយ​ប្រទេស​ចិន ហើយ​ក៏​នឹង​បន្ត​គាំ​ទ្រការ​រឹត​ចំណង​ជា​មួយ​ប្រទេស​ចិនបន្ថែម​ទៀត​ផង​ដែរ។

លោក​បន្ថែម​ថា គំនិត​ផ្តួច​ផ្តើម​របស់​ចិនលើគោលនយោបាយ​ «ខ្សែ​​ក្រវ៉ាត់​មួយ និង​ផ្លូវ​មួយ» «មូល​និធិផ្លូវ​សូត្រ» និង​ធនាគា​រ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី គឺ​ជា​ការ​ធ្វើ​ឲ្យ​ប្រទេស​ដែល​នៅ​តាម​ខ្សែ​ក្រវ៉ាត់ទាំង​នោះ​មាន​ការ​អភិវឌ្ឍ និង​ពង្រឹង​ភាព​ជា​ដៃ​គូរ ដែល​កម្ពុជា​ប្រកាស​គាំទ្រ​ពេញ​ទំ​ហឹង​ចំពោះ​គំនិត​មួយ​នេះ។

កម្ពុជា​សូម​អបអរ​សាទរ​ចំពោះ​លទ្ធ​ផល​ជា​វិជ្ជ​មាន​នៃ​កិច្ច​សហប្រតិបត្តិការ លទ្ឋផលជាផ្លែផ្កាដែលយើងទទួលបាននាពេលកន្លងមក រួមទាំងការប្តេជ្ញា​បន្តលើក​កម្ពស់​វិសាល​ភាព​នៃ​កិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យឈាន​ដល់កម្រិត​កាន់តែ​ខ្ពស់​ថែម​ទៀត ដើម្បីផ្តល់នូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន

​គិត​ត្រឹម​ឆ្នាំ​២០១៧ ទំ​ហំពាណិជ្ជកម្ម​ទេ្វភាគី​កម្ពុជា-ចិន​ បាន​កើន​ឡើង​ដល់​ទំហំ ៥ ៥៧៧លានដុល្លាអាមេរិក ដែល​ធ្វើ​ឲ្យ​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី​១ ក្នុង​ចំណោម​ប្រទេស​វិនិយោគ​ផ្ទាល់​មក​កាន់​កម្ពុជា ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​រំពឹង​ថា ​ទំ​ហំពាណិជ្ចកម្ម​នេះ​ នឹង​កើន​ឡើង​ដល់​ ៦០០០​លាន​ដុល្លា​រ​​អាមេរិក នៅ​ឆ្នាំ​២០២០​ខាង​មុខ។

ខណៈ​ដែល​កម្ពុជា​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ​ជាមួយ​ចិន​នោះ ប្រទេស​នេះត្រូវ​បាន​មើល​ឃើញ​ថា ហាក់​មាន​ទំនាក់​ទំនង​រកាំរកូស​ជាមួយសហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​លោក​សេរី។

អ្នក​តាម​ដាន​បញ្ហា​នយោបាយកម្ពុជា​ លោក ឯម សុវណ្ណារ៉ា បាន​ទទួល​ស្គាល់​ថា កម្ពុជា​ពិត​ជា​ទាញ​បាន​ប្រយោជន៍​ច្រើន​នៅ​ក្នុង​ទំនាក់​ទំនង​ដ៏​ល្អ​ជាមួយ​ចិន ប៉ុន្តែ លោក​ថា រដ្ឋាភិបាល​ក៏​មិន​គួរ​បោះ​បង់​អាមេរិក ឬ​សហភាព​អឺរ៉ុប​ចោល​នោះ​ឡើយ។

អញ្ចឹង​ទេ​កម្ពុជា​គួរ​តែ​ឆ្លៀត​យក​ឱកាស​ហ្នឹង ឆ្លៀត​យក​គោល​នយោបាយ​ និង​កិច្ច​សហប្រតិបត្តិ​ការ​របស់​ប្រទេស​ចិន​ហ្នឹង វិថីសូត្រ និង​ធនា​គារ​ហេដ្ឋារចនា​សម្ព័ន្ធ​នេះ វា​ជា​ចំណុច​ល្អ​ឲ្យ​តែ​យើង​ធ្វើ​បាន។ […] សម្រាប់​ការ​លើ​ក​មុខ​មាត់​កម្ពុជា​នៅ​លើឆាក​អន្តរជាតិ​ ចិន​មិនទាន់​អាច​លើក​មុខ​មាត់​កម្ពុជា​បាន​ដូច​សហគមអឺរ៉ុប ឬ​សហរដ្ឋ​អាមេរិកបាន​នៅ​ឡើយទេ ជា​ពិសេស​សហរដ្ឋ​អាមេរិក​ដែល​បាន​ជួយ​បាន​ច្រើន

អ្នក​តាម​ដាន​បញ្ហា​នយោបាយកម្ពុជា​ លោក ឯម សុវណ្ណារ៉ា

ទំនាក់​ទំនងសម័យ​ទំនើបរវាង​កម្ពុជា-​ចិន បាន​ចាប់​ផ្តើមនៅថ្ងៃ​ទី​១៩ កក្កដា ​ឆ្នាំ​១៩៥៨ បន្ទាប់ពី​​កម្ពុជា​បានទទួល​ស្គាល់​សាធារណរដ្ឋ​ប្រជា​មានិតចិនជាប្រទេស​ស្រប​ច្បាប់ និង​បាន​បដិសេធ​ឯក​រាជ្យ​ភាព​របស់​តៃ​វ៉ាន់។

ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ បាន​បន្សល់​ទុក​នូវ​ប្រវត្តិសាស្ត្រ​ផ្អែម​ល្ហែម​ផង និង​ជូរ​ចត់​ផង​នៅ​ក្នុង​រយៈ​ពេល ៦០​ឆ្នាំ​កន្លង​មក៕

លោក ហ៊ុន សែន និងមន្រ្តីស្ថានទូតចិន លោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ថ្ងៃទី ០២ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ