ក្មេងប្រុសចំនួន១២នាក់និងគ្រូបង្វឹកបាល់ទាត់ ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំមួយ នៅក្នុងប្រទេសថៃអស់រយៈពេល៩ថ្ងៃ ត្រូវបានរកឃើញដោយអ្នកមុជទឹក នៅក្នុងរឿងមួយ ដែលបង្កការភ្ងាក់ផ្អើលពេញទូទាំងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។
បើតាម BBC ពួកគេត្រូវបានរកឃើញដោយអ្នកមុជទឹកចក្រភពអង់គ្លេស២នាក់ នៅលើព្រំប្រទល់មួយនៅក្នុងរូងថ្មមួយ បន្ទាប់ពីប្រតិបត្ដិការស្វែងរកយ៉ាងមមាញឹកនៅរូងភ្នំ ថាម ហ្លួង នៅក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ។
អាជ្ញាធរ បានប្រាប់សារព័ត៌មានក្នុងស្រុកថា បញ្ហាប្រឈមនៅពេលនេះ គឺដើម្បីការនាំយកមនុស្សទាំង១៣នាក់នោះដោយសុវត្ថិភាព ខណៈមានការកើនឡើងទឹកនិងភក់ ដែលកំពុងរំខាននដល់ការចូលសង្គ្រោះនៅក្នុងរូងភ្នំ។
ក្រុមគ្រួសារនៃក្រុមមនុស្សដែលបាត់ខ្លួន មានភាពសប្បាយរីករាយ នៅពេលដឹងថា ពួកគេត្រូវបានរកឃើញនិងនៅរស់នៅឡើយ។
ក្រុមអ្នកជួយសង្គ្រោះ នៅពេលដំបូង មានក្តីសង្ឃឹមថា ពួកគេនឹងត្រូវរកឃើញដោយសុវត្ថិភាពនៅលើគែមជំរាលផ្នែកខាងរូងភ្នំដែលមានឈ្មោះហៅក្រៅថា «ឆ្នេរប៉ាតាយ៉ា» ប៉ុន្តែពួកគេ បែជាត្រូវបានគេរកឃើញក្នុងចម្ងាយ៤០០ម៉ែត ពីទីទួលខ្ពស់មួយដើម្បីគេចចេញពីជំនន់ទឹកដែលឡើងខ្ពស់ នេះបើតាម BBC។
អ្នកជួយសង្គ្រោះ២នាក់របស់អង់គ្លេសត្រូវបានគេជឿជាក់ថាមានឈ្មោះ Rick Stanton និង John Volanthen ដែលបានមកដល់ប្រទេសថៃកាលពីដើមសប្តាហ៍មុន ខណៈអ្នកជួយសង្គ្រោះបានចំណាយពេលជាច្រើនម៉ោង ដើម្បីទៅដល់ក្រុមនុស្សទាំង១៣នាក់នោះកាលពីថ្ងៃចន្ទម្សិលមិញ។
បើតាម BBC នៅក្នុងវីដេអូដែលបង្ហោះនៅលើហ្វេសប៊ុកដោយកងកម្លាំងពិសេស SEAL របស់កងទ័ពជើងទឹកថៃមួយ អាចត្រូវបានគេលឺនិយាយជាភាសាអង់គ្លេសទៅក្រុមនេះ ខណៈដែលពួកគេអង្គុយនៅលើជណ្តើរមួយនៅពីលើទឹកក្នុងរូងថ្មមួយ ដែលត្រូវបានបញ្ចាំពន្លឺដោយភ្លើងពិល៕
ទីភ្ងាក់ងារសារព័ត៌មាន DPA បានផ្សាយថា ក្រុមអាជ្ងាធរមានសមត្ថកិច្ច បានច្រានចោលពាក្យចចាមរ៉ាម ដែលថា បេសកម្មជួយសង្គ្រោះក្មេងទាំងនោះចេញពីរូងភ្នំ អាចនឹងចំណាយពេលច្រើនខែ ខណៈពេលនេះ អភិបាលខេត្តឈៀងរ៉ៃ ឲ្យដឹងថា កិច្ចការចំពោះមុខនៅពេលនេះ គឺធានានូវសុខភាពរបស់ពួកគេ ពីព្រោះថា ពួកគេមិនមានកម្លាំងដើម្បីហែលទឹក ឬ មុជទឹកនោះទេ៕