ខណៈយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ជិតមកដល់នៅតាមរោងពុម្ពនីមួយៗមានការមមាញឹកជាមួយការទទួលបញ្ជាទិញនិងបោះពុម្ព អាវ មួក ក៏ដូចជាស្ទីកឃើ ពីតំណាងនៃគណបក្សនយោបាយផ្សេងៗ ដើម្បីចូលរួមឃោសនាបោះឆ្នោតដែលនឹងចាប់ផ្ដើមដំណើរការក្នុងរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ។
នៅខាងក្នុងនិងខាងមុខហាងបោះពុម្ពនីមួយៗមានការដាក់ព្យួរអាវ មួក និង ទង់គណបក្សផ្សេងៗ តែភាគច្រើនជាអាវ និង មួក ដែលមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ម្ចាស់ហាងនីតា យ៉ារី បោះពុម្ព ប៉ាក់ ដែលបានទទួលបញ្ជាទិញ និង បោះពុម្ពអាវជាច្រើន ពីតំណាងគណបក្សប្រជាជនកម្ពុជា មកពីខេត្តក្រុង គឺមមាញឹកយ៉ាងខ្លាំង។ នៅក្នុងអាណត្តិនេះហាងបានទទួបញ្ជាទិញនិងបោះពុម្ព ជាង៣ម៉ឺនអាវ ដែលមានតម្លៃពី ៥ ទៅ១០ ដុល្លា សំរាប់អាវមួយ ហើយចំនួននេះប្រហាក់ប្រហែលអាណត្តិមុនដែរ។
និយាយបណ្ដើរដៃកត់ត្រាចំនួនបញ្ជាទិញនិងបោះពុម្ពបណ្ដើរ អ្នកស្រីម្ចាស់ហាង នីតា យ៉ារី បាននិយាយថា៖
អ្នកស្រីម្ចាស់ហាង នីតា យ៉ារី
ផ្ទុយទៅវិញ ចំពោះហាងដៃឯកបោះពុម្ពនិងប៉ាក់ ដែលទទួលបោះពុម្ពអាវគណបក្សប្រជាជនដូចគ្នា បានត្អូញត្អែរថាការបញ្ជាទិញនិងបោះពុម្ពមានការថយចុះជាងអាណត្តិទី៥ ព្រោះមានការនាំចូលអាវពីក្រៅប្រទេសមកលក់ និងមានហាងបោះពុម្ពផ្សេងៗទៀតបើកជាច្រើន។
និយាយបណ្ដើរដៃបត់អាវទុកបណ្ដើរ អ្នកស្រីម្ចាស់ហាង សុំមិនបញ្ចេញឈ្មោះបានប្រាប់វីអូឌីថា៖ «រាល់ថ្ងៃនេះប្រហែលជាចាញ់២០១៣ ២០១៣មានមនុស្សកម្មង់ច្រើន គណបក្សប្រជាជនឆ្នាំ២០១៣ហ្នឹងដាច់ច្រើន មាន កម្មង់រហូតដល់រាប់ម៉ឺនអាវតែក្នុងអាណត្តិនេះអ៊ុំអត់ដាច់ចំនួនរាប់មឺនអាវទេជួនកាលគេកម្មង់ហាងផ្សេងអញ្ចឹងទៅណា»។
អ្នកស្រីបានលើកឡើងថា បោះឆ្នោតជាតិឆ្នាំ២០១៣ ហាងអ្នកស្រីបានបោះពុម្ពអាវឲ្យគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ និងគណបក្សផ្សេងៗ ប៉ុន្តែឆ្នាំនេះមានតែគណបក្សប្រជានជនកម្ពុជា ហើយពុំឃើញគណបក្សដទៃទៀតបញ្ជាទិញនិងបោះពុម្ពនោះទេ តែទោះជាយ៉ាងណា អ្នកស្រីក៏មមាញឹកក្នុងការបោះពុម្ពដើម្បីឲ្យទាន់ពេលតាមការបញ្ជាទិញ។
អ្នកស្រីម្ចាស់ហាងដៃឯកបោះពុម្ពនិងប៉ាក់ បានបន្ថែមថា៖ «មានតែគណបក្សប្រជាជន ផុតពីហ្នឹងអត់មាន គេអត់មក គេអត់មកធ្វើ អ៊ុំទទួលទាំងអស់អ្នកណាក៏ដោយអោយតែមកបោះ ប៉ុន្ដែវាអត់មានគណបក្សផ្សេងមកបោះនៅផ្ទះអ៊ុំ[…]ដោយសារតែឃើញអ៊ុំហ្នឹងរៀបចំសម្ភារះគណបក្សប្រជាជនច្រើន ហើយគណបក្សផ្សេងក៏អត់មកទៅ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បាននិយាយថាលោកពុំទាន់ដឹងច្បាស់ពីការចំណាយរបស់គណបក្សសំរាប់បោះពុម្ពអាវ មួកនិងសំភារៈផេ្សងៗសំរាប់ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី៦នេះនៅឡើយទេ ដោយត្រូវរងចំារហូតដល់ការបោះឆ្នោតត្រូវបានបញ្ចប់។

លោកបានលើកឡើងថា សមាជិកគណបក្សប្រជាជនកម្ពុជា គ្រប់ខេត្តក្រុងចូលរួមចំណែកការចំណាយក្នុងការបោះពុម្ពសំភារៈផ្សេងៗ ដើម្បីចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៨នេះ ដោយពុំពឹងផ្អែកថវិកា គណបក្សប្រជាជនកម្ពុជាទាំងស្រុងនោះទេ ហើយក៏បានត្រៀមខ្លួនរួចរាល់ហើយផងដែរ។
លោក សួស យ៉ារ៉ា បាននិយាយថា៖ «គណបក្សប្រជាជនកើតឡើងពីប្រជាជន ជាការចូលរួមពីប្រជាជន អញ្ចឹងចំនួនអាវ ចំនួនមួកជាការស្ម័គ្រចិត្តរបស់ក្រុមការងារនីមួយៗ មិនអាចពឹងលើថវិការរបស់គណបក្សទាំងមូល ទៅការទ្រទ្រង់នេះគឺជាការ ចូលរួមរបស់ប្រជាជននិងអ្នកស្ម័គ្រចិត្ត»។
ចំណែកឯ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនមានការបោះពុម្ពអាវរឺមួកច្រើនប៉ុន្មានទេ ព្រោះខាងគណបក្ស ក៏ដូចជាសមាជិកមិនមានថវិកាច្រើនដើម្បីបោះពុម្ព ហើយការឃោសនាមានលក្ខណៈក្នុងទ្រង់ទា្រយតូចៗ ប៉ុណ្ណោះ។ ដូចនេះគណបក្សនឹងផ្តល់ជូននូវ អាវ និង មួក ដល់អ្នកស្ម័គ្រចិត្តចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
អ្នកនាំពាក្យនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាម អ៊ីន បាននិយាយថា៖ «ជារួមយើងមិនមានធនធានច្រើនទេ អញ្ចឹងរបៀបនៃការរៀបចំការឃោសនារបស់យើង វាមានលក្ខណៈសន្សំសំចៃច្រើនហ្នឹងណា ទាំងការបោះអាវ មានផ្លាកគណបក្សក្ដី មួកក្ដី យើងបោះមិនបានជាច្រើនប៉ុន្មានទេ»។
លោក សាម អ៊ីន បានបន្ថែមថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានត្រៀមសំភារៈឃោសនាសំរាប់់អ្នកស្ម័គ្រចិត្ត ជាង១០០នាក់ក្នុងទីក្រុងភ្នំពេញ។
លោក សាម អ៊ីន និយាយថា៖ «ជារួមយើងយកធនធានដែលសមាជិកចូលមកហ្នឹងយើងនឹងបោះអាវ ហើយនឹងមួកហើយនឹងផ្ដល់ជូនទៅអ្នកដែលគាត់ស្ម័គ្រចិត្តឃោសនាឲ្យយើងហ្នឹងគាត់ពាក់មាន២ សម្រាប់ ៣សម្រាប់អីអញ្ចឹង ទីក្រុងភ្នំពេញអីជាដើមហ្នឹងយើងមានចង់ត្រៀមអោយបាន១០០នាក់អញ្ចឹងណាមកជួយដើរឃោសនា យ៉ាងតិច១០០នាក់អញ្ចឹងទៅ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បាននិយាថា រាល់ការចំណាយ លើការបោះពុម្ពសំភារៈផ្សេងៗ ទោះតិចឬច្រើន អាស្រ័យលើធនធានរបស់គណបក្សនីមួយៗមាន ហើយ គ.ជ.ប មានតួនាទីត្រឹមតែពិនិត្យមើលកំរិតនិងទំហំនៃចំនួនមនុស្សនិងសំភារៈប្រើប្រាស់ក្នុងការឃោសនាប៉ុណ្ណោះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា
យោងតាមរបាយការណ៍សង្កេតរបស់អង្គការខុមហ្រ្វែល ពីការចំណាយរបស់គណបក្សនយោបាយក្នុងសកម្មភាពនៃការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងមក (មិនរួមបញ្ចូលតំលៃចំណាយលើប្រព័ន្ធផ្សព្វផ្សាយ ការផ្ដល់ជាអំណោយ និងការទិញសន្លឹកឆ្នោត)បានរកឃើញថា គណបក្សប្រជាជនកម្ពុជាបានចំណាយជាមធ្យម ១៥,០០០,០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតទូទាំងប្រទេស។ ខណះពេលគណបក្សសង្គ្រោះជាតិចំណាយប្រមាណ ៣,៥០០,០០០ ដុល្លារសហរដ្ឋអាមេរិក និង គណបក្សហ៊្វុនស៊ិនប៉ិចចំណាយប្រមាណ ៥០០,០០០ ដុល្លារសហរដ្ឋអាមេរិក។
ប្រមាណ២ថ្ងៃទៀតប៉ុណ្ណោះ គណបក្សនយោបាយទាំងអស់ នឹងចូលរួមបធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជាមួយអ្នកគាំទ្រខ្លួន ជាក្បួនតូចធំតាមបណ្ដោយផ្លូវផ្សេងៗគ្រប់រាជធានីខេត្តដើម្បីផ្សព្វផ្សាយពីគោលនយោបាយផ្សេងៗរបស់គណបក្សទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសនិង ដើម្បីទាក់ទាញប្រជាប្រិយភាពរបស់គណបក្សខ្លួនបន្ថែមទៀត។
គ.ជ.ប បានទទួលស្គាល់គណបក្សនយោបាយ២០ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ តែពុំមានវត្តមានគណបក្សសង្រ្គោះជាតិចូលរួមនោះទេ។