គម្រោងតភ្ជាប់ផ្លូវរថភ្លើងកម្ពុជា ថៃ ឈានដល់ការសម្រេចរួមនៅព្រឹកនេះ ខណៈភាគីទាំងពីរសន្យាបន្តនីតិវិធី ដើម្បីជំរុញឱ្យឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងពេលខាងមុខ។
បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីសាធារណការថៃលោក Arkhom Permpittayapaisith នៅទីស្តីការក្រសួងសាធារណការកម្ពុជានៅព្រឹកនេះ រដ្ឋមន្ត្រីក្រសួងសាធារណការលោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា គម្រោងតភ្ជាប់ផ្លូវដែកកម្ពុជា ថៃ បានឈានដល់ការព្រមពៀងរវាងភាគីទាំងពីរហើយ ដោយនៅតែរង់ចាំតែការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ុណ្ណោះ។ លោកបន្ថែមថាក្រៅពីព្រមព្រៀងក្នុងការតភ្ជាប់ ភាគីប្រទេសថៃក៏យល់ព្រមផ្តល់ដែកសម្រាប់ធ្វើផ្លូវរថភ្លើងដែលមានប្រវែង៦០គីឡូម៉ែត្រមកកាន់កម្ពុជាផងដែរ។
រដ្ឋមន្ត្រីក្រសួងសាធារណការលោក ស៊ុន ចាន់ថុល
រដ្ឋមន្ត្រីក្រសួងសាធារណការថៃលោក Arkhom Permpittayapaisith មានប្រសាសន៍ថាការតភ្ជាប់ផ្លូវរថភ្លើងរវាងកម្ពុជា ថៃ នឹងអាចផ្តល់ផលប្រយោជន៍ជាច្រើនដល់ភាគីទាំងពីរ ពិសេសគឺការធ្វើពាណិជ្ជកម្ម។
រដ្ឋមន្ត្រីក្រសួងសាធារណការថៃលោក Arkhom Permpittayapaisith
អនុស្សរណៈនៃការយោគយល់គ្នា(MOU) អំពីការតភ្ជាប់ផ្លូវដែកកម្ពុជា ថៃ ត្រូវបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៥ មកម្លេះ ហើយកម្ពុជាធ្លាប់បានប្រកាសថានឹងតភ្ជាប់ឲ្យបាននៅត្រឹមចុងឆ្នាំ២០១៦ តែគម្រោងនេះបានអូសបន្លាយរហូតមកដល់ពេលនេះ។
ការតភ្ជាប់នេះស្ថិតក្នុងក្របខ័ណ្ឌផ្លូវដែកសិង្ហបុរី-គុនមីងដែលនឹងតភ្ជាប់ពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ទៅកាន់ខេត្តគុនមីងប្រទេសចិន។
ប្រទេសកម្ពុជាមានផ្លូវដែក ២ ខ្សែគឺខ្សែទី ១ ពីភ្នំពេញទៅក្រុងប៉ោយប៉ែតមានចម្ងាយ ៣៨៦ គីឡូម៉ែត្រ និងខ្សែទី ២ ពីភ្នំពេញទៅកំពង់ផែក្រុងព្រះសីហនុមានចម្ងាយ ២៦៦ គីឡូម៉ែត្រ។
ចំណែកកំណាត់ផ្លូវដែកខេត្តពោធិ៍សាត់ មកភ្នំពេញដែលបើកដំណើរការបណ្តោះអាសន្នកាលពីថ្ងៃទី ៤ កក្កដា មានប្រវែង ១៦៦ គីឡូម៉ែត្រ៕