មន្ត្រីគ្រប់គ្រងប្រាសាទព្រះវិហារ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរដែលចូលទៅទស្សនាប្រាសាទបុរាណមួយនេះ បានកើនឡើងប្រហែល ៦ភាគរយនៅក្នុងឆមាសទី១ ដើមឆ្នាំនេះ ខណៈដែលកម្ពុជាត្រៀមរៀបចំប្រារព្ធខួប ១០ឆ្នាំ និងខួប ១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទបុរាណមួយនេះ និងប្រាសាទសម្បូរព្រៃគុហ៍ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ លោក ហេង សំរិទ្ធ បានប្រាប់វីអូឌីនៅថ្ងៃនេះ ភ្ញៀវទេសចរជាង ៦ម៉ឺននាក់ ក្នុងនោះ ៥ម៉ឺននាក់ជាភ្ញៀវទេសចរជាតិ បានចូលទៅទស្សនាប្រាសាទព្រះវិហារ ស្ថិតនៅលើកំពូលភ្នំជាប់ព្រំដែនជាមួយប្រទេសថៃ ចាប់តាំងពីខែមករារហូតដល់ចុងខែមិថុនាកន្លងមកនេះ។
មន្ត្រីរូបនេះ បានឲ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរចូលទៅទស្សនាតំបន់សំណង់ប្រាសាទបុរាណមួយនេះ បានកើនឡើងចន្លោះពី ៥ ទៅ ៦ភាគរយ នៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ បើធៀបទៅនឹងតួលេខនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ហេង សំរិទ្ធ បង្ហាញជំនឿថា ចំនួនភ្ញៀវទេសចរចូលទៅទស្សនាតំបន់នោះ នឹងកើនឡើងនៅឆ្នាំក្រោយ ដោយថា លោកនឹងរៀបចំកម្មវិធីសង្ក្រាន្តព្រះវិហារនៅទីនោះ និងដោយសារមានការបើកនូវសារៈមន្ទីរសកលធម្មជាតិសម្តេចតេជោផងដែរ។
សំណង់ប្រាសាទបុរាណដែលត្រូវបានសាងសង់ឡើងនៅសតវត្សរ៍ទី៩នោះ បានរងការខូចខាតអំឡុងពេលមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ ក្រោយពីតំបន់ប្រាសាទបុរាណមួយនេះ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨។
ជាមួយគ្នានេះដែរ កម្ពុជាក៏គ្រោងរៀបចំពិធីរម្លឹកខួប ១០ឆ្នាំ និងខួប ១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសម្បូរព្រៃគុហ៍ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៥ ខែកក្កដានេះ នៅឯពហុកីឡដ្ឋានអូឡាំពិក៕