អ្នកកាសែតជនជាតិអូស្ត្រាលី លោក James Ricketson ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួនចាប់តាំងពីជាង ១ឆ្នាំមុននោះ បានសរសេរលិខិតសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្នើឲ្យដោះលែងរូបលោកផងដែរ។
ក្នុងលិខិតសុំទោសជាភាសាខ្មែរដែលត្រូវបានបកប្រែចេញពីលិខិតជាភាសាអង់គ្លេសចុះថ្ងៃទី១ ខែកក្កដានោះ លោក James រៀបរាប់ថា លោកសោកស្ដាយចំពោះសេចក្ដីអត្ថាធិប្បាយ«ដែលមិនគោរព» និងសុំអភ័យទោសចំពោះលោក ហ៊ុន សែន ផ្ទាល់។
អ្នកកាសែតអូស្ត្រាលីរូបនេះ ក៏បានកោតសរសើរផងដែរថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានផ្ដល់ផលប្រយោជន៍ដល់ប្រទេស និងស្ថេរភាពសម្រាប់ប្រជាជនកម្ពុជា។
អ្នកបកប្រែលិខិតសុំទោសរបស់លោក James គឺលោក ញ៉ុក វណ្ណា បានប្រាប់វីអូឌីកាលពីថ្ងៃម្សិលមិញថា លិខិតបកប្រែរួចរាល់ហើយ ហើយកូនប្រុសរបស់លោក James នឹងដាក់ទៅខុទ្ទកាល័យលោក ហ៊ុន សែន។
មេធាវីការពារក្ដីលោក James គឺលោកស្រី ពឹង យក់ហៀប បានឲ្យដឹងថា កូនក្ដីរបស់អ្នកស្រីបានទទួលស្គាល់កំហុសរបស់លោក ហើយក៏បានសម្រេចចិត្តសរសេរលិខិតសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំការដោះលែងពីការឃុំខ្លួន ខណៈដែលលោកស្រីអះអាងថា សុខភាពលោក James បានល្អប្រសើរឡើងវិញហើយ បន្ទាប់ពីលោកបានដួលសន្លប់កាលពីខែឧសភាកន្លងមកនេះ។
លោក James Ricketson ត្រូវបានអាជ្ញាធរកម្ពុជាចាប់ដាក់ឃុំចាប់តាំងពីខែមិថុនាឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ថា បានប្រមូលព័ត៌មានដែលធ្វើឲ្យអន្តរាយដល់ការការពារជាតិ ក្រោយពេលលោកបង្ហោះដ្រូនក្នុងក្បួនឃោសនាបោះឆ្នោតរបស់អតីតគណបក្សសង្គ្រោះជាតិ។
អតីតនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Tony Abbott ក៏បានទាមទារទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងអ្នកកាសែតរូបនេះផងដែរ តាមរយៈយុទ្ធនាការនៅលើបណ្ដាញអ៊ីនធឹណិត៕