គណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៅថ្ងៃទី១២កក្កដា ធ្វើការព្រមានពីការដកប្រទេសកម្ពុជាចេញពីគម្រោងពាណិជ្ជកម្មសេរី ហើយអះអាងថា នេះគឺជាវិធានការចុងក្រោយ ប្រសិនបើរាល់ការខិតខំប្រឹងប្រែងរបស់ពួកគេលើបញ្ហាសិទ្ធិមនុស្សនិងសិទ្ធិការងារ បរាជ័យមិនបានដោះស្រាយនោះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី «បេសកកម្មរបស់សហភាពអឺរ៉ុប វាយតម្លៃអំពីសិទ្ធិមនុស្សនិងស្ថានភាពការងារនៅកម្ពុជា» ចេញផ្សាយនៅថ្ងៃទី១២កក្កដា២០១៨ សមាជិកគណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម លោកស្រី Cecilia Malmström ត្រូវបានដកស្រង់សម្តីថា៖
សមាជិកគណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម លោកស្រី Cecilia Malmström
លោកស្រីមានប្រសាសន៍បន្តថា ការពិភាក្សានិងការប្រមូលព័ត៌មាន នៅក្នុងអំឡុងដំណើរបេសកកម្មរបស់គណៈកម្មការអឺុរ៉ុប បានផ្តោតលើការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅក្នុងផ្នែកនយោបាយនិងសិទ្ធិបោះឆ្នោត ក៏ដូចជាការទប់ស្កាត់សកម្មភាពសង្គមស៊ីវិល។
បើតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី Cecilia Malmström អះអាងទៀតថា មានកង្វះខាតនៅពេលនិយាយអំពីយន្តការដោះស្រាយវិវាទដីធ្លីនិងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេរីភាពក្នុងការបង្កើតសមាគមនិងសិទ្ធិចរចាសមូហភាព។
សមាជិកគណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម លោកស្រី Cecilia Malmström
នៅក្នុងដំណើរទស្សនកិច្ច (៥កក្កដា-១១កក្កដា ឆ្នាំ២០១៨) គណៈប្រតិភូសហភាពអឺរ៉ុប បានជួបជាមួយសមាជិកជាច្រើននៃរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហជីព អង្គការសង្គមស៊ីវិលក្រុមហ៊ុននិងតំណាងអង្គការសហប្រជាជាតិនិងអង្គការពលកម្មអន្តរជាតិ (ILO) នៅក្នុងប្រទេស នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
គម្រោងពាណិជ្ជកម្មសេរី «អ្វីទាំងអស់លើកលែងតែអាវុធ ឬ EBA» បាននាំមកនូវអត្ថប្រយោជន៍សំខាន់ៗដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលសហភាពអឺរ៉ុបគឺជាទីផ្សារគោលដៅនាំចេញដ៏សំខាន់ដែលមានចំនួន៤០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា។
ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបបានកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលកើនឡើង២២៧ភាគរយ នៅចន្លោះឆ្នាំ២០១១និង២០១៦។
នៅឆ្នាំ២០១៧ ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបបានឈានដល់៥ពាន់លានអឺរ៉ូ ដែលបានដាក់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមអ្នកទទួលផលពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសេរី EBA។ ការនាំចេញចំនួន៩៥,៥ ភាគរយ ត្រូវបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងគម្រោងពាណិជ្ជកម្មសេរី EBA នៅក្នុងចំណោមការនាំចេញដែលត្រឹមត្រូវតាមបទបញ្ញត្តិរបស់ EBA៕