អាជ្ញាធរ​ខេត្ត​កំពត​ថា ពន្យារ​ពេល​បើក​ទ្វារ​ទំនប់​វារី​អគ្គិសនី​«កំចាយ​»វិញ

ទំនប់​វារី​អគ្គិសនី​កំចាយ​វិញ (រូបភាព៖ បណ្ដាញសង្គម)

អាជ្ញាធរ​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​វារី​អគ្គិសនី​ចិន ស៊ីណូ​ហាដ្រូ​កំចាយ បាន​សម្រេច​ពន្យារ​ពេល​បើក​ទ្វារ​ទឹក​ទំនប់​វារី​អគ្គិសនី​កំចាយ​វិញ ក្រោយ​ពី​រក​ឃើញ​ថា បរិមាណ​ និង​កម្ពស់​ទឹក មិន​បាន​កើន​ឡើង​លើស​បរិមាណ​នោះ​ឡើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រុមហ៊ុន​ស៊ីណូហាយដ្រូ​កំចាយ បាន​ប្រកាស​ថា ក្រុមហ៊ុន​នឹង​បើក​ទ្វារ​ទំនប់​វារី​អគ្គិសនី​មួយ​នេះ​នៅ​ម៉ោង ៥​ល្ងាច បន្ទាប់​ពី​រក​ឃើញ​ថា លំហូរ​ទឹក​ចូល​ក្នុង​អាង​ទំនប់​វារី​អគ្គិសនី បាន​កើន​ឡើង​ក្នុង​កម្រិត ១៤៥០​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី ហើយ​កម្ពស់​ទឹក​បាន​ហក់​ឡើង​ខ្ពស់​រហូត​ដល់ ១៤៦.៧០​ម៉ែត្រ។

ប៉ុន្តែ អភិបាលរងខេត្តកំពត លោក សឹម វុទ្ធា បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា ការ​​បើក​ទ្វារ​ទំនប់​វារី​អគ្គិសនី​​នោះ ត្រូវ​បាន​ពន្យារ​ទៅ​វិញ​ ដោយ​លោក​ថា ភ្លៀង​បាន​រាំង​ទៅ​ហើយ។

អភិបាល​រង​ខេត្ត​រូប​នេះ បាន​អះ​អាង​ថា អាជ្ញាធរ​តែង​តែ​ជូន​ដំណឹង​ជាមុន​អំពី​ការ​បើក​ទ្វារ​ទំនប់​វារី​អគ្គិសនី ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​ជុំ​វិញ​បរិវេណ​ទំនប់​វារី​អគ្គិសនី ប្រុង​ប្រយ័ត្ន។

​ទំនប់​វារី​អគ្គិសនី​កំចាយ ត្រូវ​បាន​​បើក​បង្ហូរ​ទឹក​ម្ដង​រួចម​ក​ហើយ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗគ្នា​​រយៈ​ពេល ២​ថ្ងៃ ដែល​បង្ក​ឲ្យ​ជន់​លិច​ឃុំ​ចំនួន ៣ នៅ​ក្នុង​ស្រុក​ទឹកឈូរ និង​ជន់​លិច​ផ្ទះ​សម្បែង​ពលរដ្ឋ​ជិត ២​ពាន់​គ្រួសារ។​

ទំនប់វារីអគ្គិសនីកំចាយ ត្រូវបានដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ចុង​ឆ្នាំ​២០១១ ដែលផលិត​ថាមពល​បាន ១៩៣,២​​មេហ្គាវ៉ាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ