ពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេស​ថៃនៅតែត្រូវបញ្ជូន​មកវិញ​ជាបន្តបន្ទាប់

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

បន្ទាប់​ពី​កម្ពុជា​ ថៃ​បិទ​បញ្ចប់​យុទ្ធ​នាការ​ផ្តល់​ភាព​ស្រប​ច្បាប់ដល់​ពល​ករ​ខ្មែរ​កាល​ពីដើម​​ខែនេះ​រួច​មក ​ប្រទេស​ថៃ​ចាប់​បញ្ជូន​ពល​ករ​ខ្មែរ​ខុស​ច្បាប់មក​វិញ​ជាហូរហែរ។​

​កម្ពុជា​ និង ថៃ បាន​ឯកភាព​រួម​គ្នា​កាលពី​ខែ​មុន​ដោយសម្រេច​​បិទ​បញ្ចប់​យុទ្ធនាការ   ផ្តល់ភាពស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​ដែលធ្វើការខុសច្បាប់នៅប្រទេសថៃនៅ​ត្រឹម​ថ្ងៃ​ទី១ កក្ក​ដា ដោយ​​អះអាង​ថា​មាន​ពល​ករ​ខុស​ច្បាប់​នៅ​សេស​សល់​ក្នុងប្រទេស​ថៃ​តិច​តួច​ប៉ុណ្ណោះ។

នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយប៉ែតលោក ស៊ឹម សំអាត បាន​ឲ្យ​VOD ដឹងកាលពីម្សិលមិញ​​​ថា​ចំនួន​នៃការ​ចាប់​បញ្ជូន​ពល​ករ​ខ្មែរ​​មកវិញ​ពីសំណាក់​អាជ្ញាធរ​ថៃ​ក្នុង​មួយ​ថ្ងៃៗជា​មធ្យម​មាន​ចន្លោះពី៥០ ទៅ​៦០នាក់​។ លោក​បន្ថែម​ថា ពលករដែលចាប់​បញ្ជូន​ទាំង​នោះ​ភាគ​ច្រើន​​ជា​ពល​ករ​ដែល​បាន​ចំណាក​ស្រុក​ខុស​ច្បាប់ លើស​ប័ណ្ណការ​ងារ និង​ដើរ​ហើ​​រ​លើស​​​ការ​ហាម​ឃាត់របស់​អាជ្ញាធរ​យោធា​ថៃ។

ជា​មធ្យ​ម​ដដែល​ៗ​ហ្នឹងជួនកាល​៥០នាក់ ៦០នាក់ ហើយ​ថ្ងៃ​ណាគេប្រមូល​បាន​ច្រើន​គេ​បញ្ជូន​មក​ជាង​៨០​នាក់​ទៅ​។ ធម្មតា​ទេ​រឿង​ហ្នឹង។ យើង​បាន​មក​យើង​អប់​រំគាត់​ឲ្យគាត់​បំពេញ​តាម​ផ្លូវ​ច្បាប់​ទៅ​ថ្ងៃ​ក្រោយ ឲ្យគាត់​ធ្វើ​លិខិត​ឆ្លង​ដែន ធ្វើ​លិខិត​ស្នាម​ប័ណ្ណការ​ងារ​ឲ្យ​បាន​ត្រឹម​ត្រូវទៅ។ អ្នក​ខ្លះ​មក​ហើយ​គាត់​ធ្វើ​ប៉ាស្ព័រ​ធ្វើ​អី​នៅ​ប៉ោយ​ប៉ែត​ហ្នឹង​ទៅ​ហើយ​ទៅ​វិញទៅ ព្រោះ​ឥឡូវ​គេ​មាន​ផ្តល់​ប៉ាស្ព័រ​ផ្តល់​លិខិត​ស្នាម​នៅ​ប៉ោយ​ប៉ែត

នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយប៉ែតលោក ស៊ឹម សំអាត

​អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​លោក ហេង សួរ ​កាលពី​ថ្ងៃ​ទី​៤​ កក្ក​ដា​ បាន​អះ​អាង​ប្រាប់​ VOD តាម​ប្រព័ន្ធទំនាក់ទំនងសង្គម​Whatsapp ថា១០០ភាគ​រយ​នៃ​ពល​ករ​ដែល​មាន​ប័ណ្ណ​ស៊ីជម្ពូរ​ត្រូវ​បាន​ភាគី​ទាំង​ពីរ​ឯក​ភាព​ផ្តល់​ភាពស្រប​ច្បាប់​បាន​ទាំង​ស្រុង​រួច​ហើយ ខណៈ​ដែល​អ្នក​ចូល​ដី​ថៃ​ក្រោយ​ ខែ​កញ្ញា ​ឆ្នាំ​២០១៧ ប្រទេស​ថៃ​ស្នើ​ឲ្យត្រលប់​មក​កម្ពុជា​សិន រួច​ដាក់ពាក្យ​សុំ​ទិដ្ឋាការ​ការ​ងារ​នៅ​ស្ថាន​ទូ​តថៃ​នៅ​ភ្នំពេញ​ជា​មុន​សិន​មុន​នឹង​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​ថៃ​ធ្វើ​ការ​វិញ។ ​

ស្ថានឯកអគ្គរាជទូត​ និងទីប្រឹក្សាទទួលបន្ទុកពលករ​អម​ស្ថាន​ទូត​បាន​ធ្វើកិច្ចការ​នេះយ៉ាង​វិជ្ជ​មាន​ជាមួយភាគីថៃក្នុងការអនុវត្តដំណាក់កាលថ្មីនេះ។ ជារួម​មិនមាន​បញ្ហាប្រឈម​សម្រាប់ពលករ​ដែល​ចូល​ដីថៃ​ក្នុងឆ្នាំ​២០១៧ ប៉ុន្តែអ្នកឆ្លងដែនខុសច្បាប់ថ្មីគឺអាចនឹងប្រឈមជាមួយវិធានការណ៍តឹងរឹងពីអាជ្ញាធរថៃ

អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​លោក ហេង សួរ

កាលពី​ថ្ងៃ​ទី​១២ កក្កដា​ ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេ​ស​ថៃ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ ​ជំរុញ​ឲ្យ​​ពល​ករ​ខ្មែរ​ដែល​ពុំ​មាន​ឯក​សារ​សម្រាប់​ស្នាក់​នៅ និង​ធ្វើ​ការ​នៅ​ក្នុងប្រទេស​ថៃ​ ឲ្យ​ប្រញាប់​រួស​រាន់​ទៅទំនាក់​ទំនង​ស្ថាន​ទូត​ ដើម្បី​ដាក់​ពាក្យស្នើ​សុំ​លិខិត​ធ្វើ​ដំណើរ​បណ្តោះ​អាសន្ន ត្រលប់​មក​កម្ពុជា​ដើម្បី​រៀប​ចំ​ឯក​សារ​ស្រប​ច្បាប់​ និង​ចូល​ទៅធ្វើ​ការ​ក្នុង​ប្រទេស​ថៃ​វិញ​ផង​ដែរ។

នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលោក មឿន តុលា មាន​ប្រសាសន៍​ថា​មាន​បញ្ហា​ដែល​ធ្វើ​ឲ្យនៅ​តែ​មាន​ពល​ករ​ចំណាក​ស្រុក​ខុស​ច្បាប់​នេះគឺ ដោយ​សារ​តែ​ចំណេះ​ដឹង​របស់​ពល​រដ្ឋ​ទៅ​លើ​ការ​ទៅ​ធ្វើ​ការ​ងារ​នៅ​ក្រៅប្រទេ​ស​នៅ​មាន​កម្រិត​ ពល​រដ្ឋមិន​ទុក​ចិត្ត​ក្រុម​ហ៊ុន​នាំ​ពល​ករ​ទៅ​ធ្វើការ​នៅ​ថៃ និតិវិធី​ស្មុគស្មាញ​របស់​កម្ពុជា​ក្នុង​ការ​ចេញ​លិខិត​ស្រប​ច្បាប់​ដល់​ពល​ករ និង​ការ​ស្ទាក់ស្ទើរ​​របស់​ថៅ​កែ​ថៃ ​ក្នុង​ការបញ្ជូន​​កម្ម​ករ​ខ្លួនទៅ​ទទួល​ភាព​ស្របច្បាប់។

ប៉ុន្តែ​យើង​ឃើញ​ល្អ​ដែរ​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ ខាង​ក្រសួង​បញ្ជូន​មន្ត្រី​ទៅ​ធ្វើឯកសារ​ស្រប​ច្បាប់​អី​ទៅ​ឲ្យ​កម្ម​ករ​ហ្នឹង​ជា​រឿង​ល្អ​ក៏​ប៉ុន្តែ​យើងត្រូវ​ទៅ​មើល​ទៀត​ថា​ពល​ករ​ដែល​ចុះ​បញ្ជី​ទាំង​អស់ហ្នឹងត្រូវបាន​ទទួលឯក​សារ​ហើយ​ឬ​នៅ? ទី​ពីរយើង​ក៏​ត្រូវ​តែសម្រួល​នីតិវិធី​ក្នុងការជ្រើស​រើស​ និង​បញ្ជូន​ដែរ ហើយ​តម្លៃ​អី​ហ្នឹង​ត្រូវ​ពិចារណាឡើង​វិញដែរ​ បើ​មិន​អញ្ចឹង​ទេ ពលរដ្ឋ​យើង​នៅ​តែ​បន្ត​ទៅ​ធ្វើ​ការ​ចំណាក​ស្រុកដោយ​ខុស​ច្បាប់​ដដែល​ទៀត

នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលោក មឿន តុលា

តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការ​ងារ​ពល​ករ​ចំណាក​ស្រុក​ជាង​ ១លាន​៨​ម៉ឺន​នាក់ ត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជា និង​ថៃ បាន​បញ្ជាក់​ភាព​ស្របច្បាប់​រួច​រាល់​អស់ហើយ មុន​ការ​បញ្ចប់​យុទ្ធ​នាការ​ផ្តល់ភាព​ស្រប​ច្បាប់ដល់ពលករខ្មែរ​ដែល​ធ្វើការនៅប្រទេស​ថៃនាដើម​ខែកក្កដា​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា យុទ្ធនាការ​ផ្តល់​ភាពស្រប​ច្បាប់ដល់​ពល​ករ​ខ្មែរ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​កក្ក​ដា​ឆ្នាំ​មុន បន្ទាប់​ពី​រដ្ឋាភិបាល​យោធាថៃ ​ចាប់​បញ្ជូន​ពល​ករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការខុស​ច្បាប់​​​យ៉ាង​ច្រើ​នគំហុកឲ្យ​ត្រលប់​មក​​កម្ពុជា​វិញ៕

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ពិភាក្សាជាមួយ អាឌុល សាំងស៉ីងកែវ​ រដ្ឋមន្ត្រីក្រសួងការងារថៃ អំពីវឌ្ឍនភាពនៃការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា​ដែលកំពុងស្នាក់នៅ​ និងធ្វើការនៅប្រទេសថៃ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងការងារថៃ​ (រូបភាព៖ ហ្វេសប៊ុក ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ