ប្រជា​សហគមន៍​ទំពួន​ខេត្ត​រតនគីរី ថា​អាជ្ញាធរ​ណែ​នាំ​ឲ្យ​ឈប់​ទាក់​ទង​ជា​មួយ​អង្គការសង្គម​ស៊ីវិល​

ការបោះឆ្នោត កន្លងទៅ

ប្រជា​សហ​គមន៍​ជន​ជាតិ​ទំពួន​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនៈគីរី បានចោទ​អាជ្ញា​ធរ​ស្រុក​ថា​បាន​ចុះ​មក​ណែ​នាំ​ឲ្យ​សហ​គមន៍​ ​ឈប់​​ទាក់​​ទង​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​រហូត​ដល់​បោះឆ្នោត​រួច។

​ប្រធាន​សហ​គមន៍​ទំពួន​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនៈគីរី លោក ទុយ ញ៉េប បាន​ឲ្យ​VOD ដឹងថា ​អភិបាល​ស្រុក​លំផាត់លោក​នូ ថេរ កាល​ពី​ម្សិល​មិញបាន​ចុះមក​បើក​វេទិការ​ដើម្បីណែ​នាំពល​រដ្ឋ​ពី​ការ​បោះឆ្នោត​ខាង​មុខក្នុង​ ភូមិសាម​បុត្រ​លើ ឃុំ​សេដា​ ដោយ​​បញ្ជាក់​ប្រាប់​ទៅ​កាន់​ប្រជា​សហ​គមន៍មិន​ឲ្យ​ទាក់​ទង​ ឬ​ជួប​ជុំ ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​ចាប់​ពីពេល​នេះ​រហូត​ដល់​បញ្ចប់​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩​ កក្កដា​ខាង​មុខ ដោយ​ពុំ​បាន​បញ្ជាក់​ពីមូល​ហេតុនោះ​ទេ។

អភិបាល​ស្រុក​គាត់​និយាយ​ថា​ចាប់​ពីថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី២៩ បោះឆ្នោត​មិនឲ្យ​សហ​គមន៍​ងាក​ទៅ​ខាង​ណាៗ​នោះ​ទេ! គាត់និយាយ​អញ្ចឹង។ […] ទាំង​អភិបាល​ស្រុក ទាំង​មេឃុំ គាត់​និយាយ រួច​ពី​បោះឆ្នោត​គឺ​អត់​អីទេ​

ប្រធាន​សហ​គមន៍​ទំពួន​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនៈគីរី លោក ទុយ ញ៉េប

លោកទុយ ញ៉េប យល់​ថា​ការ​រារាំង​ពល​រដ្ឋ​មិន​ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយអង្គការ​សង្គម​ស៊ីវិល​នេះ​ គឺ​ជា​ការ​រារាំង​ដល់​សិទ្ធិ​របស់​ពល​រដ្ឋ​ និងអនុវត្តន៍ផ្ទុយ​ពី​ច្បាប់។

អភិបាល​ស្រុកលំផាត់លោកនូ ថេរ បាន​បញ្ជាប់​ប្រាប់​VODថា ពល​រដ្ឋ​អាច​ទាក់​ទង ឬ​ជួប​ជុំ​ជា​មួយ​អង្គការ​ក្រៅរដ្ឋាភិបាល​លុះ​ត្រា​​តែ​អង្គការ​នោះ​បាន​ការ​អនុញ្ញាត​ពី​ថ្នាក់​ខេត្ត​ជា​មុន​សិន​។

ត្រូវហើយ​! មិន​ដឹង​ថា​គាត់​ចុះបញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ ឬអត់ ហើយ​ខ្លះ​ចុះ​ហើយ​ពេល​មក​អត់​ប្រាប់​គេ!​ អាហ្នឹង​មាន​នណារ​គេ​គាំទ្រ។ […] ខ្ញុំ​គ្រាន់​តែ​ជម្រាប​អញ្ចេះ​! បើ​ចូល​ផ្ទះ​គេអត់​ប្រាប់​ម្ចាស់​ផ្ទះ​គេ​ៗ​អត់​ឲ្យ​ចូល​ទេ

អភិបាល​ស្រុកលំផាត់លោកនូ ថេរ

អ្នក​សម្រប​សម្រួលសមាគមន៍​អាហុក​ប្រចាំ​ខេត្ត​រតនៈគីរី​លោក ឌិន ខន្នី មានប្រសាសន៍​ថា​ពល​រដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ ឬ​ធ្វើ​ការ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ការ​សង្គមផ្សេងៗ។ លោក​យល់​ថាការ​រារាំង​ពល​រដ្ឋ​មិន​ឲ្យ​ជួប​ជុំ​ ឬ​ទាក់​ទង​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​នេះ​ជា​ការ​រំលោភ​ដល់​សេរី​ភាព​ក្នុង​ការ​ជួប​ជុំ​របស់​ប្រជា​ពល​រដ្ឋ​ដែលត្រូវ​​បាន​ការ​ពារ​ដោយ​ច្បាប់។

ខេត្ត​ដូចជា​មិន​បាន​ណែ​នាំ​បែប​ហ្នឹង​ថា ឲ្យ​ទៅ​សុំ​​ច្បាប់​ពី​ខេត្ត​ដើម្បីឲ្យ​ជួប​នណារ​ម្នាក់​ទេ! ក្រសួង​មហា​ផ្ទៃក៏​មិន​បាន​ចេញសេចក្តីណែ​នាំ​ណា​មួយ​ឲ្យNGO ឬ​ក៏​អ្នក​សារព័ត៌មាន​ហ្នឹង​ត្រូវ​ជួប​ជន​ណាម្នាក់​ហ្នឹង​ត្រូវ​សុំ​ច្បាប់​ដែរ។ ខ្ញុំ​អត់​ដែល​ឃើញ​ទេ សេចក្តីប្រកាស​ សេចក្តីណែ​នាំ​បែប​ហ្នឹង! បើ​សិន​ជា​គាត់​មាន​សេចក្តីប្រកាស​ ឬ​សេចក្តី​ណែ​នាំ​បែប​ហ្នឹង សុំ​ឲ្យ​គាត់​ចេញ​ជា​    សាធារណៈ​មក​ដើម្បី​ឲ្យ​យើងងាយ​ស្រួល​ក្នុង​ការ​អនុវត្ត តែ​វា​អត់​ដែលមាន​​។ ខ្ញុំ​យល់​ថា​នេះ​ចេញមកពី​បុគ្គល​ខ្លួន​គាត់​ទេ

អ្នក​សម្រប​សម្រួលសមាគមន៍​អាហុក​ប្រចាំ​ខេត្ត​រតនៈគីរី​លោក ឌិន ខន្នី

បើ​តាម​លោក ឌិន ខន្នី បើ​ទោះ​បី​ជា​មាន​ការ​ណែនាំ​ពី​រដ្ឋបាល​ថ្នាក់​ជាតិ​យ៉ាង​ណា​ក៏​ដោយ​ក៏​អាជ្ញា​ធរ​ថ្នាក់​មូល​ដ្ឋាន​ហាក់​មិន​បាន​អនុវត្តន៍​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​ទាំង​នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​លំ​ហសង្គម​ស៊ីវិល​ហាក់​កាន់​តែ​រួម​តូច​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ។

កាលពី​ថ្ងៃ​ទី​២១ មិថុនា រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ​លោក ស ខេង បាន​អំពាវនាវទៅអង្គការសង្គមស៊ីវិល និងអាជ្ញាធរ ឲ្យសហការ​គ្នា​ឡើងវិញ បន្ទាប់​ពី​លោក​មើល​ឃើញ​ថា មួយរយៈចុងក្រោយនេះ អាជ្ញាធរ និងអង្គការសង្គមស៊ីវិល ហាក់​បាន​សាច​ទឹក​ដាក់​គ្នា​ជុំវិញកិច្ចសហការជំរុញការអភិវឌ្ឍបែបប្រជាធិបតេយ្យ។

លោក ស ខេង បញ្ជាក់ថា សមាគមនៅថ្នាក់មូលដ្ឋាន អាចធ្វើសកម្មភាពបាន ដោយមិនតម្រូវឲ្យពួក​គេមកចុះបញ្ជីនៅ​​ក្រសួ​ង​មហាផ្ទៃទេ ហើយថា រាល់​ការ​ធ្វើសកម្មភាព របស់សមាគម ឬអង្គការ ក៏មិនតម្រូវឲ្យសុំច្បាប់ដែរ ដោយថា គ្រា​ន់តែ​ជូនដំ​ណឹង​ ​៣ថ្ងៃមុនប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ