ក្រសួងមហាផ្ទៃតាមចាប់អ្នកបង្ហោះព័ត៌មានអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅបោះឆ្នោត

ក្រសួងមហាផ្ទៃ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា ពេលនេះសមត្ថកិច្ចកំពុងតាមចាប់អ្នកបង្ហោះព័ត៌មានតាមហ្វេសប៊ុកដែលថា សមាគមវៀតណាមអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅបោះឆ្នោត។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VODនៅព្រឹកនេះថា អ្នកជំនាញរបស់ក្រសួងមហាផ្ទៃកំពុងស្វែងរកអ្នកបង្ហោះព័ត៌មាននេះ ដែលលោកចាត់ទុកថា ជាព័ត៌មានក្លែងក្លាយធ្វើឡើងដោយក្រុមប្រឆាំង។

លោក ខៀវ សុភ័គ៖«យើងមិនទាន់ដឹងក្រុមណា ក៏ប៉ុន្តែវាមាននិន្នាការក្រុមហ្នឹងហើយ! យើងអាចវាយតម្លៃថាវាគាំទ្រក្រុមហ្នឹង ឬក៏តាមបញ្ជារបស់មេក្រុម ប្រធានក្រុមហ្នឹង! ហើយយើងរកបន្តទៅទៀត។ បើក្នុងករណីថាបើនៅស្រុកខ្មែរទេ អាហ្នឹងប្រើច្បាប់ខ្មែរ បើនៅក្រៅប្រទេសទេ អាហ្នឹងកត់ត្រាទុក!»។

លោក ខៀវ សុភ័គ បន្ថែមថា ក្រុមហ៊ុនហ្វេសប៊ុកបានបិទព័ត៌មាននេះហើយបន្ទាប់ពីទទួលបណ្តឹងពីលោក។

ចំណែកសមាគមខ្មែរ-វៀតណាមនៅកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍បដិសេធព័ត៌មាននេះ ដោយថា ខ្លួនមិនមានគេហទំព័រ ឬហ្វេសប៊ុកឡើយ និងថា សមាគមបានគោរពច្បាប់ប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍បន្តថា សមាគមខ្មែរ-វៀតណាម នឹងដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចចំពោះអ្នកបង្កើតព័ត៌មានប្រឌិត នេះ ដោយថា ជាការប៉ះពាល់កិត្តិយល និងញុះញង់មិនអាចទទួលយកបាន។

ចំណាត់ការ និងសេចក្តីថ្លែងការណ៍នេះ បានកើតឡើងបន្ទាប់ពីមានហ្វេសប៊ុកដែលដាក់ឈ្មោះថា «សមាគមវៀតណាមនៅកម្ពុជា» បានផ្សព្វផ្សាយអំពាវនាវឱ្យពលរដ្ឋវៀតណាម ចូលរួមបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

កាលពីដើមខែកក្កដានេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសចាត់វិធានការផ្លូវច្បាប់ទៅលើគេហទំព័រ ឬទំព័រហ្វេសប៊ុក ណាបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលរដ្ឋាភិបាលថា ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ខណៈអ្នកដែលចែករំលែកព័ត៌មានទាំងនោះក៏ប្រឈមមុខផ្លូវច្បាប់ផងដែរ។

ព័ត៌មាននេះត្រូវបានខាងសមាគមវៀតណាមច្រានចោលថាជាព័ត៌មានមិនពិត
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ