កម្ពុជា និងចិនកាលពីថ្ងៃទី១៩ ខែកក្កដាកន្លងមកនេះ បានរៀបចំពិធីអបអរខួប៦០ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ ។ មេដឹកនាំប្រទេសទាំងពីរក៏បានផ្ញើរសារឆ្លើយឆ្លងគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបនៃចំណងមិត្តភាពនេះផងដែរ។
ក្នុងលិខិតដែលផ្ញើឲ្យគ្នាទៅវិញទៅមកនោះ មេដឹកនាំជាន់ខ្ពស់ប្រទេសទាំងពីរនៅតែចាត់ទុកគ្នាជាដៃគូយុទ្ធសាស្រ្តសំខាន់និងសន្យារក្សាទំនាក់ទំនងទ្វេរភាគីនេះឲ្យបានថិតថេរ។ ប៉ុន្តែសម្រាប់អ្នកជំនាញការទូតនិងកិច្ចពិភពលោកយល់ថាចិនហាក់មានប្រៀបជាងកម្ពុជាក្នុងទំនាក់នេះ។
តាមសារលិខិតអបអររបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានឲ្យដឹង ក្នុងរយៈពេល ៦០ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរបានពងឹ្រងនិងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងរវាងគ្នានឹងគ្នាដែលគ្រប់ដណ្ដប់លើគ្រប់វិស័យ។ ក្នុងលិខិតដដែល លោក សាយ ឈុំ បានលើកឡើងទៀតថា កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ យោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ និងវិស័យផ្សេងទៀតរវាងកម្ពុជា-ចិន កាន់តែរីកធំធាត់ និងកាន់តែមានសកម្មភាពមមាញឹកដែលឈានឡើងដល់កម្រិតមួយដែលលោកហៅថាជា «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន សែនក៏បានផ្ញើលិខិតអបអរសាទរមួយទៅកាន់ភាគីចិនផងដែរ ដោយក្នុងលិខិតនោះ នាយករដ្ឋមន្រ្តីកម្ពុជាលើកឡើងថា កម្ពុជាមានសេចក្តីសោមនស្សរីករាយដោយឃើញកំណើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅ និងមានវិសាលភាពកាន់តែធំលើគ្រប់វិស័យ។ លោក ហ៊ុន សែន ជឿជាក់ថាប្រទេសទាំងពីរនឹងលើកស្ទួយថែមទៀតនូវទំនាក់ទំនងក្នុងភាពជាបងប្អួននិងដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
តាមរយៈលិខិតអបអរសាទរខួបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ផ្ញើជូនលោកហ៊ុន សែនកាលពីថ្ងៃទី១៩ខែកក្កដា លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ក៏បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា ។ លោកបន្ត ការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ បានធ្វើឲ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ និងទទួលបានសមិទ្ធផលក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងលិខិតថ្វាយព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់ថា លោកផ្ដល់សារៈសំខាន់យ៉ាងខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ ហើយលោកនឹងជម្រុញឲ្យប្រទេសទាំងពីរធ្វើការជាមួយគ្នាបន្ថែមទៀតជាមួយគ្នាដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងវិបុលភាពរួម។
អ្នកវិភាគគោលនយោបាយនិងជាសាស្ត្រចារ្យរងជំនាញការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental នៅទីក្រុងឡូសអែនជឺលែស សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ថាទំនាក់ទំនងដែលកម្ពុជាមានជាមួយចិនក្នុងរយៈពេល៦០ឆ្នាំមកនេះផ្ដល់ទាំងរឿងល្អនិងរឿងជូរចត់សម្រាប់កម្ពុជា។ លោកក៏រំលឹកផងដែរថាចិនជាបងប្អូនដ៏ជិតស្និតរវាងគ្នានឹងគ្នាជាមួយក្រុមមេដឹកនាំខ្មែរក្រហម ហើយបច្ចុប្បន្នប្រទេសទាំងពីរក៏នៅតែមានទំនាក់ទំនងស្អិតរមួតប្រៀបដូចបងប្អូនដដែល។
សាស្រ្តាចារ្យរូបនេះបន្ថែមថាវាប្រាកដណាស់ដែលចិនពិតជាបានជួយកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ននានា ប៉ុន្តែចិនហាក់ដូចជាមានប្រៀបច្រើនជាងកម្ពុជាក្នុងទំនាក់ទំនងនេះ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ចិន បានឈ្នះកម្ពុជា ដោយបានប្រែក្លាយក្រុងព្រះសីហនុជាតំបន់អាណានិគមមួយ។ តើវាបានផលចំណេញអីពីទំនាក់ទំនងបែបហ្នឹង? វាច្បាស់ណាស់ថាចិនកំពុងតែចូលរួមធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ។»
ក្នុងបរិបទសេដ្ឋកិច្ច សាស្រ្តាចារ្យរូបនេះបានឲ្យដឹងថាចិនពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែលោកចោទជាសំណួរថានរណាជាអ្នកបានផលប្រយោជន៍ពីរឿងនេះ។ លោកបញ្ជាក់ថា៖«លុយដែលចិនផ្តល់ជាជំនួយគឺបានជួយសេដ្ឋកិច្ចកម្ពុជាច្រើន។ ប៉ុន្តែតើនរណាជាអ្នកទទួលបានផលចំណេញពិតប្រាកដ? […]តើដីនរណាដែលត្រូវបានគេលួចយក? ការអភិវឌ្ឍមិនមែនមានន័យថាមានការកសាងផ្លូវមួយខ្សែ ហើយខ្ញុំនឹងបាត់បង់ដីរបស់ខ្ញុំនោះទេ ។» អ្នកជំនាញកិច្ចការបទេសមួយនេះក៏បង្ហាញក្តីព្រួយបារម្ភផងដែរថា ប្រាក់កម្ចី និងជំនួយពីចិនដែលមានលក្ខណៈច្រើនលើសលុបអាចជាគ្រោះថ្នាក់សម្រាប់កម្ពុជា។
ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងចិន បានផ្ដើមជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្នុងសម័យសង្គមរាស្រ្តនិយមដែលដឹកនាំដោយព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។