អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភពីការព្រមានផ្លូវច្បាប់របស់មន្រ្តីរដ្ឋាភិបាលលើប្រជាពលរដ្ឋជុំវិញការសម្ដែងមតិធ្វើពហិការមិនទៅបោះឆ្នោត ឬការមិនបោះឆ្នោតឲ្យបក្សណាមួយ។
បើតាមការចុះផ្សាយកាលពីម្សិលមិញរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូ ណាស្មីត បានសម្ដែងការព្រួយបារម្ភអំពីរបាយការណ៍នានារបស់តំណាងរដ្ឋាភិបាល ដែលលើកឡើងថា ការមិនបោះឆ្នោតឲ្យគណបក្សណាមួយ គឺខុសច្បាប់ ឬ ព្រមានទោសទណ្ឌលើអ្នកបង្ហាញការធ្វើពហិការមិនបោះឆ្នោត។។
អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូ ណាស្មីត បានលើកឡើងថា៖
លោកស្រី រ៉ូ ណាស្មីត បានលើកឡើងបន្តថាអ្វីដែលជាការ គួរឲ្យព្រួយបារម្ភដូចគ្នានេះដែរ របាយការណ៍ដែលថា អាជ្ញាធរមូលដ្ឋានបានគំរាមដកហូតសេវាសាធារណៈពីអ្នកដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច។
អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជារូបនោះក៏លើកឡើងដែរថាការណ៍នោះគឺជាការបង្កើតឲ្យមានបរិយាកាសភ័យខ្លាច និងការភាន់ច្រឡំប៉ុណ្ណោះ សម្រាប់អ្នកបោះឆ្នោត។
បើទោះជាអ្នករាយការណ៍ពិសេស និងប្រទេសលោកសេរីមួយចំនួនបង្ហាញក្តីបារម្ភចំពោះការបោះឆ្នោតនៅចុងខែកក្កដានេះក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បញ្ជាក់ថា ការបោះឆ្នោតនេះដំណើរការតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដដោយមានគណបក្សចំនួន២០ចូលរួម។
ជាមួយគ្នានោះដែរលោកស្រី រ៉ូ ណាស្មីត អំពាវនាវឲ្យរដ្ឋាភិបាលឲ្យថ្កោលទោសឲ្យបានច្បាស់លាស់ចំពោះការបំភិតបំភ័យដល់អ្នកបោះឆ្នោត និង បញ្ជាក់ឲ្យបានច្បាស់ថាការអំពាវនាវឲ្យធ្វើពហិការមិនចូលរួមបោះឆ្នោត ដែលមិនមែនជាកាតព្វកិច្ចនោះ គួរតែអនុញ្ញាត៕