អាជ្ញាធរខេត្តស្ទឹងត្រែង​អំពាវនាវឲ្យពលរដ្ឋ​ប្រុងប្រយ័ត្នខ្ពស់បំផុត ក្រោយបាក់ទំនប់វារីអគ្គិសនីនៅឡាវ

ខណៈដែលក្រុមជួយសង្គ្រោះមិនទាន់ទៅដល់ ប្រជាជនត្រូវបង្ខំចិត្តទៅនៅដំបូលបណ្ដោះអាសន្ន ក្រោយពីទំនប់វារីអគ្គិសនីបានបាក់ (រូបភាព៖ BBC)

អាជ្ញារខេត្តស្ទឹងត្រែងបាន​អំពាវនាវឲ្យពលរដ្ឋដែល​រស់នៅខេត្តនេះ ប្រុងប្រយ័ត្ននិងត្រៀមបង្ការខ្ពស់បំផុតករណីមានទឹក​ជំនន់កើនខ្លាំង ក្រោយបាក់ទំនប់វារីអគ្គីសនីនៅឡាវ។

យោងតាមសេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែងចេញផ្សាយនៅថ្ងៃនេះដែលវីអូឌីទើបទទួលបាន​ ការអំពាវនាវនេះធ្វើឡើងបន្ទាប់​ពីទំបន់​វារីអគ្គិសនី​សេពានសេណាមណយ​ របស់ឡាវបាន​បាក់ ដែលបណ្ដាលឲ្យ​ទឹក​នៅក្នុងទំនប់នោះហូរចូលទន្លេសេកុង រួច​បន្តហូរចុះក្រោម​បន្តមកទន្លេសេសាន ស្រែពក និងទន្លមេគង្គក្នុងល្បឿនយ៉ាងលឿន។

អាជ្ញាធរខេត្តនេះបាន​អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់នៅខេត្តស្ទឹងត្រែងដែល​រស់​នៅក្បែរទន្លេនិងតាម​ដងទន្លេសេកុង ក៏ដូចជាទន្លេនានាក្នុងខេត្តនេះ ជាពិសេសអ្នកដែលរស់នៅឃុំ និងសង្កាត់ទាំងអស់នៃស្រុក​សៀមប៉ាង ស្រុកសេសាន ក្រុង​ស្ទឹងត្រែង ស្រុកថាឡាបរីវ៉ាត់​ និងស្រុកសៀមបូក​មាន​ការ​ប្រុងប្រយ័ត្ននិង​បង្ការខ្ពស់បំផុត ហើយត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋានឲ្យបាន​លឿនបំផុតករណីទឹកជំនន់ឡើងខ្លាំង។​

តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងធនធានទឹកនិងឧតុនិយមដែល​ចេញ​នៅថ្ងៃទី២៤ខែកក្កដានេះដែរ​ ទំនប់វារីអគ្គិសនី​​សេពានសេណាមណយស្ថិតនៅចំងាយប្រមាណជា៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ​ ហើយ​មានសមត្ថភាពស្តុកទឹកបាន​៥ពាន់លានម៉ែត្រគូប។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ