កង​រាជ​អាវុធ​ហត្ថ​ចល័ត​កម្លាំងជាង​១ពាន់​នាក់ចូលភ្នំពេញត្រៀមបែងចែកតាមគោលដៅបន្ត​

រូបភាពកងកម្លាំងរាជអាវុធហត្ថដែលចល័តនៅតាមបណ្តោយផ្លូវជាតិលេខ៤នៅថ្ងៃនេះ ដែលប្រជាពលរដ្ឋថតបាន (រូបភាព៖ ពលរដ្ឋ)

កង​រាជ​អាវុធ​ហត្ថ​ជាង១ពាន់នាក់ ​ត្រូវ​បាន​ចល័ត​ពី​ដែន​សមុទ្ររាម ខេត្តព្រះសីហនុ ​ចូល​មូល​ដ្ឋាន​រាជ​ធានីភ្នំពេញ​ដើម្បី​ត្រៀម​បែង​ចែក​ទៅ​កាន់​​គោល​ដៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ តៀម​សម្រួល​ដល់​ការ​បោះឆ្នោត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គ​មេបញ្ជាការ​កង​ទ័ព ​លោក សៅ សុខា។

លោក​ សៅ សុខា​ បាន​បញ្ជាក់​ប្រាប់ ​VOD នៅ​រសៀល​នេះ​ថា ​ការ​ចល័ត​ទ័ពនេះ ​គឺគ្រាន់​តែ​ជា​ការ​បញ្ជូន​កម្លាំងត្រឡប់​ពីការ​ហ្វឹក​ហាត់​ពិសេស​​នៅ​​​ដែន​​សមុទ្ររាម​ ដើម្បីពិនិត្យ​សម្ភារ​ មុន​នឹង​បញ្ជូនទៅ​ការ​ពារ​​ការ​បោះឆ្នោតនៅ​ខេត្ត​កំពង់​ស្ពឺ​ ដោយ​លោកថា ខេត្ត​នេះ​​ខ្វះកង​កម្លាំង​ការ​ពារ​​។

លោក​មានប្រសាសន៍បន្តថា៖ «ដល់​ឥឡូវ​ហ្នឹង គឺ​ត្រូវ​ត្រឡប់​ចូល​មក​កាន់​អង្គភាពវិញ ដើម្បីប្រមូលរៀប​ចំត្រៀម ពិនិត្យ​មើល​ខោអាវ ស្បៀង​អាហារ​ ​ដើម្បី​ទៅ​ការ​ពារ​ថ្ងៃ​បោះឆ្នោត ចាប់​ពី​ថ្ងៃ​ទី​២៨​ទៅ​ គេចូល​ទៅ​កាន់​គោល​ដៅ​ហើយ ព្រោះ​ថ្ងៃ​ទី​២៩ [កក្កដា] ​គេបោះឆ្នោត​ហើយ​ហ្នឹង​​»

រថយន្តដឹកកងកម្លាំងជាច្រើនគ្រឿងទាំងនោះ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ គោលដៅចូលរាជធានីភ្នំពេញនៅល្ងាចថ្ងៃពុធនេះ ដែល​បិទបាំង​ជិត​មើល​​មិន​ឃើញ​​អ្វីនៅខាងក្នុងទេ។

រូបភាពកងកម្លាំងរាជអាវុធហត្ថដែលចល័តនៅតាមបណ្តោយផ្លូវជាតិលេខ៤នៅថ្ងៃនេះ ដែលប្រជាពលរដ្ឋថតបាន (រូបភាព៖ ពលរដ្ឋ)

នៅថ្ងៃនេះដែរ សាលារាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ច បានត្រៀមកម្លាំងការពារសន្តិសុខជាង៤ ៦០០នាក់ សម្រាប់ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ