ពលរដ្ឋខ្មែរគ្រោងធ្វើបាតុកម្មមុខស្ថានទូតចិននៅអាមេរិក​

លោក ហ៊ុន សែន និង លោក ហ្ស៊ី ជិនពីង ក្នុងជំនួបដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ (រូបថត៖ ពេជ្រ ចំរ៉ុង)

ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេនឹងរៀបចំ​ការតវ៉ានៅថ្ងៃទី២៨ ខែកក្កដា ប្រឆាំរដ្ឋាភិបាលចិន​ដោយចោទថា ចិន​កំពុងតែគាំទ្ររដ្ឋាភិបាលបច្ចុប្បន្នឆ្ពោះទៅរកចំណុចដែលមានភាពអន្តរាយដូចកម្ពុជាកាលពីអតីតកាល។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មានចុះថ្ងៃ​ទី២៤ កក្កដា ​ដែល​ផ្ញើ​មក​កាន់​VOD អ្នករៀបចំធ្វើបាតុកម្ម​លោក សារ៉ូ សុ​វិ​ជ័យ បាន​ឲ្យ​ដឹងថា ការតវ៉ានោះធ្វើនៅមុខស្ថានទូតចិនក្នុងទីក្រុងវ៉ាស៊ីនតោន ដោយកំណត់យកថ្ងៃទី២៨ ខែកក្កដា ចាប់ពីម៉ោង​១០ព្រឹករហូតដល់១២ថ្ងៃត្រង់។​

មូលហេតុនៃការប្រមូលផ្តុំនេះ ទាមទារឲ្យរដ្ឋាភិបាលចិនបញ្ឈប់ការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំឆ្ពោះទៅរករបបខ្មែរក្រហមឡើងវិញ។ ក្រុមនេះក៏ទាមទារឲ្យចិនប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដានេះ ដោយថា ជាការបោះឆ្នោតក្លែងក្លាយ។​

អ្នក​នាំពាក្យ​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​លោក ហង្ស ពុទ្ធា ពុំ​ចាប់​អារម្មណ៍​ចំពោះ​ការ​ធ្វើ​បាតុកម្ម​ទាមទារនេះ​ទេ ដោយថា​វា​ជា​សេរីភាព​បញ្ចេមតិ​របស់​ពលរដ្ឋ ​មិន​ប៉ះពាល់​ដល់​ដំណើ​រការ​ គ.ជ.ប និងការ​សម្រេច​ចិត្ត​របស់​ប្រទេស​ចិនចំពោះ​ គ.ជ.ប នោះ​ទេ។

ចាប់​តាំ​ង​ពី​តុលាការ​កំពូលប្រកាស​សាល​ដីកា​​រំលាយ​បក្សសង្គ្រោះ​ជាតិ​កាលពីចុង​ឆ្នាំ​មុន​មក ជំនួយ​នានា​របស់សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុបមក​កាន់​ គ.ជ.ប ​ត្រូវ​បាន​ព្យួរ​ជា​បន្ត​បន្ទាប់ តែ​ស្រប​ពេល​ដែល​លោក​សេរី​ចាប់​ផ្តើមកាត់​បន្ថយ​នេះ ជំនួយ​ពីប្រទេស​ចិនហាក់​មាន​កំណើន​កាន់​តែ​ច្រើន​ឡើង ខណៈ​ដែល​ប្រទេស​នេះ​ក៏​ប្រកាស​​ទទួល​ស្គាល់​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ផង​។

កាលពី​ខែធ្នូ ​ឆ្នាំ​២០១៧ ប្រទេសចិន​បានផ្តល់​សម្ភារ​៣០​មុខ​ដល់​ស្ថាប័ន​ គ.ជ.ប ដែលរួម​មាន​ កុំព្យូទ័រជាង​១០០​គ្រឿង វិទ្យុ​ទាក់ទង​៥៥០​គ្រឿង កាមេរ៉ា៣០​គ្រឿង ម៉ាស៊ីន​បញ្ចាំង​ស្លាយ២​គ្រឿង ម៉ាស៊ីន​ថត​ចម្លង​៣​គ្រឿង ម៉ាស៊ីន​ព្រីន​៧​គ្រឿង តុ​កៅអី​ការិយាល័យ ទូដាក់​សម្ភារ ប្រអប់​ដាក់​សន្លឹក​ឆ្នោត១​ម៉ឺន​៥​ពាន់ប្រអប់ បន្ទប់​សម្ងាត់​សម្រាប់​បោះឆ្នោត​ចំនួន​៦​ម៉ឺន ព្រម​ទាំង​សម្ភារបរិក្ខារ​ចាំ​បាច់ផ្សេង​ៗ​ទៀត ដើម្បី​​បម្រើដល់​ការ​បោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ