ចំនួនអ្នកហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយនៅភ្នំពេញមានជាង៣០ម៉ឺននាក់​

ក្បួនដង្ហែរបស់គណបក្សប្រជាជននៅពឹរឺកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០១៨​ នៅរាជធានីភ្នំពេញ​ (រូបភាពដោយ៖ លោក ហ៊ី ឆាយ)

មន្ត្រីរៀបចំការបោះឆ្នោតនៅភ្នំពេញបានឲ្យដឹងថា គណបក្សនយោបាយបើកយុទ្ធនាការឃោសនាហែជាក្បួនទ្រង់ទ្រាយធំដាច់ៗពីរគ្នា នៅថ្ងៃចុងក្រោយគឺថ្ងៃទី២៧ខែកក្កដា មានអ្នកចូលរួមហែសរុបចំនួន​ជាង៣០ម៉ឺននាក់។​

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ លោក លុន ឆេងកៃ បានប្រាប់វីអូឌីថា គណបក្ស នយោបាយចំនួន៦នឹងចូលរួមក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោតចុងក្រោយនេះ។

ក្នុងនោះគណបក្សប្រជាជនមានចំនួន ២៥០ ០០០នាក់ គណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យ ចំនួន ៥០ ០០០នាក់ គណបក្សសញ្ជាតិកម្ពុជា ២០ ០០០នាក់ គណបក្សហ៊្វុនស៊ិនប៉ិច ១៥០០នាក់ គណបក្សខ្មែរក្រោក ៣៨០នាក់ និង គណបក្សខ្មែរអភិវឌ្ឈន៍សេដ្ឋកិច្ច ១០០នាក់។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ​ លោក ម៉េត មាសភក្តី បានប្រាប់វីអូឌីអោយដឹងថា សារសាលារាជធានី បានរៀបចំផែនការច្បាស់លាស់ដែលសមស្របនឹងសកម្មភាពរួចរាល់ហើយ មានទាំងមធ្យោបាយនិងកំលាំង ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពនិងចរាចរណ៍កំឡុង ពេលការធ្វើពិធីដង្ហែក្បួនឃោសនាបោះឆ្នោត លើកចុងក្រោយនេះ។

ក្រៅពីនោះក៏មានការផ្អាកចរាចរណ៍បណ្តោះអាសន្ននូវមហាចវិថីមួយចំនួននៅថ្ងៃទី២៧នេះដើម្បីជៀសវាងនូវបញ្ហាកកស្ទះចរាចរណ៍ និងធ្វើអោយមានភាពងាយស្រួលសំរាប់ការដង្ហែក្បួនរបស់គណបក្សនយោបាយទាំងអស់។

លោក ម៉េត មាសភក្តី ក៏បានអោយដឹងទៀតថា កំលាំងនគរបាលជិត៥០០០នាក់នឹងឈរជើងនៅតាមទីតាំងនិងកំណាត់ផ្លូវធំៗមួយចំនួនដើម្បីសំរួល។

បើតាមសេចក្តីប្រកាសពត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ក្បួនទាំងនោះនឹងហែតាមមហាវិថីកម្ពុជាក្រោម មហាវិថីសម្ដេចមុនីរ៉េត កំណាត់វិថីសម្ដេចសុធារស កំណាត់មហាវិថីម៉ៅសេទុង កំណាត់មហាវិថីព្រះមុនីវង្ស កំណាត់មហាវិថីព្រះសីហនុ វិថីព្រះស៊ីសុវត្ថិ និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ