ក្រសួងនិងគណៈសង្ឃណែនាំអប់រំព្រះសង្ឃជាស្ថាបនិកគណបក្សសញ្ជាតិកម្ពុជា

លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា និងព្រះតេជគុណ ហង្ស ដារ៉ា រួមទាំងសមាជិកបក្ស (រូបភាព៖ ហ្វេសប៊ុក គណបក្សសញ្ជាតិកម្ពុជា)

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីគណៈសង្ឃ បានណែនាំអប់រំព្រះសង្ឃជាស្ថាបនិកគណបក្សសញ្ជាតិកម្ពុជា ជុំវិញករណីព្រះតេជគុណចូលរួមសកម្មភាពនយោបាយ និងបានថ្លែងវាយប្រហារស្ថាប័នផ្សេងៗ។​

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានឲ្យប្រាប់វីអូឌីនៅថ្ងៃនេះថា ចំពោះបញ្ហារឿងព្រះតេជគុណ ហង្ស ដារ៉ា គឺជារឿង​បុគ្គល ប៉ុន្តែខាងគណៈសង្ឃ និងក្រសួងក៏បានធ្វើយន្តការណ៍សម្រាប់ទម្រង់ទិសរួចមកហើយ។

[…] នេះវាជារឿង​បុគ្គល ហើយវាទាក់ទិននឹងខាងសាសនា គឺខាងគណៈសង្ឃ លោកបានប្រជុំសិក្សា​ស្រាវជ្រាវលើចំណុចនេះដែរ ហើយមានយន្តការណ៍សម្រាប់ធ្វើការទម្រង់ទិស  […] ចឹងយន្តការណ៍នឹងគឺថា​គណៈសង្ឃលោក​បានធ្វើការណែនាំហើយ។ ហើយកន្លងមកចំណុចទាំងនឹង មានខាងគណៈសង្ឍ លោកមានសារាចរណ៍ លោក​មានសង្ឃប្រកាស មានអីហូរ​ហែ លោកបានណែនាំអីចឹង

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា

លោកបានបន្តថា ក្រសួងក៏មានការស្នើសុំឲ្យខាងគណៈសង្ឃពិនិត្យ  បន្ទាប់ពីគណៈសង្ឃធ្វើការពិនិត្យភ្លាមហើយ ស្ថានការណ៍ក៏​មានការប្រែប្រួលមកវិញ ដោយឃើញថាព្រះអង្គ ហង្ស ដារ៉ា មានលក្ខណៈស្លូតជាងមុន។

លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានប្រាប់វីអូឌីថា ព្រះអង្គមានសង្ឃដីកានៅថ្ងៃឃោសនាគឺមិនខុសទេ ព្រោះព្រះតេជគុណក៏​ជាពលរដ្ឋម្នាក់ដែលមាន​សិទ្ធិក្នុងការបញ្ចេញមតិយោបល់ដែរ ហើយព្រះតេជគុណក៏ជាប្រធានស្ថាបនិកនៃ​គណបក្ស ប៉ុន្តែព្រះអង្គមិនបានឈរឈ្មោះនោះទេ។

អត់មានខុសអីទេ ព្រោះព្រះអង្គជាពលរដ្ឋម្នាក់ដែរតា៎ លោកមានសិទ្ធិបញ្ចេញមតិ មានសិទ្ធិអី ហើយ​ព្រះអង្គជាប្រធានស្ថាបនិករបស់គណបក្ស ព្រះអង្គអត់ឈរឈ្មោះទេ ចឹងវាគ្មានខុសនឹងច្បាប់ទេណាស់ […] ហើយអាស៊ីសេរីយក​ឈ្មោះគណបក្សសញ្ជាតិកម្ពុជាថាគណបក្សនឹងឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា អានេះជាយុទ្ធសាស្រ្តរប់គណបក្ស

លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា

លោក​ សេង សុខេង ក៏បានបដិសេធថា មិនមានស្ថាប័នណាមួយមានចំណាត់ការអ្វីលើព្រះតេជគុណ ហង្ស ដារ៉ា នោះទេ។​

កាលពីថ្ងៃទី១៨ ខែកក្កដា ព្រះតេជគុណ ហង្ស ដារ៉ា បានបញ្ចេញប្រតិកម្មទៅលើវិទ្យុអាស៊ីសេរី និងអ្នកកាសែតអាមេរិក​ដែលចោទប្រកាន់បក្សព្រះតេជគុណជាគណបក្សដែលឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា។

[…] ថ្ងៃមួយអាស៊ីសេរី កូនចៅ អាអ្នកកាសែតឆ្កួត អ្នកកាសែតអាមេរិកាំង និងអាមេរិកាំងវាឆ្កួត វាជេរ​លោកឪថា ទ្រងពងឲ្យគេនោម កាន់ជើងឲ្យគេ ឃោសនាឲ្យគេ […] ចំណាស់អញណាហ្អែងអាសីុសេរី ធ្វើឲ្យស្រួលប្រួលហ្អែង ហ្អែងត្រូវសុំទោសអញ បើហ្អែងមិនសុំទោសអញ រន្ទះបាញ់អាស៊ីសេរី រន្ទះបាញ់អាមេរិកាំង ហ្អែងភ្លើទេអី នេះជាយុទ្ធសាស្រ្តរបស់​អញ អញធ្វើចឹងដើម្បីឲ្យរួបរួមជាតិ អញធ្វើឲ្យប្រទេសជាតិអញមានសុខសន្តិភាព […] ហ្អែងចង់លេងជាមួយអញទៀតហេ៎ អញមិនខ្លាចហេ៎ បាញ់គ្នាក៏បានដែរ ហ្អែងចង់ដឹងហេ៎ ហ្អែងចង់ឲ្យប្រទេសអញធ្លាក់ចូលក្នុងភ្លុកក្នុងសង្គ្រាមហេ៎ កូនចៅ លោកឪហ៊ានធានាធ្វើសង្គ្រាមជាមួយវា

ព្រះតេជគុណ ហង្ស ដារ៉ា

ចំពោះបញ្ហានេះ លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ត និងសីលធម៌កម្ពុជាបានឲ្យដឹងថា ទង្វើដែលព្រះសង្ឃ ហង្ស ដារ៉ាធ្វើជា​ទង្វើដែលប៉ះពាល់ដល់សង្គមផង និងប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាផងដែរ។

[…] យើងឃើញថាទង្វើអស់នឹងមិនត្រឹមតែប៉ះពាល់ ទីមួយគាត់យកស្បង់ទៅស្លៀកពាក់នឹង វាខូចដល់​តម្លៃព្រះពុទ្ធសាសនា ព្រោះថាកន្លងមកយើងធ្លាប់ឮហើយតែងតែមានការអំពាវនាវកុំឲ្យព្រះសង្ឃនឹងទៅពាក់ព័ន្ធរឿងកិច្ចការ​នយោបាយ ទៅឈរឈ្មោះទៅឈរអី ធ្វើជាសកម្មជន ឬក៏ប្រធានគណបក្សនយោបាយ ទីពីរទៀត រឿងដែលគាត់ស្លៀកពាក់ជា​សង្ឃ ហើយគាត់ប្រើពាក្យអសុរសអីនឹង អានឹងកាន់តែខុសធ្ងន់តទៅទៀត មិនត្រឹមតែបំផ្លាញដល់ ខុសនឹងវិន័យពុទ្ធសាសនាទេ ជាចំណែកមួយបំផ្លាញដល់តម្លៃព្រះពុទ្ធសាសនា ពីព្រោះតម្លៃព្រះពុទ្ធសាសនាមិនមែនជាសាសនារបស់បុគ្គលណាតែម្នាក់នោះទេ វាជាសាសនារបស់ជាតិតាមរដ្ឋធម្មនុញ្ញរបស់ខ្មែរយើងនឹងហា៎

លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ត និងសីលធម៌កម្ពុជា

គួរបញ្ជាក់ផងដែរ ព្រះតេជគុណ ហង្ស ដារ៉ា ប្រធានស្ថាបនិកនៃគណបក្សសញ្ជាតិកម្ពុជា ត្រូវបានអ្នកបណ្តាញសង្គមហ្វេសប៊ុក​រិះគន់ បន្ទាប់ពីព្រះអង្គបានរិះគន់ និងជេរវិទ្យុអាស៊ីសេរី និងកាសែតបរទេស នៅកំឡុងពេលព្រះអង្គកំពុងធ្វើការ​ឃោសនាបោះឆ្នោត កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ