ក្រុម​ហ៊ុន​​មួយ​បកស្រាយ​ការ​កាត់​លុយ​បុគ្គលិករឿង​មិន​ទៅ​បោះឆ្នោត

ការបោះឆ្នោត កន្លងទៅ

ក្រុម​ហ៊ុន​ឆ្នោត​មួយ​បាន​បកស្រាយចំពោះ​ការ​ជូន​ដំណឹង​របស់​ខ្លួន​ទៅ​លើ​វិធាន​ការ​ចំពោះ​បុគ្គលិក​ប្រសិន​ជា​ពុំ​មាន​ស្នាម​ប្រឡាក់​ទឹក​ថ្នាំបោះឆ្នោតថា​ជា​ការ​យល់​ច្រលំ​ និងសុំ​ទោស​ចំពោះការ​ជូន​ដំណឹង​បែបនេះ។

កាលពី​ថ្ងៃទី​២៦ កក្កដា ក្រុម​ហ៊ុន​ឆ្នោត​ KPW បាន​ចេញ​សេចក្តីប្រកាស​មួយ​ដោយ​ព្រមាន​កាត់​ប្រាក់​ខែ​បុគ្គលិក​ដែល​ឈប់​សម្រាក​៣ថ្ងៃ​នាថ្ងៃ​បោះឆ្នោតដោយហើយ​ត្រលប់​មក​វិញ​ដោយ​ម្រាម​ដៃ​ចង្អុល​គ្មាន​ប្រលាក់​ទឹក​ថ្នាំបោះឆ្នោតនោះ។ ​

ជំនួយ​ការ​រដ្ឋ​បាល​នៃ​ក្រុម​ហ៊ុន​នេះ​ លោក ជី សេង បាន​ឲ្យ​VOD ដឹងថា​ការ​ផ្សព្វផ្សាយ​បែប​នេះ​គឺ​ដោយ​សារ​ក្រុម​ហ៊ុន​មាន​ការ​យល់​ច្រឡំ​ចំពោះ​នីតិវិធី​បោះឆ្នោត​ឆ្នាំ​២០១៨​នេះ ដោយសារ​​​កាល​ពីកន្លង​ទៅរដ្ឋាភិបាល​ពុំ​បាន​ចេញ​សេចក្តី​ប្រកាស​ឲ្យ​ឈប់​សម្រាក​៣ថ្ងៃ​ដូចឆ្នាំនេះទេ។ ទោះ​ជា​យ៉ាង​ណា​លោក​ថា​ក្រុម​ហ៊ុន​បាន​ចេញ​សេចក្តីជូន​ដំណឹង​ថ្មី​រួច​ហើយ និង​បាន​សុំ​ទោស​ចំពោះ​ការ​យល់​ច្រឡំ​នេះ​ផង​ដែរ។

បញ្ហា​ហ្នឹង​គឺ​កើត​ឡើង​ការ​ពី​ម្សិល​មិញ​ចំ​ពេល​ដែល​ខ្ញុំ​សុំ​ច្បាប់​អត់​បាន​មក​ធ្វើ​ការ ដល់​ពេល​គាត់​ចេញលិខិត​ហ្នឹង​គាត់អត់​ដឹង​គាត់​ស្មាន​តែ​ធ្វើ​ដូច​រាល់​ដង​។ ដល់​ពេល​ឆ្នាំ​នេះខ្ញុំ​ប្រាប់​ហើយ អត់​មាន​កាត់​លុយ​ទេព្រោះ​ថាសេចក្តី​ប្រកាស​ពី​ក្រសួង​ការ​ងារ​ហ្នឹង​មក​គឺ​អត់​មាន​កាត់​លុយ​ទេ ហើយ​ខាង​ខ្ញុំបាន​ចេញ​សេចក្តីប្រកាស​សាជាថ្មី​ហើយ គឺ​អត់​មាន​កាត់​លុយ​ទេ

ជំនួយ​ការ​រដ្ឋ​បាល​នៃ​ក្រុម​ហ៊ុន​ឆ្នោត KPW លោក ជី សេង

ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​២៩​កក្ក​ដា​ខាង​មុខ ខណៈ​ដែល​ក្រសួង​ការ​ងារ​​ប្រកាស​ឲ្យ​មាន​ការ​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ២៨ កក្កដា ដល់​ថ្ងៃ​ទី៣១ ដើម្បី​អនុញ្ញាត្តិឲ្យ​កម្ម​ករ​និយោជិត​បាន​ចូល​រួម​បោះឆ្នោត​។

គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​បាន​បញ្ជាក់​ថាការ​បោះឆ្នោត​គឺ​ជា​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ ហើយ​គ្មាន​បុគ្គល​ណា​ ឬស្ថាប័ន​ណាអាច​ចាប់​បង្ខំ​ ឬ​រារាំង​ឲ្យ​ពល​រដ្ឋ​ទៅ​បោះ ឬ​មិន​បោះ​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ