ទិដ្ឋភាពឃោសនារបស់គណបក្សនៅថ្ងៃចុងក្រោយ

ក្បួនដង្ហែឃោសនាគណបក្សហ្វ៊ុនស៊ិនប៉ិច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

ថ្ងៃទី២៧ ខែកក្កដានេះ គឺជាថ្ងៃចុងក្រោយ​ដែលគណបក្សនយោបាយទាំងអស់ធ្វើយុទ្ធនាការឃោសនារកការគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។​

គណបក្សប្រជាជនកម្ពុជាជ្រើសរើសយកកន្លែងជួបជុំអ្នកគាំទ្រ ចាប់ពីកោះពេជ្ររហូតដល់មុខវត្តបុទុមវតីដែលមានចម្ងាយប្រមាណ១គីឡូម៉ែត្រ។​

តាមរបាយការណ៍ដែលគណបក្សប្រជាជនកម្ពុជាដាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺអ្នកចូលរួមមានចំនួន​២៥ម៉ឺននាក់។​

ចំនួននេះច្រើនជាងគណបក្សផ្សេងៗ ដែលធ្វើយុទ្ធនាការធំសម្រាប់ការស្វែងរកសំឡេងគាំទ្រពីប្រជាពលរដ្ឋនៅថ្ងៃចុងក្រោយនេះដែរ។​

ចាប់តាំងពីម៉ោង៥ព្រឹករថយន្តតូចធំ ដឹកអ្នកគាំទ្រដែលមានពាក់មួកនិងអាវគណបក្សប្រជាជនកម្ពុជាចេញពីផ្លូវនានាសំដៅទៅកន្លែងជួបជុំគ្នានៅកោះពេជ្រនិងមុខវត្តបទុមវតី។ អ្នកគាំទ្រទាំងនោះ ខ្លះកាន់ទង់បក្ស ខ្លះកាន់ទង់ជាតិ ខ្លះគ្រវី និងស្រែកហ៊ោ បើទោះជាទៅមិនទាន់ដល់កន្លែងជួបជុំគ្នាក៏ដោយ។​

តាំងពីមុនម៉ោង៦ព្រឹកផ្លូវមួយចំនួននៅជុំវិញកន្លែងជួបជុំគ្នារបស់គណបក្សប្រជាជនកម្ពុជា ត្រូវបិទទាំងស្រុង ឬកន្លែងខ្លះអនុញ្ញាតឲ្យតែរថយន្តឬ មធ្យោបាយដឹកជញ្ជូនសកម្មជនបក្សឬអ្នកធ្វើការនៅកន្លែងនោះតែប៉ុណ្ណោះដែលអាចចូលទៅបាន សម្រាប់អ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់ឬ រថយន្តឈ្នូលមិនអនុញ្ញាតឲ្យឆ្លងកាត់នោះទេ។​

ព្រឹកព្រលឹមពន្លឺថ្ងៃមិនទាន់រះផងសំឡេងចម្រៀងគណបក្សឮទ្រហឹងចាប់ពីចំណុចវិមានឯករាជ្យ រហូតដល់កោះពេជ្រ។ ចំណែកអ្នកគាំទ្រគណបក្សនេះ ពាក់អាវនិងមួកពណ៌សដើរពាសពេញទីនោះ។

អ្នកគាំទ្រទាំងនោះស្ថិតនៅតាមក្រុមការងាររបស់ពួកគេដូចជា តំណាងតាមខណ្ឌ ឬ តាមតំបន់ផ្សេងៗទៀត។​ កន្លែងខ្លះមានចាក់ចម្រៀងមានអ្នករាំ កន្លែងខ្លះមានការណែនាំពីវិន័យត្រៀមពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅដល់។​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅដល់វេទិកាទី១នៅកោះពេជ្រនៅម៉ោងជាង៧ព្រឹក លោកបានថ្លែងសារទៅកាន់អ្នកគាំទ្រ ហើយដើរដោយថ្នើរជើងឆ្ពោះទៅកាន់វេទិកាបន្តបន្ទាប់ដែលមានអ្នកគាំទ្រឈរអមដល់វត្តបុទុមវតី។​

ចន្លោះពីវេទិកាទី១រហូតដល់វេទិកាចុងក្រោយ  មានវេទិកាតូចជាច្រើនទៀតដោយកន្លែងខ្លះរៀបចំជាតន្ត្រី និងមានក្រុមការងារចាំជួយសង្គ្រោះបន្ទាន់ជាច្រើនកន្លែង អមដោយក្រុមរៀបចំការពារសន្តិសុខ។​

មកដល់វេទិកានៅមុខវត្តបុទុមវតីលោកនាយករដ្ឋមន្ត្រីថ្លែងសារម្តងទៀតការថ្លែងសារនោះ ផ្តោតសំខាន់លើការជំរុញឲ្យពលរដ្ឋទៅបោះឆ្នោត ហើយបោះឲ្យគណបក្សប្រជាជនកម្ពុជា។

គណបក្សផ្សេងទៀតដូចជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជួបជុំអ្នកគាំទ្រនៅចំណុចផ្លូវ៦០ម៉ែត្រ គណបក្សហ្វ៊ុនស៊ិនប៉ិចជួបជុំគ្នានៅមុខវត្តចាស់ត្រើយខាងកើតទន្លេ គណបក្សសញ្ជាតិកម្ពុជាជួបជុំគ្នានៅសួនប្រជាធិបតេយ្យនៅបណ្តោយផ្លូវជាតិលេខ៥។

ទាំងគណបក្សប្រជាជនកម្ពុជានិងគណបក្សនយោបាយផ្សេងៗទៀត បន្ទាប់ពីជួបជុំគ្នាហើយស្តាប់សាររបស់ថ្នាក់ដឹកនាំបក្សរួចពួកគេចាប់ផ្តើមហែក្បួនក្នុងរាជធានីភ្នំពេញ។​

ស្ទើរគ្រប់ផ្លូវក្នុងរាជធានីមានក្បួនហែបក្សឆ្លងកាត់ ដោយគណបក្សខ្លះទៅទាំងក្រុមធំ គណបក្សខ្លះទៀតបែងចែកគ្នាតាមផ្លូវតួចៗ។​

ដោយឡែកគណបក្សប្រជាធិបតេយ្យមូលដ្ឋានជ្រើសរើសការជួបជុំគ្នានៅខេត្តសៀមរាប។ គណបក្សនេះជួបជុំគ្នានៅបរិវេណប្រសាទបាគង នៅពេលរសៀលដើម្បីធ្វើពិធីបួងសួង និងថ្លែងអំណរគុណដល់បុព្វបុរសដែលបានកសាងទឹកដី បន្ទាប់មកគណបក្សហែក្បួនឃោសបន្តនៅសៀមរាប។​

ចំណែកគណបក្សមួយចំនួនទៀត មិនបានធ្វើសកម្មភាពជាទ្រង់ទ្រាយធំទេ គ្រាន់តែចុះជួបអ្នកគាំទ្រ ឬ ធ្វើសកម្មភាពផ្សព្វផ្សាយតាមហ្វេសប៊ុកតែប៉ុណ្ណោះ។​

ការឃោសនារកសំឡេងឆ្នោតមានរយៈពេល២១ថ្ងៃគឺចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី២៧ខែកក្កដា ចំណែកថ្ងៃទី២៨គឺជាថ្ងៃ ស មិនឲ្យមានការឃោសនាទេ ត្រៀមសម្រាប់បោះឆ្នោតថ្ងៃទី២៩ ខែកក្កដាដដែល។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ