ទស្សនៈគណបក្ស​នយោបាយនានាជុំវិញ​ទិដ្ឋភាពនៃការបោះឆ្នោត​ព្រឹក​នេះ

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណបក្សនយោបាយមួយចំនួន យល់ឃើញថា​ទិដ្ឋភាព​ការបោះឆ្នោតនៅព្រឹកនេះមានលក្ខណៈ​ល្អ ស្របពេល​ដែល​គណបក្សខ្លះអះអាងថា​មាន​ភាពមិនប្រក្រតី។​

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ដំណើរនៃការបោះឆ្នោតនៅព្រឹកមិញនេះមានប្រព្រឹត្តទៅ​ដោយរលូន។

តាមការកត់សម្គាល់ឃើញនឹងភ្នែករបស់ខ្ញុំផ្ទាល់ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះស្មារតីភ្ញាក់រព្ញក និងមានការ​ទទួលខុសត្រូវខ្ពស់របស់​ប្រជាជនកម្ពុជាទូទាំងប្រទេសដែលលោកគឺបានត្រៀមលក្ខណៈសម្បត្តិសព្វគ្រប់បែបយ៉ាងទាំងអស់ ហើយធ្វើដំណើរយ៉ាងសស្រាក់សស្រាំឆ្ពោះមកការិយាល័យបោះឆ្នោតនៅតាមមូលដ្ឋានរបស់ខ្លួនមុនពេលដែលការិយាល័យបើកទ្វារផង

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឲ្យដឹងថា ការបោះឆ្នោតគឺមានភាពល្អ ព្រោះ​ ប្រជាពលរដ្ឋមិនមានការបង្ខិតបង្ខំពីសំណាក់អាជ្ញាធរនោះទេ។

ព្រឹកមិញកន្លែងដែលខ្ញុំទៅបោះឆ្នោតនឹង ដូចប្រជាពលរដ្ឋគាត់មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើ​សេចក្តីសម្រេចចិត្តពុំមានការបង្ខិតបង្ខំ ពុំមានអី ជាប៉ូលីស ជាទាហានអី ស្ថិតក្នុងការិយាល័យ បង្ហាញការគម្រាមកំហែងអីទេ

លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

លោក សឹង្ហ គិរី អ្នកនាំពាក្យ​គណបក្សខ្មែររួបរួមជាតិ ប្រាប់ថា​តាមការសង្កេត​របស់​លោក​មានប្រជាជនទៅចូលរួម​បោះឆ្នោត​តិចឬច្រើនអាស្រ័យទៅតាម​តំបន់នីមួយៗ។​

សម្រាប់ថ្ងៃបោះឆ្នោតថ្ងៃនេះគឺ និយាយទិដ្ឋភាពជារួម ក៏តំបន់ខ្លះ កន្លែងខ្លះមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតជុំ កន្លែងខ្លះក៏មាន​តិចចឹងទៅណា បើតាមការសង្កេតឃើញ

លោក សឹង្ហ គិរី អ្នកនាំពាក្យ​គណបក្សខ្មែររួបរួមជាតិ

លោក កូវ គា អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឲ្យដឹងថា ការបោះឆ្នោតនៅអាណត្តិនេះគឺមិនខុសអ្វីពី​អាណត្តិមុនៗមានការជ្រៀតជ្រែករបស់អាជ្ញាធរនៅតាមមូលដ្ឋាន។

វាដូចតែអាណត្តិមុនៗហ្នឹងក្មួយ វារកសេរី រកយុត្តិធម៌នោះមិនឃើញទេ។ សំខាន់គឺការជ្រៀតជ្រែករបស់អាជ្ញាធរ​នៅតាមមូលដ្ឋានហ្នឹង ទៅលើការិយាល័យបោះឆ្នោតទាំងអស់។ ប្រជាពលរដ្ឋគាត់ខ្មែរ គាត់វាមិនដឹងថា គេធ្វើស្អី ឬធ្វើអីទេ អោយតែឃើញមេភូមិ ឃុំ ក្រឡឹងៗការិយាល័យហ្នឹងគាត់ភ័យ អាហ្នឹងជារូបភាពដែលយើងឃើញទូទៅ ដូចតែអាណត្តិមុនហ្នឹង​គឺអញ្ចឹង

លោក កូវ គា អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

តាមការបញ្ជាក់ពីអ្នកនាំពាក្យគ.ជ.ប គិតត្រឹម​ម៉ោង១១ ព្រឹកនេះ ​អ្នកចូលរួមបោះឆ្នោតមាន​ចន្លោះពី៥០ទៅ៦០ភាគ រយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ