​អតីតបក្សប្រឆាំងធ្វើបាតុកម្មនៅក្រៅប្រទេស​ស្នើអន្ដរជាតិកុំទទួលស្គាល់រដ្ឋាភិបាលកើតក្រោយបោះឆ្នោត

បាតុកម្មនៅរដ្ឋវ៉ាសុីងតោន ស្តីពីម្រាមដៃស្អាត ថ្ងៃសៅរ៍ ទី ២៩ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Oun Vansak)

អតីតគណបក្សប្រឆាំងបាន និងកំពុងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅតាមបណ្ដាប្រទេសនានា ដោយសុំកុំឲ្យពួកគេទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាច និង គ.ជ.ប ហាក់មិនចាប់អារម្មណ៍នឹងការអំពាវនាវនេះនោះទេ។

នៅថ្ងៃបោះឆ្នោតនេះ ប្រជាពលរដ្ឋខ្មែរ និងក្រុមអ្នកគាំទ្រអតីតនៅក្រៅប្រទេស បានតវ៉ាប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដែលគ្មានវត្តមាន​អតីតគណបក្សប្រឆាំងខ្លួនចូលរួម។ ​ក្រុមបាតុករទាំងនោះបានប្រមូលផ្ដុំ​គ្នារាប់​ពាន់នាក់ ​នៅតាមបណ្ដាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ​ធំៗ​លើពិភពលោក ដូចជា កូរ៉េ បារាំង ស្វីស ជប៉ុន អូស្ដ្រាលី កាណាដា និងសហរដ្ឋអាមេរិកជាដើម​​។

អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ​ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ ដែលដឹកនាំក្បួនបាតុកម្មនៅប្រទេសកូរ៉េនៅថ្ងៃនេះ បានថ្លែងថា អតីតគណបក្សប្រឆាំងមួយនេះនឹងបន្ដការតវ៉ានៅក្រៅប្រទេស។ លោកថា ការបោះឆ្នោតនៅអាណត្តិទី៦នេះ គឺផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស។

គឺនៅអាណត្តិនេះ ពេលបោះឆ្នោត ដែលគេលុបបំបាត់ រំលាយគណបក្សប្រឆាំង ចាប់ប្រធានគណបក្សប្រឆាំងដាក់ពន្ធនាគារ ដែលគេឲ្យឈ្មោះជាការបោះឆ្នោតមួយ ដែលយើងមិនអាចទទួលយកបាន

អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ​ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ

សកម្មជនអតីតគណបក្សសង្រ្គោះជាតិ លោក ហៃ វណ្ណា ប្រាប់ VOD ផងដែរថា ពលរដ្ឋខ្មែររាប់ពាន់នាក់នៅប្រទេសជប៉ុន បានតវ៉ាប្រឆាំងនឹងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា និងត្រៀមដាក់ញត្តិដើម្បីសុំឲ្យរដ្ឋាភិបាលជប៉ុន កុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត​ និងរដ្ឋាភិបាលកើតក្រោយការបោះឆ្នោតនេះ។

ចំណុចទី៣ គឺជាចំណុចសំខាន់ អំពាវនាវឲ្យសហគមន៍អន្ដរជាតិ ជាពិសេសជប៉ុនប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត គឺគាត់មានតួនាទីបដិសេធចោលរដ្ឋាភិបាលកើតក្រោយការបោះឆ្នោត។ បើសិនជាគាត់បដិសេធ គឺលោក ហ៊ុន សែន គាត់នឹងឯកា គាត់មិនអាចនៅជាមួយពិភពលោកបានទៀតទេ ​អញ្ចឹង គឺគាត់មិនអាចដឹកប្រទេសតទៅមុខទៀត ទេ

សកម្មជនអតីតគណបក្សសង្រ្គោះជាតិ លោក ហៃ វណ្ណា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សកាន់អំណាចមួយនេះមិនចាប់អារម្មណ៍នឹងសកម្មភាពរបស់អតីតបក្សប្រឆាំងនៅក្រៅប្រទេសឡើយ ដោយថា មានពលរដ្ឋកម្ពុជានោះទេ ដែលជាអ្នកសម្រេចជោគវាសនាប្រទេសជាតិ។

សិទ្ធសម្រេចជាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសទេ មិនមែនសហគមន៍អឺរ៉ុបជាអ្នកសម្រេចទេ។ រឿងលទ្ធផលបោះឆ្នោតត្រង់នរណាទទួលស្គាល់ មិនទទួលស្គាល់ជារឿងរបស់គេ […] សន្ទុះប្រជាពលរដ្ឋទៅបោះឆ្នោតគគ្រឹកគគ្រេង មានន័យថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហ្នឹង គឺថា កំពុងតែរីកស្គូសស្គាយ និងមានសក្ដានុពលក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា អតីតបក្សប្រឆាំងបានទទួលបរាជ័យក្នុងការកៀងគរកុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត។

លោកថា​ ការបោះឆ្នោតនេះបានអនុវត្តទៅតាមច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ ដោយលោកសំអាងទៅលើរបាយការណ៍ គ.ជ.ប ដែលថា​ មានពលរដ្ឋខ្មែរចេញទៅបោះឆ្នោតប្រមាណជាង ៧០ភាគរយបានចេញទៅបោះឆ្នោត។

ប៉ុន្ដែអ្វីជាលទ្ធផលយើងឃើញថា  មិនទទួលបានជោគជ័យទេ ប្រជាពលរដ្ឋ គិតត្រឹមម៉ោង១ ជាង៧០ភាគរយហើយបានចេញទៅបោះឆ្នោត។ ដូច្នេះ ក្នុងយុទ្ធនាការ «ដេកផ្ទះ ឈ្នះស្អាត» គឺមិនទទួលជោគជ័យទេ

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា

ប្រទេសលោកសេរីមួយចំនួន រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងក្រុមអង្គការសិទ្ធិមនុស្សអន្ដរជាតិ បានព្រមានពីការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ បន្ទាប់ពីអតីតបក្សប្រឆាំងដ៏ធំមួយ ត្រូវបានតុលាការកំពូលរំលាយនៅមុនការបោះឆ្នោត។

ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិមួយចំនួន ក៏បានប្រកាសមិនដាក់អ្នកសង្កេតការណ៍របស់ខ្លួនផងដែរ ដូចជា អង្គការ ខុមហ្វ្រែល អង្គការតម្លាភាពកម្ពុជា អង្គការណិចហ្វិច សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុនជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ