គ.ជ.ប៖ ចំនួនអ្នកទៅបោះឆ្នោតឆ្នាំនេះជាការឆ្លើយតបយ៉ាងសមស្របចំពោះអតីតបក្សប្រឆាំង

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតបានប្រកាស​ថា ​លទ្ធផល​​ចំនួន​អ្នក​ទៅបោះឆ្នោត​ឆ្នាំ​២០១៨​នេះ ​ជា​ការ​ឆ្លើយ​តប​យ៉ាង​សម​ស្រប​ចំពោះ​ចលនា​បក្សប្រឆាំង​នៅ​ក្រៅប្រទេស​ដែល​តែង​តែ​ជំរុញ​ពល​រដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត។

លទ្ធផលបឋម​នៃ​ចំនួន​អ្នក​ទៅ​បោះឆ្នោតនៅ​ទូ​ទាំង​ប្រទេស​ ថា​មាន​ចំនួន​ជាង​៦លាន​នាក់​ដែល​ស្មើ​​នឹង​៨២,១៧ភាគ​រយ​នៃ​អ្នក​ដែល​មានឈ្មោះ​បោះឆ្នោត​សរុប​។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​លោក ស៊ិក​ ប៊ុន​ហុក មាន​ប្រសាស​ន៍​ក្នុង​កិច្ចប្រជុំ​សរុប​ព្រឹត្តិ​ការណ៍​ទូ​ទៅ​នៃ​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា​នេះ​ថា ចំនួន​អ្នក​ចូល​រួម​បោះឆ្នោត​នៅ​ថ្ងៃ​នេះគឺ​បាន​ឆ្លើយ​តប​យ៉ាង​សាកសម ​ចំពោះ​ចលនា​សង្គ្រោះ​ជាតិ ​និង​អន្តរជាតិ​មួយ​ចំនួន​ដែល ជំរុញ​ពល​រដ្ឋ​កុំ​ឲ្យ​បោះឆ្នោត និង​​ថា​ជា​ការ​បោះឆ្នោត​ដែល​ក្លែងក្លាយ​នោះ។

រឿងហ្នឹង​ឯង​ដែល​អស់​លោក​មើល​ឃើញ​ និង​កុំ​យល់​ថា​មតិរបស់​បក្សប្រឆាំង​សុទ្ធ​តែ​ត្រូវ។ ត្រូវ​ឬ​មិន​ត្រូវ​គ្រាន់​តែ​ឃើញ​ភាគរយ​ហ្នឹង​ហើយ​គឺ​ជា​ការ​ពិត​នៅ​កម្ពុជា។ […] ឆ្លើយ​ហើយ​ចំនួន​ហ្នឹង! តើខ្មែរ​គេ​ស្រលាញ់​លទ្ធិប្រជា​ធិបតេយ្យ​ទេ? បាន​ជា​លោក​ថា​ក្លែង​ក្លាយ។ តែ​បែ​រជា​គេមក​ចូល​រួម​លើសពីបោះឆ្នោត​ឆ្នាំ​២០១៣​ទៀត ហ្នឹង​វាបាន​បង្ហាញ​ហើយ។ ហើយ​បន្ទាប់​ពី​លទ្ធផល​នេះ​ទៅ​យើង​ចាំ​មើល​លទ្ធផល​ពី​អន្តរជាតិ តើ​គេ​នៅ​បន្ត​ធ្វើ​សកម្ម​មួយ​ដែល​ផ្ទុយ​ពី​ឆន្ទៈប្រជា​ពលរដ្ឋ​ទេ! អស់​លោក​ចាំ​មើល​ទៅ​

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​លោក ស៊ិក​ ប៊ុន​ហុក

ទោះ​ជា​យ៉ាង​ណា​លោក​ស៊ិក ប៊ុន​ហុក​ មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​សន្លឹក​ឆ្នោត​បាន​ការប៉ុន្មាន​ និង​មិន​បាន​ការ​ប៉ុន្មាន​នោះ​ទេ។

នៅថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរ និងក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំង​នៅក្រៅប្រទេស បានប្រមូលផ្ដុំ​គ្នារាប់​ពាន់នាក់ ​នៅ​តាម​បណ្ដា​ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ​ធំៗ​លើពិភពលោក ដូចជា កូរ៉េ បារាំង ស្វីស ជប៉ុន អូស្ដ្រាលី កាណាដា និង​សហ​រដ្ឋ​អាមេរិក តវ៉ាទៅ​នឹង​ការ​ការបោះឆ្នោតនេះ​ដោយ​ថា​​​ផ្ទុយ​ពីគោល​ការណ៍​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស។

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងក្រុមអង្គការសិទ្ធិមនុស្សអន្ដរជាតិ បានព្រមាន​ពីការ​មិន​ទទួល​ស្គាល់​លទ្ធ​ផលនៃការបោះឆ្នោតនេះ បន្ទាប់ពីគណបក្សសង្គ្រោះ​ជាតិ​ ដែលជា​បក្សប្រឆាំង​ធំ​មួយ​នៅ​កម្ពុជា​ត្រូវ​គេ​ផាត់​ចេញ​ពី​ការ​បោះឆ្នោត​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ