តើព័ត៌មានល្បីៗលើពិភពលោកចុះផ្សាយអ្វីខ្លះពីការបោះឆ្នោតនៅកម្ពុជា?​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានបញ្ចប់នៅរសៀលថ្ងៃអាទិត្យម្សិលមិញ ហើយសារព័ត៌មានអន្តរជាតិមួយចំនួន​បានចុះផ្សាយទាំងចំណុចវិជ្ជមាននិងអវិជ្ជមាន។​

សារព័ត៌មាន Russian Times របស់រុស្សីបានចុះផ្សាយកាលពីម្សិលមិញថា វាមានភាពសង្ស័យមួយ​ចំនួ​ន​ដោយសារតែភាគច្រើននៃ​អ្នកដែលទៅបោះឆ្នោត​ទាំង​អស់នៅតែបោះអោយលោក ហ៊ុន សែន​ ជានាយករដ្ឋមន្រ្តី​។

ប្រភពដដែលបានបន្តថា មាន២០គណបក្សឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំនេះ​ ក៏ប៉ុន្តែ​មិន​មានគណបក្សប្រឆាំងដែលស័ក្តិសមដូចអតីតគណបក្សសង្រ្គោះជាតិចូលរួមឡើយ ហើយការបោះឆ្នោតនេះ កើតឡើងទាំងដែលប្រទេសលោកខាងលិចចោទប្រកាន់ថា មិនសេរីនិងយុត្តិធម៌។

សារព័ត៌មានរបស់អង់គ្លេស BBC បានចុះផ្សាយកាលពីម្សិលមិញថា ការបោះឆ្នោតអាណត្តិនេះបញ្ចប់ដោយ​គ្មាន​គូប្រជែងត្រឹមត្រូវ ជាមួយនឹងនាយករដ្ឋមន្ត្រី ហ៊ុន សែននោះឡើយ ហើយ​អ្នកវិភាគបាននិយាយថាចំនួនអ្នកទៅបោះ​ឆ្នោត​នេះនឹងជាគន្លឹះ​នៃការសាកល្បង​ភាព​ស្រប​​ច្បាប់របស់លោក ហ៊ុន សែន។

សារព័ត៌មានដដែលបានបន្តថា  អ្នករិះ​គន់​បានហៅការបោះឆ្នោតនេះថា​ជា​ «ការបោះឆ្នោត​បោកប្រាស់» ដោយសារ​គណ​បក្ស​​សង្រ្គោះជាតិត្រូវបានគេរំលាយ។  ក្នុងនោះ អាមេរិកនិង​សហភាពអឺរ៉ុប ក៏បានចោទជា​សំនួរផងដែរទៅលើទំនុក​ចិត្ត​នៃការបោះឆ្នោតនេះ។​

បើតាមការចុះផ្សាយរបស់សារព័ត៌មានរបស់អង់គ្លេស Reuters ដែលចុះផ្សាយកាលពីម្សិលមិញបានអោយដឹងថា គេនឹងតាមដានយ៉ាងជិតដិតជាមួយនឹងចំនួនសន្លឹកឆ្នោតដែលមិនបានការ ដោយសារតែ​មានប្រជាជន​មួយចំនួន​ត្រូវបានគេប្រាប់អោយទៅបោះឆ្នោត បើមិនដូចនោះទេ​នឹងត្រូវប្រឈមមុខនឹងបញ្ហាជាមួយនិយោជក និង​មន្ត្រីរាជ​ការជាដើម។

ប្រជាពលរដ្ឋមួយចំនួនបានប្រាប់សារព័ត៌មាន Reuters ថា ពួកគេទៅឆ្នោតដើម្បីបានជ្រលក់ទឹកខ្មៅលើម្រាមដៃ ហើយថា សន្លឹកឆ្នោតគេធ្វើឲ្យខូច។​

សារព័ត៌មានដដែលបានអោយដឹងថា អាមេរិក នឹងពិចារណាពីជំហានមួយចំនួន​ដើម្បី​ឆ្លើយ​តបនឹងការបោះឆ្នោត​អាណត្តិ​នេះ​ ដែលគេនឹងមានការរឹតត្បិតទិដ្ឋាការ លើសមាជិក​រដ្ឋាភិបាលមួយចំនួន ខណៈ​ដែលសហភាព​អឺរ៉ុប​ក៏​បាន​គំរាមកម្ពុជា​ជាមួយនឹងការដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ផងដែរ។

សារព័ត៌មាន Xinhua របស់រដ្ឋចិនចុះកាលពីម្សិលមិញ សាទរលើជ័យជម្នះលើសលប់របស់គណបក្សប្រជាជនកម្ពុជា។

លោក សុខ ឥសាន បានប្រាប់ Xinhua ថា៖

យោងតាមលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀប​ចំការបោះ​ឆ្នោត​​ដែល​បាន​​ចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជានោះ ការបោះឆ្នោតដែលប្រជាពលរដ្ឋ​បានគាំទ្រគណបក្ស​ប្រជា​ជន​​នោះគឺ​លើសពី៨០ភាគរយ

លោកបានបន្តទៀតថា៖

បើតាមចំនួនភាគរយដែល​​យើងទទួល​បាននោះ គណ​បក្សប្រជាជនឈ្នះមិនក្រោម​១០០ អាសនៈក្នុងរដ្ឋសភាជាតិនោះទេ

មិនទាន់មានលទ្ធផលជាក់លាក់ពីចំនួនអាសនៈគណបក្សប្រជាជនទទួលបានឡើយដោយ លទ្ឋផលផ្លូវការរបស់គណ​កម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងប្រកាសនៅពាក់កណ្តាលខែក្រោយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ