ព្រឹត្តិការណ៍សំខាន់ៗអំឡុងពេលបោះឆ្នោត

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

ជិតដល់ថ្ងៃបោះឆ្នោតមានព្រឹត្តិការណ៍មួយចំនួនកើតឡើងដូចជា ករណីប្រទេសលោកសេរីនិងអង្គការអន្តរជាតិមួយបញ្ជាក់ជំហរមិនបញ្ជូនអ្នកអង្កេតណ៍ចូលរួម​ដោយចោទថា ដំណើរការរៀបចំបោះឆ្នោតមិនប្រព្រឹត្តិទៅល្អដូចជា ការរំលាយបក្សប្រឆាំង និងរឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយជាដើម។​

នៅថ្ងៃទី២៥ខែកក្កដា អាមេរិក​និងជប៉ុន​បានបញ្ជាក់ជំហរក្នុងថ្ងៃតែមួយនេះថា មិនបញ្ជូនអ្នកអង្កេតការណ៍ចូលរួមការបោះឆ្នោតនៅកម្ពុជាទេ។

ទោះយ៉ាងណា គ. ជ. ប បង្ហាញរបាយការណ៍ថា អ្នកអង្កេតការណ៍អាណត្តិនេះមានជិត៨ម៉ឺននាក់ក្នុងនោះមាន​ជន​បរទេសជាង៥០០នាក់ ចំនួននេះបើប្រៀបធៀបការបោះឆ្នោតអាណត្តិមុន ​គឺ​អ្នកអង្កេតការណ៍កើនឡើងជាង៣ម៉ឺននាក់។​

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការសរុបព្រឹត្តិការណ៍នៃការបោះឆ្នោត ថ្ងៃទី ២៩ កក្កដា ២០១៨

គ.ជ.ប ក៏បានបញ្ជាក់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធានាការបោះឆ្នោតឲ្យប្រព្រឹត្តិទៅដោយត្រឹមត្រូវទោះប្រទេសនិងអង្គការមួយចំនួនមិនដាក់អ្នកអង្កេតការណ៍ក៏ដោយ។

ថ្ងៃសុក្រទី២៧ខែកក្កដាគឺជាថ្ងៃធ្វើយុទ្ធការធំចុងក្រោយរបស់គណបក្សនយោបាយក្នុងការស្វែងរកសំឡេងឆ្នោត គណបក្សជាច្រើនប្រកាសរៀបចំយុទ្ធនាការធំតាមលទ្ធភាពដែលអាចធ្វើទៅបាន។

គណបក្សមួយចំនួនធ្វើយុទ្ធនាការក្នុងរាជធានីរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ជាដើម​។ ក្នុងនោះគណបក្សប្រជាជនកម្ពុជាធ្វើធំជាងគេ។

ក្រុមហ៊ុននិងសាលារៀនមួយចំនួននៅភ្នំពេញ​បានបិទទ្វារក្រោមហេតុផលថា បារម្ភខ្លាចកកស្ទះចរាចរណ៍តាមដងផ្លូវ។​

បិទប្រព័ន្ធផ្សព្វផ្សាយ

នៅល្ងាចថ្ងៃទី២៧ខែកក្កដា អ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះ គេហទំព័រព័ត៌មានចំនួន១៧ត្រូវបានក្រសួងព័ត៌មានបិទក្រោមហេតុផលថា មានការស្នើពី គ.ជ.ប​ ដោយសារតែចង់រក្សាភាពស្ងៀមស្ងាត់នៅថ្ងៃ«ស» និងថ្ងៃបោះឆ្នោត។​

ការបិទនោះទៀតសោតក្រសួងមិនបានជូនដំណឹងដល់ម្ចាស់គេហទំព័រទាំងនោះ ឬ ជូនដំណឹងឲ្យមហាជនដឹងមុននោះទេ។ មូលហេតុនៃការបិទមិនបានជូនដំណឹងមុននេះ ក្រសួងថា ដោយសារគេហទំព័រទាំងនោះមិនបានចុះបញ្ជីត្រឹមត្រូវ ហើយក្រសួងមិនដឹងផ្តល់ដំណឹងតាមណាទេ។ នេះជាការអះអាងរបស់លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋាន ព័ត៌មាន និង សោតទស្សន៍នៃក្រសួងព័ត៌មាន ។​

ក្នុងចំណោមគេហទំព័រទាំង១៧នេះក៏មានគេហទំព័ររបស់ VOD, VOA, RFA និងគេហទំព័រភ្នំពេញប៉ុស្តិ៍ផងដែរ។ គេហទំព័រទាំងនេះជាប្រភពព័ត៌មានសំខាន់ដែលសម្រាប់ពលរដ្ឋ។

ឆ្លើយតបករណីនេះ លោក ណុប វី នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃ CCIM អះអាងថា VOD ជាគម្រោងមួយរបស់CCIM ហើយ CCIM បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ដូច្នេះលោកថា VOD មានតួនាទីស្របច្បាប់ផ្តល់ព័ត៌មានពិតដល់ពលរដ្ឋជាង១០ឆ្នាំមកហើយ។ ចំណែកការបិទនោះលោកថា គ្រាន់តែជាលេសមួយដែលមិនអាចទទួលយកបានទេ។​

លោក ណុប វី ក៏បានសម្តែងការព្រួយបារម្ភថា ការបិទគេទំព័រទាំងនេះធ្វើឲ្យប៉ះពាល់ព្រោះពលរដ្ឋកំពុងតែត្រូវការព័ត៌មានពិតពីដំណើរការបោះឆ្នោត។​ ទោះយ៉ាងណាគេហទំព័រទាំង១៧នោះ ក្រសួងបើកឲ្យដំណើរការវិញនៅល្ងាចថ្ងៃទី២៩ខែកក្កដា។​

ថ្ងៃបោះឆ្នោត

បើទោះជានៅតាមបណ្តាខេត្តមួយចំនួន​រងជំនន់ទឹកភ្លៀងក៏ដោយ ប៉ុន្តែដំណើរការបោះឆ្នោតមិនមានអាក់ខានទេគឺចាប់ពីម៉ោង៧ព្រឹកបញ្ចប់នៅម៉ោង៣រសៀលដូចការគ្រោងទុក។​

ចាប់តាំងពីម៉ោងជាង១១ព្រឹក គ.ជ.ប និងគណបក្សប្រជាជនកម្ពុជាចេញរបាយការណ៍ជាបន្តបន្ទាប់ពីចំនួន​អ្នកទៅបោះឆ្នោតដោយថា ការិយាល័យខ្លះមានអ្នកទៅ៥០ ឬ៦០និង៧០ភាគរយជាដើម។

​លទ្ធផលចុងក្រោយដែល គ.ជ.ប ប្រកាសនៅរសៀលថ្ងៃដដែលនោះគឺអ្នកទៅបោះឆ្នោតមានចំនួន​៨២,១៧%។​

វីអូឌីក៏បានដាក់អ្នកព័ត៌មាននៅរាជធានី និងតាមបណ្តាខេត្តមួយចំនួនដែរ នៅតាមគោលដៅទាំងនោះមានអ្នកទៅបោះឆ្នោតជាបន្តបន្ទាប់ ហើយមិនមានតម្រង់ជួរឬឈរចាំយូរនោះទេ។​

នៅថ្ងៃបោះឆ្នោតផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់ ផ្ទះនិងក្រុមហ៊ុនជាច្រើនបានបិទទ្វារ។ កម្លាំងការពារសន្តិសុខមានតែនៅតាមមណ្ឌលបោះឆ្នោត ចំណែកនៅតាមដងផ្លូវឬនៅភ្លើងស្តុបវិញមិនមានទេ។

នៅថ្ងៃបោះឆ្នោតនៅកម្ពុជាមានភាពមមាញឹក ប៉ុន្តែនៅក្រៅប្រទេសពលរដ្ឋខ្មែរពីរាប់ពាន់ទៅរាប់ម៉ឺននាក់​បាននាំគ្នាធ្វើបាតុកម្មដើម្បីទាមទារឲ្យមានការទទួលស្គាល់ការបោះឆ្នោតដោយពួកគេថា នេះជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តអំណាចតែប៉ុណ្ណោះ។​  ការតវ៉ាទាំងនេះមាននៅប្រទេសដូចជា កូរ៉េខាងត្បូង បារាំង ស្វីស ជប៉ុន អូស្ដ្រាលី កាណាដា និងសហរដ្ឋអាមេរិកជាដើម​​។

អង្កេតការណ៍

ក្រោយការបិទបញ្ចប់ការបោះឆ្នោតភ្លាមៗមិនមានអ្នកអង្កេតការណ៍ជាតិធ្វើសេចក្តីថ្លែងការណ៍ វាយតម្លៃលើលទ្ធផលដែលអង្កេតឃើញក្នុងពេលបោះឆ្នោតទេគឺខុសពីអាណត្តិមុន ដែលមានបន្ទប់ស្ថានការណ៍ជាបណ្តុំរបស់អង្គការក្នុងស្រុកប្រមាណ៤០ស្ថាប័នតែងតែរាយការណ៍លទ្ធផលដែលពួកគេរកឃើញក្រោយបោះឆ្នោតភ្លាមៗ។​​

ចំណែកអ្នកអង្កេតការណ៍អន្តរជាតិវិញនៅល្ងាចថ្ងៃទី២៩ ខែកក្កដា បានប្រកាសពីលទ្ធផលដែលពួកគេរកឃើញថា មានភាពប្រសើរ។ ក្នុងនោះអ្នកអង្កេតការណ៍មកពីក្រសួងការបរទេសចិនថា លទ្ធផលត្រឹមត្រូវហើយជំរុញឲ្យបង្កើតសភា និងរដ្ឋាភិបាលថ្មីឲ្យបានឆាប់។​

ទោះយ៉ាងណាអតីតគណបក្សសង្គ្រោះជាតិ និងអ្នកដែលមាននិន្នាការប្រឆាំងមួយចំនួនដែលកំពុងនៅក្រៅប្រទេសកំពុងតែអះអាងថា ពួកគេមិនជឿថា មានអ្នកទៅបោះឆ្នោតរហូតដល់ជាង៨០ភាគរយនោះទេ ដោយថា នៅឆ្នាំនេះមានអ្នកទៅបោះឆ្នោតតិច ប៉ុន្តែអ្នកទាំងនោះមិនទាន់មានការបង្ហាញភស្តុតាងច្បាស់លាស់ណាមួយ ដើម្បីច្រានចោលរបាយការណ៍របស់ គ.ជ.ប នោះទេ។​

បើទោះជាគណបក្សនយោបាយមួយចំនួននៅមានភាពស្ទាក់ស្ទើរក្នុងការទទួលស្គាល់លទ្ធផលបណ្តោះអាសន្ន និងស្ថានភាពទូទៅនៃការបោះឆ្នោតក៏ដោយ តែគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប ប្រកាសថា ការបោះឆ្នោតប្រព្រឹត្តិទៅត្រឹមត្រូវ ពលរដ្ឋពេញចិត្តទៅបោះឆ្នោត និងជាមោទនភាពរបស់កម្ពុជា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ