គ.ជ.ប ទទួល​បណ្តឹងជាង២ពាន់​បណ្តឹងភាគច្រើន​ពី​បក្ស​សម្ព័ន្ធ​ដើម្បីប្រជា​ធិបតេយ្យ

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨ មណ្ឌលសាលាគរុកោសល្យ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោតបាន​ឲ្យ​ដឹងថាស្ថាប័ន​នេះ​បាន​ទទួល​បណ្តឹង​ជាង​២ពាន់​បណ្តឹង​ពី​គណបក្ស​នយោ​បាយ​​ដែល​បាន​ចូល​រួម​ប្រកួត​ក្នុង​នោះ​បណ្តឹង​ពី​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​មាន​ច្រើន​ជាង​គេ។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ប្រាប់​ VOD នៅ​ថ្ងៃ​​នេះ​ថា ​គិតត្រឹម​ម៉ោង​១១ និង​៣០នាទី​ថ្ងៃ​ទី​៣០​ កក្កដា ម្សិល​មិញ​ គ.ជ.ប បាន​ទទួល​បណ្តឹង​ពី​គណបក្ស​នយោបាយ​ទាំង​អស់​ចំនួន​២២០៦បណ្តឹង ​ក្នុង​នោះ​បណ្តឹង​មក​ពី​គណបក្សសម្ព័ន្ធ​ដើម្បីប្រជា​ធិបតេយ្យ​មាន​២១៧៥​ ដែល​ខ្លឹមសារ​បណ្តឹង​តែ​មួយ​ប៉ុណ្ណោះ​គឺ​មិន​ទទួល​ស្គាល់ការ​គូស​សញ្ញា​ណា​ក្រៅពី​សញ្ញា​ធិក​នៅប្រអប់​តូច​បួនជ្រុង​នោះទេ។

នីតិវិធី​ច្បាប់​គឺ​បាន​ចែង​ច្បាស់​ហើយ​គឺ​ប្រជា​ពល​រដ្ឋ​ត្រូវ​គូស​សញ្ញាគាំទ្រ​ចំពោះ​គណបក្សនយោបាយណា​ដែល​ខ្លួន​ពេញ​ចិត្ត ការ​គូស​នេះ​មិន​បាន​បញ្ជាក់​ថា​គូស​ធិក ឬ​សញ្ញា​ណា​មួយ​នោះ​ទេ​។ ប៉ុន្តែ​គ.ជ.ប គាំទ្រឲ្យ​គូស​ធិកទៅ តែ​បើ​មិន​ចេះ​គូស​គាត់​អាច​គូសអី​ក៏​បាន​ដែរ កុំ​ឲ្យ​តែ​គេ​ស្គាល់​អត្ត​សញ្ញាណ​បាន​។ នេះ​គឺ​ជា​ខ្លឹម​សារ​ច្បាប់គ្រាន់​តែ​ថា ពាក្យ​បណ្តឹង​ហ្នឹង​គឺ​គាត់​នៅ​តែ​លើក​ឡើង​ថា​អត់​ទេ ទាល់​តែគូស​ធិក​ក្នុង​ប្រអប់​នោះ​បាន​អាច​យក​ជា​ការ​បាន

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា

ខណៈ​ដែល​​លទ្ធ​ផល​បណ្តោះ​អាសន្ន​នឹង​ត្រូវប្រកាស​នៅ​ថ្ងៃ​ទី​១១ សីហា​ខែ​ក្រោយ ​លោក​ហង្ស ពុទ្ធា បាន​បញ្ជាក់​ថាបណ្តឹង​ទាំង​នេះ​មិន​អាច​ធ្វើ​ឲ្យ​ការ​ប្រកាស​លទ្ធផល​នេះ​នឹង​ត្រូវ​ពន្យា​រ​ពេល​នោះ​ទេ។

ប្រធានគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​លោក ខឹម វាសនា មាន​ប្រសាសន៍​ថាបណ្តឹង​របស់​គណបក្សលោក​​មិន​ផ្តោត​តែ​លើ​ការ​​គូស​សន្លឹក​ឆ្នោត​តែ​មួយ​នោះ​ទេ គឺ​មាន​បណ្តឹង​ជា​ច្រើន​ទៀត​ហើយ​ជា​ពិសេស​ប្តឹង​ពីការ​គំរាម​កំហែង​របស់​មន្ត្រី​គ.ជ.ប ជា​មួយ​អាជ្ញាធរឃុំ​សង្កាត់​មក​លើអ្នកសង្កេតការ​ណ៍​គណបក្សមួយនេះ​។​ លោក​ចាត់​ទុកការ​បញ្ជាក់​របស់​គ.ជ.បនេះ​ គឺ​គ្រាន់​តែ​បង្វែរការ​ចាប់​អារម្មណ៍​របស់​សាធារណជន​ពី​ពាក្យ​បណ្តឹង​របស់ LDP ប៉ុណ្ណោះ។

គឺ​ថា​មន្ត្រីគ.ជ.ប សហការ​គ្នា​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​គំរាម​កំហែង​ភ្នាក់​ងារ​សង្កេត​ការណ៍​របស់​យើង ដែល​យើង​គិត​ថា​នេះ​វា​ជា​ផែន​ការ​តែ​ម្តង​ព្រោះ​វា​ទូ​ទៅ នេះ​ទាំង​អស់​តែ​ម្តងការិយាល័យ​ទាំង​អស់​គឺស្ថិត​ក្នុង​ទម្រង់​ហ្នឹង គ.ជ.ប សហការ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋានគំរាម​កំហែង​អ្នក​សង្កេត​ការ​របស់​យើង។ បណ្តឹង​របស់​យើង​គឺ​ក្នុង​ន័យ​ហ្នឹង។ ហើយមក​ដល់​ថ្ងៃ​នេះ​គឺ​មិន​ទាន់​អស់​ទេ​ពាក្យ​បណ្តឹង​នោះ​

ប្រធានគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​លោក ខឹម វាសនា

ចំពោះ​ការ​ករណី​បណ្តឹងលើ​ការ​គូស​សន្លឹក​ឆ្នោតលោក​ វាសនា បញ្ជាក់​ថាមាន​ករណី​ជាច្រើន​ដែល​កើត​មានហើយ​មិន​តិច​នោះ​ទេនៅពេល​ដែល​រាប់​សន្លឹក​ឆ្នោត​​នោះ។

មួយ​ការិយាល័យ​អាច​២០ អាច​៣០ អាច៥០ ហើយ​យើង​គិត​មើល​ជាង​២ម៉ឺន​ការិយាល័យ។ វា​ប្រែ​ប្រួល​ដល់​លទ្ធផល​ឆ្នោត ហើយម្យ៉ាង​ទៀត​នៅ​ការិយាល័យ​ដែល​មិន​មាន​អ្នក​សង្កេតការណ៍​របស់​យើងជាង​៤៧​ភាគ​រយ។ ហើយ​យើង​មើល​ឃើញ​ថា​មាន​ភាព​មិនប្រក្រតី​ច្រើននៅ​ការិយាល័យ​ណា​ដែល​មិន​មាន​អ្នក​សង្កេត​ការណ៍

ប្រធានគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​លោក ខឹម វាសនា

លោក​បញ្ជាក់​ថាជំហរគណបក្ស​លោក​គឺ​មិន​ទទួល​សន្លឹក​ឆ្នោត​ណា​ដែល​គូស​ផ្សេងក្រៅ​​ពីសញ្ញា​​ធិក ឬ​ប្រហាក់​ប្រហែលធិក​​នោះ​ទេ បើ​ទោះ​បី​ជា​មាន​សន្លឹក​ឆ្នោត​មួយ​ចំនួន​បានជ្រើស​រើស​LDP ដោយ​​គូស​សញ្ញា​ផ្សេង​ពី​នេះ​ក៏​ដោយ។ ​

គួរ​បញ្ជាក់​ថា​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធ​នាការ​ឃោស​នា​បោះឆ្នោត​គណបក្សសម្ព័ន្ធដើម្បីប្រជា​ធិបតេយ្យ​បាន​ធ្វើ​ការ​តវ៉ាទៅ​កាន់ ​គ.ជ.ប និង​រដ្ឋសភាម្តង​រួច​មកហើយ​ពី​ការ​ប្រើ​ប្រាស់​សញ្ញា​ក្នុង​ការ​បោះឆ្នោត​នេះ​ដោយ​ថា ការ​គូស​សញ្ញា​ណា​ក៏​បាន​ក្នុង​ប្រអប់​​ឆ្នោត​ធំ​ទ្រវែងនោះ​វា​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ការ​​សំងាត់​នៃ​ការ​បោះឆ្នោត​។

បើ​តាម​គម្រោង​គ.ជ.ប នឹង​ប្រកាសលទ្ធផល​បណ្តោះ​អាសន្នអំពី​សំឡេង​ឆ្នោត សន្លឹក​ឆ្នោត​បាន​ការ និង​មិន​បាន​ការ​នៅ​ថ្ងៃ​ទី​១១ សីហា​ខាង​មុខ ហើយ​បើ​សិន​ជា​គ្មាន​បណ្តឹង លទ្ធផល​ផ្លូវការ​ពីចំនួន​​អាសនៈ​សភាសម្រាប់​នីតិកាល​ថ្មី​នឹង​ប្រកាស​ថ្ងៃ​ទី​១៥​សីហាខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ