ការបកស្រាយផ្សេងគ្នារបស់ភាគីពាក់ព័ន្ធជុំវិញការបិទប្រព័ន្ធផ្សាយថ្ងៃបោះឆ្នោត​

ការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ ២០១៧

អំឡុងពេលបោះឆ្នោតអាណត្តិទី៦នេះ ក្រសួងព័ត៌មានបានបិទគេហទំព័រចំនួន១៧ ដែលក្នុងនោះរួមមានទាំង VOD, VOA, RFA និងគេហទំព័រភ្នំពេញប៉ុស្តិ៍ជាដើម។​ ក្រសួងព័ត៌មានបញ្ជាក់ថា មូលហេតុដែលខ្លួនសម្រេចឲ្យបិទគេហទំព័រទាំងនេះធ្វើឡើងតាមការស្នើរបស់គ ជ ប។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២៧ ខែកក្កដា បានចេញសេចក្តីអំពាវនាវទៅដល់គ្រប់គណបក្សនយោបាយ និង បណ្តាញសារព័ត៌មានទាំងអស់អោយស្ងប់ស្ងាត់ ក្នុងកំឡុងពេលបោះឆ្នោតថ្ងៃទី២៩ ក្នុងគោលបំណងរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ។

ក្នុងនោះដែរក្រសួងព័ត៌មានកាលពីថ្ងៃទី២៨ ខែកក្កដា ក៏បានចេញសេចក្តីប្រកាសអំពីការគ្រប់គ្រងពីផ្សព្វផ្សាយព័ត៌មានផ្សេងៗតាមគេហទំព័រ និង បណ្តាញសង្គមដែលដំណើរការដោយប្រព័ន្ធអីនធើណេត ដោយមិនអោយមានការផ្សព្វផ្សាយរាល់ ខ្លឹមសារព័ត៌មាន ឬជា អក្សរ សំឡេង រូបភាព វីដេអូ និងទម្រង់ផ្សេងៗទៀតតាមបណ្តាញទំនាក់ទំនងសង្គមដែលនាំឲ្យប៉ះពាល់ដល់ការបោះឆ្នោតនោះឡើយ ហើយក្រសួងប្រៃសនីយ៍ ជាមានតួនាទីក្នុងការបិទគេហទំព័រផ្សព្វផ្សាយព័ត៌មានទាំងនោះ។

គណៈកម្មាធិការការពារអ្នកសារព័ត៌មាន​ (Committee to Protect Journalists) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានថ្កោលទោសចលនារបស់រដ្ឋាភិបាលកម្ពុជាដែលបានបិទគេហទំព័រសារព័ត៌មាននៅកម្ពុជាកំឡុងពេលបោះឆ្នោត ហើយក៏បានអំពាវនាវអោយឈប់នូវការគ្រប់គ្រង និង ការបំពានលើប្រព័ន្ធផ្សព្វផ្សាយ។

តំណាងគណៈកម្មាធិការការពារអ្នកសារព័ត៌មាន​ប្រចាំអាស៊ីអាគ្នេយ៍ លោក Shawn Crispin បានថ្លែងថា៖

ខណៈដែលប្រទេសកម្ពុជាបន្លំលទ្ធិប្រជាធិបតេយ្យ រដ្ឋមន្ត្រីកម្ពុជារវល់រារាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលអាចបញ្ចាំងពន្លឺនៃការបោះឆ្នោតរបស់ខ្លួន»។ លោកបានបន្តថា «ប្រសិនបើប្រទេសកម្ពុជាពិតជាចង់បង្ហាញពីលទ្ធិប្រជាធិបតេយ្យទៅពិភពលោកមែននោះ វាត្រូវតែបញ្ឈប់ការគ្រប់គ្រងនិងការបៀតបៀនប្រព័ន្ធផ្សព្វផ្សាយ

អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង  បានឲ្យដឹងថា វាជាផ្នែកមួយនៃចំណាត់ការរបស់់អាជ្ញាធរដែលទប់ស្កាត់ រារាំងការផ្សាយនឹងនៅក្នុងថ្ងៃស ព្រោះវាមានឥទ្ធិពលលើការបោះឆ្នោត។

នេះជាចំណាត់ការរបស់អាជ្ញាធរ ចឹងវាពាក់ព័ន្ធនឹងរឿងការបិទថ្ងៃសនឹងព្រោះអី ថ្ងៃនឹងគេអត់ឲ្យយាយអី ហើយអ្នកដែលវាយប្រហារពីក្រៅមក ដូច្នេះក្រសួងរៀបចំរារាំងការផ្សាយនឹងនៅក្នុងថ្ងៃសនឹង វាមានឥទ្ធិពលលើការបោះឆ្នោត

អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ច្បាប់នឹងទិដ្ឋភាពបោះឆ្នោតគឺមានលក្ខណៈដដែល គ្រាន់តែគ.ជ.បសុំឲ្យមានសហប្រតិបត្តិការជាមួយនឹងក្រសួងពាក់ព័ន្ធនានាក្នុងការចូលរួមអនុវត្តច្បាប់។

[…] អាណត្តិនេះនឹងមិនមានបញ្ហារឹតត្បិតទេ ដូចតែគ្នា ច្បាប់ដូចតែគ្នាទេណា មែនទៅ គ.ជ.ប អត់មានប្រកាសបិទទេណា គ.ជ.ប គ្រាន់តែស្នើសុំកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងពាក់ព័ន្ធនេះ ក្រសួងពាក់ព័ន្ធនឹងគឺថាក្នុងការចូលរួមអនុវត្តច្បាប់ ចឹងបើសិនជាក្រសួងណាយល់ឃើញថាសកម្មភាពណាមួយដែលមិនស្របច្បាប់ នោះអឺ ក្រសួងនោះគេចាត់ចែងតាមជំនាញរបស់ខ្លួន

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប

គណៈកម្មាធិការការពារអ្នកសារព័ត៌មានបានលើកឡើងទៀតថា ចំណាត់របស់រដ្ឋាភិបាលនេះ ធ្វើឡើងលំអៀងគឺ ប្រព័ន្ធផ្សព្វផ្សាយណា ដែលហ៊ានរិះគន់រដ្ឋាភិបាល ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតគាំទ្រវិញទុកឲ្យដំណើរការធម្មតា។​

ឆ្លើយតបករណីនេះ លោក ណុប វី នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃ CCIM អះអាងថា VOD ជាគម្រោងមួយរបស់CCIM ហើយ CCIM បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ដូច្នេះលោកថា VOD មានតួនាទីស្របច្បាប់ផ្តល់ព័ត៌មានពិតដល់ពលរដ្ឋជាង១០ឆ្នាំមកហើយ។ ចំណែកការបិទនោះលោកថា គ្រាន់តែជាលេសមួយដែលមិនអាចទទួលយកបានទេ។​

លោក ណុប វី ក៏បានសម្តែងការព្រួយបារម្ភថា ការបិទគេទំព័រទាំងនេះធ្វើឲ្យប៉ះពាល់ព្រោះពលរដ្ឋកំពុងតែត្រូវការព័ត៌មានពិតពីដំណើរការបោះឆ្នោត។​

ទោះយ៉ាងណាគេហទំព័រទាំង១៧នោះ ក្រសួងបើកឲ្យដំណើរការវិញនៅល្ងាចថ្ងៃទី២៩ខែកក្កដា ក្រោយការបិទ២ថ្ងៃ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ