អាជ្ញាធរខ័ណ្ឌឬស្សី​កែវ​ ត្រៀម​ប្តឹង​មន្ត្រី​ជាន់​ខ្ពស់ក្រសួង​យុត្តិធម៌ម្នាក់​

សាលាខណ្ឌឬស្សីកែវ (រូបភាព៖ ហ្វេសប៊ុក សាលាខណ្ឌប្ញស្សីកែវ)

អាជ្ញាធរខ័ណ្ឌឬស្សី​កែវ​ ថាខ្លួនកំពុងរៀបចំបណ្ដឹង​ប្តឹងមន្ត្រីក្រសួងយុត្តិធម៌មា្នក់​ពី​បទរារាំងមន្រ្តី​រាជការសាធារណៈ។

យោងទៅតាមលោក សន សោភ័ណ្ឌ ប្រធានរដ្ឋបាលខ័ណ្ឌឬស្សីកែវបានអោយ​ដឹង​ថា អាជ្ញាធរខ័ណ្ឌឬស្សី​កែវ​កំពុងតែរៀបចំឯកសារ ត្រៀម​ប្តឹង​​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌លោក មាស សាវឿន និង ​ប្រជាពលរដ្ឋមួយក្រុម​​ពីបទរារាំងមន្រ្តី​រាជការសាធារណៈ។ លោក​បានបន្ត​ថា ម្ចាស់ដីដែល​ត្រូវលោក មាស សាវឿនបំពាន ក៏កំពុងតែរៀបចំឯកសារត្រៀម​ប្តឹងលោក​ផងដែរ​ ពីបទរំលោភដីធ្លី​។​

លោក​សោភ័ណ្ឌបាន​ប្រាប់ថា៖« ដីរបស់គេមានប័ណ្ឌរឹង។​ គេកំពុង​រៀបចំឯកសារប្តឹងហើយ ប្តឹងផ្លូវច្បាប់ហើយ បទល្មើស២ដែលអាចពាក់ព័ន្ធ ទី​មួយគឺរារាំងរាជការសាធារណៈ […]ទីពីររំលោភដីគេ ដីគេមានប័ណ្ឌរឹង ដីមានប័ណ្ឌរឹង ឥឡូវកំពុងរៀបចំឯកសារទៅហើយ បើនិយាយឲ្យខ្លីប៉ុណ្ណេះ»

លោក ជា ពិសី អភិបាលខ័ណ្ឌឬស្សីកែវ​ បាននិយាយ​លើ​ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក​ថា ក្រុមប្រជាពលរដ្ឋ​ដែល​តវ៉ាកាលពីម្សិលមិញ​មិន​មែនជាម្ចាស់ដីពិត​ប្រាកដនោះឡើយ ពោល​គឺពួកគាត់គ្រាន់តែជាកម្មករស៊ីឈ្នួលឲ្យ​លោក​មាស សាវឿនតែប៉ុណ្ណោះ។

យោងទៅតាមវីដេអូផ្សាយផ្ទាល់​របស់​ទំព័រ​ហ្វេសប៊ុកទំព័រ BBN ​news ប្រជាពលរដ្ឋដែលប៉ះទង្គិចជាមួយអាជ្ញាធរបាននិយាយថា ដីដែលពួកគាត់តវ៉ានោះ​ ជារបស់លោក មាស សាវឿន ដែល​ត្រូវបានអាជ្ញារធរឃុបឃិតជាមួយលោក​ស្រី លឹម វណ្ណា លួចធ្វើឯកសារ រំលោភយក។ ប៉ុន្តែអាជ្ញាធរខណ្ឌឬស្សីកែវ បានបដិសេធនឹងការលើកឡើងនេះ។​

វី.អូ.ឌី មិនអាចទាក់ទងសុំការបំភ្លឺពីលោក មាស សាវឿន បានទេនៅថ្ងៃនេះ។

កាលពីរសៀល​ម្សិលមិញនេះ មាន​ការប៉ះទង្គិចរវាង​ប្រជាជនដែលមានប្រដាប់ដោយកាំបិត ផ្គាក់ ហ្គាស ជាមួយនឹង​អាជ្ញាធរដែលមានគ្រឿងចក្រនិងឡានទឹក ទាក់ទិន​នឹង​ជម្លោះដីធ្លីរ៉ាំរ៉ៃមួយកន្លែង​នៅសង្កាត់ទួលសង្កែ២ ខ័ណ្ឌឬស្សី​កែវ ។ កាលពីខែមករាកន្លងមកអាជ្ញាធរក៏​ធ្លាប់បានចុះទៅ​វាយកម្ទេច​របងថ្មដែល​សង់លើ​ដី​ជម្លោះនេះម្តងរួចមកហើយដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ