បុរសវ័យកណ្ដាលម្នាក់មានជើងពិការទំាងសងខាង ដោយជើងម្ខាងជាជើងសិប្បនិមិ្មត និងម្ខាងទៀតកំបុតត្រឹមភ្លៅ មានសម្លៀកបំពាក់ប្រលាក់ដោយប្រេងម៉ាស៊ីន អង្គុយសំរាកនៅលើម៉ូតូកង់បីជនពិការរបស់ខ្លួន ជាមួយនឹងទឹកមុខនឿយហត់ ក្រោយត្រលប់ពីកន្លែងធ្វើការមកផ្ទះ។
លោក ហ៊ិន ប៊ុនថេន អាយុ ៥៥ឆ្នាំ អតីតនាយទាហានក្នុងអំឡុងទស្សវត្ស១៩៩០ ប៉ុន្តែជាអកុសលលោកបានរងគ្រោះដោយគ្រាប់មីនដែលបណ្ដាលឲ្យលោកធ្លាក់ខ្លួនពិការជើងទាំងពីរ។ បន្ទាប់ពីធ្លាក់ខ្លួនពិការ គ្រួសាររបស់លោកបានជួបបញ្ហាជីវភាពរស់នៅ។ មួយឆ្នាំក្រោយមក លោកប៊ុនថេន បានចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកដេរកាបូបនិងស្បែកជើង នៅអង្គការមួយ ក្នុងទីក្រុងភ្នំពេញ ដើម្បីឲ្យមានជំនាញដែលអាចប្រកបរបរចិញ្ចឹមគ្រួសារ។
ប៉ុន្តែការសិក្សាជំនាញនោះ មិនសូវទទួបានផ្លែផ្កា លោកក៏បានចូលបម្រើការងារនៅអង្គការ វី.អាយ.ស៊ី។ នៅក្នុងអង្គការវី.អាយ.ស៊ី លោកធ្វើការផងនិងរៀនធ្វើកង់រទេះជនពិការផង។ ដោយការតស៊ូនិងព្យាយាម ទើបលោកមានជំនាញពិតប្រាកដ ក្នុងការធ្វើម៉ូតូជនពិការ។
លោក ប៊ុនថេន បានប្រាប់វីអូឌីឲ្យដឹងថា ដោយមើលឃើញជនពិការជួបការលំបាកក្នុងការធ្វើដំណើរក៍ដូចជាការប្រកបរបរចិញ្ចឹមជីវិតហើយម្យ៉ាងវិញទៀត ប្រាក់ចំណូលរបស់លោកមិនអាចផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ដើម្បីឲ្យកូនសិក្សាបន្ដ លោកបានសម្រេចចិត្តចាប់យករបរមួយទៀត ដោយបើកហាងកែច្នៃម៉ូតូកង់បីជនពិការ។ លោកចំណាយពេលនាចុងសប្តាហ៍ដើម្បីធ្វើម៉ូតូជនពិការនេះ។
លោក ហ៊ិន ប៊ុនថេន អាយុ ៥៥ឆ្នាំ ម្ចាស់ទីតាំងកែច្នៃម៉ូតូកង់បីជនពិការ
ម៉ូតូកង់បីជនពិការនេះ ជាម៉ូតូដែលកែច្នៃដាក់កង់ថែមនៅផ្នែកខាងក្រោយចំនួនពីរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនៅលើដងផ្លូវ ដូចជាជួយទប់លំនឹងនិងបង្ការកុំឲ្យដួលជាយថាហេតុ ។ លោកក៏បានបញ្ជាក់ដែរថា ម៉ូតូកង់បីជនពិការនេះមិនមែនតែជនពិការប៉ុណ្ណោះទេដែលប្រើប្រាស់បាន ចាស់ជរាក៏អាចប្រើម៉ូតូនេះក្នុងការធ្វើដំណើរបានផងដែរ។
លោក សុខ វឿន អាយុ ៥៨ឆ្នាំ ជិះម៉ូតូកង់បីជនពិការ បានប្រាប់អ្នកសារព័ត៌មានវីអូឌីថា ចំពោះការប្រើប្រាស់ម៉ូតូនេះ ជួបបញ្ហាខូចបន្ដិចបន្ដួច ហើយមូលហេតុដែលលោកសម្រេចចិត្ដប្រើប្រាស់ម៉ូតូនេះ ដោយសារតែលោកអាចទៅធ្វើការបាន។ ម៉ូតូនេះដែរអាចជួយសម្រួលបានគ្រប់យ៉ាងសម្រាប់ការរស់នៅរបស់គាត់។
លោក សុខ វឿន អាយុ ៥៨ឆ្នាំ ជិះម៉ូតូកង់បីជនពិការ
លោក តិច ម៉េង ដែលជាអតិថិជនមកសាកសួរពីម៉ូតូកង់បីជនពិការ លោកបានប្រាប់វី.អូ.ឌីថា មូលហេតុដែលធ្វើឲ្យលោកមានចំណាប់អារម្មណ៍ចង់កែច្នៃម៉ូតូកង់បីជនពិការ ដោយសារតែលោកយល់ថាម៉ូតូនេះអាចជួយសម្រួលការធ្វើដំណើរ ដោយពុំរំខានដល់សមាជិកក្នុងគ្រួសាររបស់លោកក្នុការជូនទៅកន្លែងណាមួយ។
លោក តិច ម៉េង ដែលជាអតិថិជនមកសាកសួរពីម៉ូតូកង់បីជនពិការ
ហាងកែច្នៃម៉ូតូកង់បីជនពិការ ហ៊ិន ប៊ុនថេន ជាផ្ទះឈើមួយខ្នងនៅលើទឹកស្ថិតនៅខាងលិចផ្លូវជាតិលេខ៦ ស្ថិតនៅឆ្ងាយពីពេទ្យភ្នែកនិង ជនពិការ គៀន ឃ្លាំងប្រមាណ១០០ម៉ែត្រ ដោយខាងក្នុងផ្ទះពេញទៅដោយគ្រឿងបន្លាស់និង សំភារៈផ្សេងៗសម្រាប់កែច្នៃម៉ូតូ នៅតាមរនាប និងតាមជញ្ជាំងក្ដី។ ចំពោះគ្រឿងបន្លាស់ដែលប្រើប្រាស់ លោកប៊ុនថេន នាំចូលមកពីហាងផ្សេងៗ ក្នុងរាជធានីភ្នំពេញ ដោយលោកពុំប្រើប្រាស់សំភារៈមួយទឹកឡើយ ហើយសំភារៈខ្លះលោកបញ្ជាទិញតាមតម្រូវការរបស់លោក។
ហាងកែច្នៃម៉ូតូកង់បីជនពិការ បានបើកដំណើរការអស់រយៈពេល១០ឆ្នាំមកហើយ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះមានអ្នកយកម៉ូតូមកកែច្នៃច្រើន បន្ទាប់ពីលោកបានបង្ហោះព័ត៌មានអំពីការកែច្នែម៉ូតូជនពិការក្នុងគណនីហ្វេសប៊ុក ដើម្បីងាយស្រួលក្នុងការបញ្ជាទិញ។ ចំណែកឯតំលៃម៉ូតូ មួយកំណាត់ក្រោយ សំរាប់ម៉ូតូដាក់លេខមានតំលៃ ៣០០ដុល្លា ហើយម៉ូតូដែលអូតូមានតំលៃ ៣៥០ដុល្លា។
ចំពោះការធ្វើម៉ូតូកង់បីសម្រាប់ជនពិការនេះក៏បានធ្វើឲ្យលោកប៊ុនថេនជួបផលលំបាកខ្លះផងដែរ ដោយត្រូវរំកិលទៅមក ដើម្បីយកសំភារៈប្រើប្រាស់ធ្ងន់ៗ។
លោក ហ៊ិន ប៊ុនថេន អាយុ ៥៥ឆ្នាំ ម្ចាស់ទីតាំងកែច្នៃម៉ូតូកង់បីជនពិការ
លោក ប៊ុនថេន បានបន្ថែមថា បើទោះបីជាលោកពិការជើងពិតមែន តែលោកមិនដែលនឿយហត់ក្នុងការស្វះសែ្វងនិងធ្វើការងារមួយនេះទេ ដោយលោកយល់ថា វាអាចបញ្ជៀសការរើសអើង បើអ្នកពិការមានសមត្ថភាពអាចធ្វើការដូចមនុស្សទូទៅបាន។
លោក ហ៊ិន ប៊ុនថេន អាយុ ៥៥ឆ្នាំ ម្ចាស់ទីតាំងកែច្នៃម៉ូតូកង់បីជនពិការ
នាយកអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន បានប្រាប់វី.អូ.ឌី តាមបណ្ដាសង្គម (Whatsapp)ថាជនពិការដែលមាននៅក្នុងប្រទេសកម្ពុជាសរុបចំនួន ប្រមាណ ៥០០ ០០០នាក់ ដែលពិការដោយសារ ជម្ងឺទឹកនោមផ្អែម ទឹកនោមប្រៃ លើសឈាម គ្រោះថ្នាក់ចរាចរណ៍ ការផ្ទុះគ្រាប់មីន គ្រោះថ្នាក់ការងារ និងអភូតហេតុផ្សេងៗ។