មន្រ្តី​​អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយ ថាពលរដ្ឋកម្ពុជារងសម្ពាធឲ្យ​ទៅបោះឆ្នោត តែ គ.ជ.ប ច្រានចោល

លោក Phil Robertson នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) (រូបភាព៖ malaymail.com)

អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំអាស៊ី ថាពលរដ្ឋកម្ពុជាត្រូវបានគេដាក់សម្ពាធឲ្យ​ចេញទៅបោះឆ្នោត តែ គ.ជ.ប និងមន្រ្តីបក្សកាន់​អំណាចបដិសេធការចោទប្រកាន់នេះ។

លោក Phil Robertson មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានថ្លែងនៅក្នុងកិច្ចពិភាក្សាវិភាគពីដំណើរការនៃប្រជាធិបតេយ្យនៅកម្ពុជា នាទីក្រុងបាងកក​កាលពីម្សិល​មិញ​ថា ម្ចាស់ឆ្នោតត្រូវបាន​គេគំរាមកំហែងក្រោម​រូបភាពផ្សេងៗដើម្បីឲ្យពួកចេញទៅបោះឆ្នោត។

មេឃុំនឹងមិនចេញឯកសារផ្លូវការណាអោយឡើយរួមមានសៀវភៅគ្រួសារជាដើម ប្រសិនបើពួកគេមិនទៅបោះឆ្នោត។ […]ប្រធានភូមិ និងមេឃុំ​បានចាំមើលនៅការិយាល័យបោះឆ្នោតថាអ្នកណា ឬមិនទៅចូលរួមបោះឆ្នោត

លោក Phil Robertson អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)

លោក Phil Robertson ក៏បានដាក់​ការសង្ស័យផងដែរចំពោះចំនួនអ្នកចូលរួមបោះឆ្នោតអាណត្តិនេះ។

លោក Kingsley Abbott  ទីប្រឹក្សាច្បាប់ជាន់ខ្ពស់នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) បាននិយាយក្នុងកិច្ចពិភាក្សា​នោះដែរ​ថាដោយសារតែគណបក្សសង្គ្រោះជាតិ ត្រូវបានគេរំលាយ មានន័យថាគ្រប់ទីកន្លែងទាំងអស់នៅក្រោមអំណាចគណបក្សប្រជាជន ដូចនេះហើយអ្នកដែលធ្វើការថ្នាក់មូលដ្ឋានភាគច្រើន គឺរងសម្ពាធ​ពីការដែលគេត្រូវតែទៅបោះឆ្នោតដោយខានមិនបាន។

អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានច្រានចោលនូវបញ្ហាការចោទប្រកាន់ថាប្រជាពលរដ្ឋរងសម្ពាធ​ក្នុងឲ្យ​ទៅបោះឆ្នោត ហើយថាកិច្ចពិភាក្សាដែលរៀបចំកាលពីម្សិលមិញមិនអាចយកជាការបាននោះទេ។

នោះគ្រាន់តែជាការពិភាក្សាដែលរៀបចំឡើងក្នុងន័យ​ជំទាស់នឹងការបោះឆ្នោត ហើយស្មារតីជំទាស់នៃការបោះឆ្នោតនេះជាស្មារតីមិនស្របច្បាប់ ដែលការពន្យល់ម្តងហើយម្តងទៀតតាំងពីមុនបោះឆ្នោត ចឹងការសំដែងមតិនិងការពិភក្សាបែបនេះ មិនយកជាការបានទេ។ សំរាប់ការបោះឆ្នោតគឺ គ.ជ.ប បានរៀបចំតាមប្រក្រតីទិននិងតាមឆន្ទៈប្រជាពលរដ្ឋរួចហើយ

អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានបដិសេធពីការចោទប្រកាន់ថាប្រជាពលរដ្ឋទទួលសម្ពាធ​ឲ្យ​ទៅបោះឆ្នោត ដោយថាការដែលបំផុសប្រជាពលរដ្ឋមិនមែនជាគំនាបនោះទេ។

ខ្ញុំយល់ថាហ្នឹងជាការយល់ឃើញខុសធំណាស់ ការលើកទឹកចិត្តការអំពាវនាវអោយប្រជាពលរដ្ឋទៅបំពេញករណីកិច្ចរបស់ខ្លួនស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ មិនមែនជាការគាបសង្កត់ឬមួយដាក់សំពាធអីទេ [..] ប៉ុន្តែផ្ទុយទៅវិញអ្នកអំពាវនាវថាកុំអោយប្រជាជនទៅបោះនោះជាអ្នករារាំងប្រជាពលរដ្ឋមិនអោយគោរពសិទ្ធអនុវត្តច្បាប់របស់ខ្លួនទៅវិញទេ

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន

យោងតាម​របាយការណ៍របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត  ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នេះ មានចំនួ​ន ៦ ៨៨៥ ៧២៩ ស្មើនឹង ៨២,១៧ %  នៃចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតសរុប ៨ ៣៨០ ២១៧ នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ